ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ថា​ផែន​ការ​សន្តិ​ភាព​ដែល​ផ្ដួច​ផ្ដើម​ដោយ​អ៊ុយ​ក្រែន​គ្មាន​ខ្លឹម​សារ​ទេ

4 អាទិត្យ មុន

ទី​ក្រុង​ម៉ូស្គូ៖ រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី​ លោក​ឡាវ​រ៉ោហ្វ នៅ​ក្នុង​បទ​សម្ភាស​នៅ​ថ្ងៃ​សុក្រ​នេះ​ លោក​ថ្លែង​ថា​​ផែន​ការ​សន្តិ​ភាព​ដែល​ផ្ដួច​ផ្ដើម​ឡើង​ដោយ​អ៊ុយ​ក្រែន​​​គ្មាន​ខ្លឹម​សារ (pointless) ​​ព្រោះ​ភ្ជាប់​លក្ខ​ខណ្ឌ​​​មិន​អាច​ទទួល​យក​បាន​។​ ឧទាហរណ៍ ការ​កំណត់​លក្ខ​ខណ្ឌ​ឱ្យ​រុស្ស៊ី​ដក​ខ្លួន​ចេញ​ពី​តំបន់​ដែល​ខ្លួន​កំពុង​កាន់​កាប់​។ លោក​ថ្លែង​ប្រាប់​ទិនា​នុប្បវត្តិ​​​រុស្ស៊ី​ឈ្មោះ​អ៊ីស​វេស​ត្យា​…

ទី​ក្រុង​ម៉ូស្គូ៖ រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី​ លោក​ឡាវ​រ៉ោហ្វ នៅ​ក្នុង​បទ​សម្ភាស​នៅ​ថ្ងៃ​សុក្រ​នេះ​ លោក​ថ្លែង​ថា​​ផែន​ការ​សន្តិ​ភាព​ដែល​ផ្ដួច​ផ្ដើម​ឡើង​ដោយ​អ៊ុយ​ក្រែន​​​គ្មាន​ខ្លឹម​សារ (pointless) ​​ព្រោះ​ភ្ជាប់​លក្ខ​ខណ្ឌ​​​មិន​អាច​ទទួល​យក​បាន​។​ ឧទាហរណ៍ ការ​កំណត់​លក្ខ​ខណ្ឌ​ឱ្យ​រុស្ស៊ី​ដក​ខ្លួន​ចេញ​ពី​តំបន់​ដែល​ខ្លួន​កំពុង​កាន់​កាប់​។ លោក​ថ្លែង​ប្រាប់​ទិនា​នុប្បវត្តិ​​​រុស្ស៊ី​ឈ្មោះ​អ៊ីស​វេស​ត្យា​ (Izvestia) ថា​គម្រោង​រៀប​ចំ​សន្និសីទ​កំពូល​ដើម្បី​ដោះ​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន​​មិន​អាច​ជោគ​ជ័យ​ទៅ​រួច​ទេ​លុះ​ត្រា​តែ​កែ​សម្រួល​ឡើង​វិញ​នូវ​លក្ខ​ខណ្ឌ​ជា​មូល​ដ្ឋាន​​។ នៅ​ក្នុង​ចំណោម​នោះ លោក​យល់​ថា​ត្រូវ​អនុញ្ញាត​ឱ្យ​​​រុស្ស៊ី​មាន​សិទ្ធិ​ចូល​រួម​។

លោក​ថ្លែង​ថា​យើង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​​ដើម្បី​ចូល​រួម​ពិភាក្សា​គ្នា​។ ប៉ុន្តែ​មិន​គាំទ្រ​ផែន​ការ​សន្តិ​ភាព​តាម​សំណើរបស់​លោក​ហ្សេឡិនស្គី​ទេ​។ រឿង​អ្វី​ដែល​ក្រុម​អ្នក​នយោបាយ​ធំៗ​នៅ​វ៉ាស៊ីនតោន ប្រ៊ុចសែល ឡុនដុន ប៉ារីស ឬ​ប៊ែឡាំង​ចេះ​ហារ​មាត់​និយាយ​ទៅ​រួច​ថា​គ្មាន​ជម្រើស​ផ្សេង​ទេ​។ ត្រូវ​តែ​ធ្វើ​តាម​ផែន​ការ​របស់​ហ្សេឡិន​ស្គី។ លោក​ឡាវ​រ៉ោហ្វ​ចាត់​ទុក​ថា​មិន​អាច​ទទួលយក​បាន​លក្ខ​ខណ្ឌ​នៃ​ផែន​ការ​សន្តិ​ភាព​នោះ​ដែល​ទាម​ទារ​ឱ្យ​រុស្ស៊ី​ដក​កង​ទ័ព​ចេញ​ពី​តំបន់​ដែល​ខ្លួន​កំពុង​ត្រួត​ត្រា​។

សូម្បី​តែ​តំបន់​គ្រីម៉េ​ដែល​រុស្ស៊ី​ដាក់​បញ្ចូល​ជា​ទឹក​ដី​រុស្ស៊ី​តាំង​ពី​ឆ្នាំ​២០១៤​ក៏​ត្រូ​វប្រគល់​ទៅ​ឱ្យ​អ៊ុយ​ក្រែន​វិញ​ដែរ​ ហើយ​ឱ្យ​​រុស្ស៊ី​​​​ទទួល​ស្គាល់​ឡើ​ងវិញ​ព្រំ​ដែន​អ៊ុយ​ក្រែន​ឆ្នាំ​១៩៩១​ក្រោយ​ពេល​សូវៀត​ដួល​រលំ​។ មិន​តែ​ប៉ុណ្ណោះ នៅ​ក្នុង​ផែន​ការ​សន្តិ​ភាព​នោះ​ក៏​តម្រូវ​ឱ្យ​រុស្ស៊ី​ទទួល​ខុស​ត្រូវ​ចំពោះទង្វើ​ឈ្លាន​ពាន​របស់​ខ្លួន​ទៅ​លើ​អ៊ុយ​ក្រែន​ដែល​ចាប់​ផ្ដើម​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០២២​។​

សូម​ជម្រាប​ថា​លោក​ហ្សេឡិន​ស្គី​ច្រាន​ចោល​គម្រោង​ចរ​ចា​ណា​ទាំង​អស់​​ជា​មួយ​ទី​ក្រុង​ម៉ូស្គូ​លើក​លែង​តែ​ចរ​ចា​តាម​ផែន​ការ​សន្តិ​ភាព​របស់​លោក។ លោក​ឡាវរ៉ោហ្វ​ថ្លែង​ថា​លោក​បាន​ជួប​មន្ត្រី​រដ្ឋាភិបាល​ និង​ក្រុម​អ្នក​ការ​ទូត​របស់​ប្រទេស​ស្វីស​រួច​ហើយ​​។ ពួក​គេ​ធានា​អះអាង​​ប្រាប់​លោក​ថា​គម្រោង​រៀប​ចំ​សន្និ​សីទកំពូល​ដើម្បី​ស្វែង​រក​សន្តិភាព​នៅ​អ៊ុយ​ក្រែន​ដែល​ស្វីស​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នោះ​ក៏​មាន​ចំណែក​គណៈ​ប្រតិ​ភូ​រុស្ស៊ី​ចូល​រួម​ដែរ​ ហើយ​ត្រូវ​ធ្វើ​ឡើង​ដោយ​ផ្អែក​ទៅ​តាម​លក្ខ​ខណ្ឌ​ប្រាកដ​និយម​។​

យោង​តាម​លោក​ឡាវ​រ៉ោហ្វ, ​មន្ត្រី​រដ្ឋា​ភិបាល​ស្វីស​យល់​ថា​បើ​គ្មាន​ចំណែក​របស់​រុស្ស៊ី​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​​នាពេល​ខាង​មុខ​នេះ​ទេ គេ​ក៏​មិន​អាច​រក​ឃើញ​ដំណោះ​ស្រាយ​ពិត​ប្រាកដ​បាន​​ដែរ​។ ​បើ​មិន​​ឱ្យ​រុស្ស៊ី​ចូល​រួម​នៅ​ក្នុង​​សន្និសីទ​​នេះ​ទេ​មាន​ន័យ​ថា​មិន​ស្មើ​ភាព​គ្នា​ទាល់​តែ​សោះ​​ (unfair)​។ បើ​គ្មាន​រុស្ស៊ី​ចូល​រួម​ទេ​ លទ្ធ​ផល​នៃ​កិច្ច​ប្រជុំ​មិន​អាច​ចាត់​ទុក​ជា​បាន​ការ។​​

លោក​ឡាវរ៉ោហ្វ​ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា​សំណើ​របស់​ប្រទេស​អាមេរិក (​ដែល​ចង់​ពិភាក្សា​គ្នា​ជា​មួយ​រុស្ស៊ី​អំពី​កិច្ច​ព្រម​ព្រៀង​សព្វា​វុធ​​ដោយ​មិន​ផ្សារ​ភ្ជាប់​គ្នា​ជា​មួយ​បញ្ហា​អ៊ុយ​ក្រែន) ​ហាក់​ដូច​ជា​មិន​សូវ​សម​ទំនង​។ លោក​ថ្លែង​ប្រាប់​ទិនា​នុប​វត្ត​ន៍​រុស្ស៊ី​ខាង​លើ​នេះ​​ថា​បើ​ស្ដាប់​ទៅ​ហាក់​ដូច​ជា​រឿង​គួរ​ឱ្យ​អស់​សំណើច​ ហើយ​មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ពិត​ប្រាកដ​របស់​រដ្ឋាភិបាល​ទី​ក្រុង​វ៉ាស៊ីនតោន​ទេ​ដែល​ត្រូវ​ប្រកាន់​យក​នយោបាយ​ការ​បរទេស​បែប​នេះ​។ ធ្វើ​បែប​​នេះ​មាន​ន័យ​ថា​នយោបាយ​ការ​បរទេស​របស់​អាមេរិក​អនុ​វត្ត​ដោយ​ក្រុម​មនុស្ស​ដែល​មិន​ស្គាល់​នយោបាយ​ការ​ទូត​ផង​ហ្នឹង​៕

ប្រភព៖ Reuters
https://www.reuters.com/world/europe/russias-lavrov-tells-newspaper-that-ukraine-peace-plan-is-pointless-2024-03-29/

អត្ថបទ​ដែល​ពាក់​ព័ន្ធនឹង​ប្រធាន​បទ​នេះ
ស្វីសស្ម័គ្រ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស្វែង​រក​ដំណោះ​ស្រាយ​សន្តិ​ភាព​នៅ​អ៊ុយក្រែន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ