(ជប៉ុន)៖ ពែងតែ ធ្វើពីមាសតម្លៃប្រហែល ១០លានយ៉េន (៦៥,០០០ដុល្លារ) ដែលចោរលួច ក្នុងពិពណ៌នៅទីក្រុងតូក្យូ ត្រូវបានប៉ូលិសរកឃើញនៅហាងជជុះមួយ ក្នុងសង្កាត់ Taito ទីក្រុងតូក្យូ ប្រទេសជប៉ុន ហើយបុរសម្នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែមេសា ពីបទលួច នេះបើយោងតាម សារព័ត៌មាន Kyodo News ។

បុរសវ័យ៣៥ឆ្នាំរូបនេះបានប្រាប់ប៉ូលីសថា ដំបូងខ្លួនលួចព្រោះតែចង់យកមកប្រើដើម្បីផឹកតែ ប៉ុន្តែបន្ទាប់ពីបានដឹងពីតម្លៃពិត បុរសរូបនេះបានប្ដូរចិត្តលក់វាវិញ ហើយក៏បានយកពែងតែទៅលក់ នៅហាងលក់វត្ថុបុរាណមួយនៅ Koto Ward ក្នុងតម្លៃ ១.៨លានយ៉េន។ បន្ទាប់មក ពែងតែមាសនោះត្រូវបានលក់បន្តទៅឱ្យមនុស្សម្នាក់នៅក្នុងសង្កាត់ Taito Ward ហើយត្រូវបានប៉ូលិសរឹបអូស។
ប៉ុន្តែប៉ូលិសសង្ស័យតាំងពីដើមមកថា បុរសខាងលើ មានចេតនាលួចដើម្បីយកទៅលក់តាំងពីដំបូង ដោយអំពើចោរកម្មនេះបានកើតឡើងកាលពីវេលាថ្ងៃត្រង់ថ្ងៃទី១១ ខែមេសា នៅជាន់ទី៨ នៃផ្សារទំនើប Takashimaya កាមេរ៉ាសុវត្ថិភាពបានថតសកម្មភាព បុរសខាងលើយកចានចេញពីប្រអប់ ហើយលាក់វានៅក្នុងកាបូបស្ពាយ។

សូមរំលឹកថា ពែងតែ ធ្វើពីមាស ២៤ការ៉ាត់ ដែលចោរបានលួចនោះ បង្កើតឡើងដោយ Koichi Ishikawa ដែលជាជាងមាសដ៏ល្បីម្នាក់ សិល្បៈហត្ថកម្មរបស់គាត់បានឈ្នះពានរង្វាន់ពីអភិបាលក្រុងតូក្យូដ៏ក្នុងឆ្នាំ១៩៨៨៕
ចែករំលែកព័តមាននេះ