ទឹកជ្រោះផ្អោកដែលមានទីតាំងស្ថិតនៅ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ជាកន្លែងកម្សាន្តសម្រាប់ជាជម្រើសមួយផងដែរ ហើយពិសេសជាងនេះ វាសម្បូរដោយត្បូងមានតម្លៃផងដែរ ។

ទឹកជ្រោះផ្អោក មានប្រវែងប្រមាណជា១.០០០ ម៉ែត្រ និងទទឹង២ម៉ែត្រ ដែលហូរពីលើភ្នំ ហើយកាត់ផ្ទាំថ្មតូច ។ រមណីយដ្ឋានទឹកជ្រោះផ្អោក មានទីតាំងនៅកន្លែងដែលសំបូរ ត្បូងមានតម្លៃ ព្រោះទោះបីជាខ្ចី ប៉ុន្តែក៏អាចយកមកកែច្នៃធ្វើគ្រឿងអលង្ការលម្អខ្លួនផងដែរ ក្រោយពេលដែលបាននាំគ្នាស្រស់ស្រូបអាហារ និងងូតទឹកលេងឲ្យត្រជាក់ខ្លួនរួចហើយនោះ ។

តាមប្រភពពីមន្ទីរទេសចរណ៍ខេត្តតាកែវ បានឲ្យដឹងថា រមណីដ្ឋាននេះពីមុន គឺជាអតីតកន្លែង ដែលប្រជាជនមកជីករកត្បូងមានតម្លៃ ប៉ុន្តែបច្ចុប្បន្នត្បូងនៅកន្លែងដែលប្រជាជនកំពុងលេងទឹកយ៉ាងសប្បាយបានខ្សត់ខ្សោយស្ទើរតែគ្មាន ដូច្នេះហើយទើបអ្នករកត្បូងគេឡើងទៅលើកំពូលភ្នំ និងព្រៃជ្រៅ ។

ត្បូងដែលសម្បូរជាងគេនៅម្តុំនោះមានដូចជា ត្បូងទឹកសមុទ្រ ត្បូងកញ្ចក់ ត្បូងផ្កាថ្ម ត្បូងមីសិល និងត្បូងឃ្មុំជាដើម ។ ត្បូងដែលគេរកបាននៅទីនោះ គឺគេលក់គិតជាគីឡូក្រាមដោយត្បូងពណ៌ទឹកសមុទ្រ មួយគីឡូក្រាមមានតម្លៃ ចន្លោះពី៣ម៉ឺនទៅ៦ម៉ឺនដុល្លារ បន្ទាប់មកត្បូងពណ៌ស មានតម្លៃមួយគីឡូជាង១.០០០ ដុល្លារ និង ត្បូងពណ៌កាហ្វេ មានតម្លៃថោកជាងគេត្រឹមតែ៥០ដុល្លារប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ