ខេត្តព្រះវិហារ ៖ ទីតាំងរណ្តៅជីករុករករ៉ែមាសខុសច្បាប់ចំនួន៤កន្លែង ត្រូវបានកម្លាំងចម្រុះរបស់ខេត្តចុះបង្ក្រាប និងកម្ទេចចោល ហើយរឹបអូសបានសម្ភារជាច្រើយមួយចំនួនធំដឹកយកមករក្សាទុក ។

ការចុះបង្ក្រាបទីតាំងរ៉ែមាសខុសច្បាប់របស់ក្រុមចម្រុះនោះដែរ ដឹកនាំដោយលោក ស្រេង វុទ្ឋា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានចុះពិនិត្យមើលនៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ស្ថិតត្រង់ចំណុចភ្នំអន្លុង ភូមិរំដេង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ។
ឈានដល់ការបង្ក្រាបនោះ សមត្ថកិច្ចជំនាញបានសហការជាមួយកម្លាំងចម្រុះចុះបង្ក្រាបទីតាំងជីកយករ៉ែមាសដោយខុសច្បាប់នៅចំណុចខាងលើនោះ រកឃើញរណ្តៅរ៉ែមាសចំនួន៤រណ្តៅ ត្រូវបានយកគ្រឿងចក្រកាយកម្ទេចចោល និងរឹបអូសសម្ភារមួយចំនួនមានដូចជា ម៉ូតូចំនួន៦គ្រឿង ម៉ាស៊ីនខ្យល់មួយគ្រឿងដឹកយកមករក្សាទុកនៅមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមនិតិវិធី។

លោក ស៊ុន ចន្ទ័រក្សា បានឱ្យអ្នកសារព័ត៌មានដឹងថា កន្លងមក មន្ទីរជំនាញសហការជាមួយអាជ្ញាធរស្រុករវៀង តែងតែចុះផ្សព្វផ្សាយហាមប្រាមប្រជាពលរដ្ឋ កុំឱ្យនាំគ្នាជីករ៉ែមាសដែលមានរណ្តៅជ្រៅៗ អាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ។ ប្រសិនជាជីកយករ៉ែមាសត្រឹមរណ្តៅរាក់ ឬបាញ់ឈីត អាជ្ញាធរនឹងមន្ទីរជំនាញមិនហាមឃាត់ទេ ពីព្រោះជាឆ្នាំងបាយរបស់ពលរដ្ឋ។
គេសង្កេតឃើញថា រណ្តៅរ៉ែមាសខ្លះមានជម្រៅរហូតដល់ទៅ ៥០ ឬ១០០ម៉ែត្រក៏មាន ។ រណ្តៅជ្រៅៗបែបនេះនាំឱ្យមានគ្រោះថ្នាក់រហូតបាត់បង់ជីវិតថែមទៀតផងដូចនេះមន្ទីរជំនាញនិងអាជ្ញាធរត្រូវតែធ្វើការហាមឃាត់ ក្នុងន័យដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋតែប៉ុណ្ណោះ ៕


ចែករំលែកព័តមាននេះ