ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ស្ថិត​ក្រោម​ការ​តាមដាន​ខ្លាំង?

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក វ៉ាង យី (WANG Yi) សមាជិក​ការិយាល័យ​នយោបាយ និង​ជា​ប្រធាន​ការិយាល័យ​គណៈកម្មការ​កិច្ចការបរទេស​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​មក​ដល់​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ លោក វ៉ាង យី (WANG Yi) សមាជិក​ការិយាល័យ​នយោបាយ និង​ជា​ប្រធាន​ការិយាល័យ​គណៈកម្មការ​កិច្ចការបរទេស​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៤ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយ​:​ពេល​បី​ថ្ងៃ ដែល​គេ​ជឿ​ថា នឹង​មានការ​ពិភាក្សា​ដល់​កិច្ច​សហប្រតិបត្តិការ​សំខាន់​ៗ​រវាង​ប្រទេស​ទាំង​ពីរ ទាំង​លើ​ទិដ្ឋភាព​នយោបាយ សេដ្ឋកិច្ច និង​សន្តិសុខ ។

គេ​រំពឹង​ថា លោក វ៉ាង យី នឹង​ធ្វើការ​ពិភាក្សា​ជាមួយ​ឥស្សរជន​សំខាន់​ៗ​របស់​កម្ពុជា​ពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​សម្តេច​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​លើក​ប្រធានបទ​ជា​ច្រើន​ដូច​ជា​ទំនាក់ទំនង​ទ្វេភាគី​បញ្ហា​នយោបាយ សេដ្ឋកិច្ច សន្តិសុខ​ជាដើម ។ ទន្ទឹម​នោះ​ក៏​នឹង​មានការ​គូសបញ្ជាក់​អំពី​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មករ​វាង ប្រទេស​ទាំង​ពីរ ។

ទស្សនកិច្ច​របស់​លោក​វ៉ាង យី នៅ​កម្ពុជា​ពេល​នេះ​នឹង​ស្ថិត​នៅ​ក្រោម​ការ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​របស់​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ ខណ​:​ដែល​គម្រោង​ព្រែកជីក​តេ​ជោ ហ្វូ​ណ​ន​តម្លៃ​១,៧​ពាន់​លាន​ដុល្លារ បាន​ក្លាយជា​ប្រធានបទ​ក្តៅ​សម្រាប់​ការ​ពិភាក្សា​វែក​ញ៉ែ​ក បន្ទាប់​ពី​វៀតណាម​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​របស់​ខ្លួន​ចំពោះ​គម្រោង​នេះ​ដោយ​ភ័យ​ខ្លាច​ថា វា​អាច​នឹង​ក្លាយជា​មធ្យោបាយ​ដែល​ធ្វើ​អោយ​យោធា​ចិន​ចូល​កាន់តែ​ជិត​ដល់​ព្រំដែន​វៀតណាម និង​ផល​ប៉ះពាល់​ដល់​ទន្លេមេគង្គ ។ ប៉ុន្តែមេដឹកនាំ​កម្ពុជា​ទាំងអស់​បាន​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ថា គម្រោង​នេះ គឺ​មាន​លក្ខណៈ​សេដ្ឋកិច្ច និង​សង្គម​សុទ្ធសាធ ហើយ​ក៏​មិន​ប៉ះពាល់​ដល់​ទន្លេមេគង្គ​នោះ​ឡើយ ចំណែក​រដ្ឋធម្មនុញ្ញ​កម្ពុជា​ក៏​បាន​ចែង​ច្បាស់​ហើយ​ថា​មិន​អនុញ្ញាត​អោយ​មាន​វត្តមាន​កងទ័ព​បរទេស​នៅ​កម្ពុជា​ឡើយ​។ ពិសេស សម្តេច​តេ​ជោ​ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ថា វា​ជា​រឿងប្រឌិត ដែល​បរទេស​ភ្ជាប់​គម្រោង​ព្រែកជីក តេ​ជោ ហ្វូ​ណ​ន ទៅ​នឹង​លទ្ធភាព​ប្រើប្រាស់​ដោយ​យោធា​ចិន​ចូល​ជិត​ព្រំដែន​វៀតណាម ។

ជាមួយនឹង​ស្ថានភាព​ដូច្នេះ អ្នកវិភាគ និង​សារព័ត៌មាន​ចង់​ដឹង​ថា តើ គម្រោង​ព្រែកជីក តេ​ជោ ហ្វូ​ណ​ន នឹង​ស្ថិត​ក្នុង​ចំណោម​របៀប​វារ​:​ជា​ច្រើន ទៀត​នៃ​ការ​ពិភាក្សា​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក វ៉ាង យី នៅ​កម្ពុជា​ឬទេ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី​រហូត​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន ការ​បញ្ជាក់​ពី​ប្រភព​ខាង​រដ្ឋាភិបាល​កម្ពុជា​នៅឡើយ​ទេ ។ ខណ​:​ចិន​កំពុង​មាន​ឥទ្ធិពល​កាន់តែ​ខ្លាំង និង​ប្រកួតប្រជែង​ជាមួយ​អា​មេ​រិ​ក​នោះ​រាល់​ជំហាន និង​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​ចិន​តែង​ស្ថិត​នៅ​ក្រោម​ការ​តាមដាន​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​សារព័ត៌មាន និង​អ្នក​តាមដាន​សភាពការណ៍​អន្តរជាតិ ។

ទន្ទឹម​ពេល​ជាមួយ​គ្នា​នោះ សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ជា​បុរស​ខ្លាំង​នៅ​កម្ពុជា​នោះ​ក៏​ជា​មេដឹកនាំ​មួយ​រូប ដែល​ស្ថិត​ក្រោម​ការ​តាមដាន​ខ្លាំង​ផង​ដែរ ។ ដូច្នេះ​គេ​ក៏​ចង់​ដឹង​ថា តើ​ជំនួប​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក វ៉ាង យី នោះ​នឹង​និយាយ​ដល់​រឿង​អ្វីខ្លះ​ទាក់ទង​ទំនាក់ទំនង​ទ្វេភាគី និង​បញ្ហា​តំបន់ និង​អន្តរជាតិ ។

ក្នុង​អំឡុង​ទស្សនកិច្ច​នេះ លោក វ៉ាង យី នឹង​ចូល​ក្រាប​បង្គំ​គាល់ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រះ​បរមរាជវាំង ព្រមទាំង​អញ្ជើញ​ចូល​ជួប​សម្តែង​ការ​គួរសម​ដាច់​ដោយឡែក​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក វ៉ាង យី នឹង​ក្លាយជា​ប្រុ​មុខកា​ទូត​ដំបូង​គេ​ដែល​នឹង​ជួប​សម្តេច​តេ​ជោ​ក្នុង​នាម​សម្តេច ជា​ប្រធាន ព្រឹ​ទ្ឋ​សភា​។
សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​១៨ ខែ មេ​សា បានអោយ​ដឹង​ថា លោក វ៉ាង យី នឹង​ធ្វើ​ជា​សហ​ប្រធាន​ជាមួយ លោក ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល អន្តររដ្ឋាភិបាល​កម្ពុជា​-​ចិន​លើក​ទី​៧ ។ លោក​ក៏​នឹង​អញ្ជើញ​ជួប​ពិភាក្សា ទ្វេភាគី​ជាមួយ លោក សុខ ចិន្តា​សោភា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ដើម្បី​ផ្លាស់​ប្តូរ​ទស្សនៈ​អំពី​ការ​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ដ៏​ជិត​ស្និទ្ធ និង​ល្អ​ប្រសើរ​ដែល​មាន ស្រាប់​លើ​គ្រប់​វិស័យ ។

សូម​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​នា​ពេល​ខាង​មុខ​នេះ​ធ្វើ​ឡើង​ស្រប​ពេល នឹង​ការ​ប្រារព្ធ​ឆ្នាំ​នៃ​ការ​ផ្លាស់​ប្តូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា​-​ចិន ហើយនឹង​រួមចំណែក​ដល់​ការ​ពង្រឹង​មិត្តភាព​ដែកថែប និង​ពង្រីក​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ធ្វើ​ឱ្យ​ស៊ីជម្រៅ​នូវ​ការ​កសាង​សហគមន៍​វាសនា​រួម​ប្រកបដោយ​គុណភាព​ខ្ពស់ កម្រិត​ខ្ពស់ និង​ស្តង់ដា​ខ្ពស់​លើកកម្ពស់​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ ព្រមទាំង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​វេទិកា​តំបន់ និង អន្តរជាតិ ដើម្បី​ជា​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​សម្រាប់​ប្រទេស និង ប្រជាជន​ទាំង​ពីរ ។

ខណៈ​កម្ពុជា​កំពុង​ព្យាយាម​រុញ​សន្ទុះ​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​អោយ​កាន់តែ​ខ្លាំង​នោះ មេដឹកនាំ​កម្ពុជា​ទំនងជា​នឹង​បង្ហាញ​ផង​ដែរ​ពី​គោលបំណង​របស់​ខ្លួន ដើម្បី​អោយ​ចិន​មក​វិនិយោគ និង​ទេសចរណ៍​នៅ​កម្ពុជា​កាន់តែ​ច្រើន​ថែម​ទៀត ហើយ​ក៏​នឹង​ជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ ។

រហូត​មក​ដល់​ពេល​នេះ ចិន គឺជា​ប្រទេស​ដែល​មាន​សារសំខាន់​បំផុត​សម្រាប់​ការ​រីក​ចម្រើន សេដ្ឋកិច្ច​នៅ​កម្ពុជា ទាំង​វិស័យ​ពាណិជ្ជកម្ម ទេសចរណ៍ និង​វិនិយោគ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ