ញាក់សាច់! កំណាត់ឈើសង្គ្រោះជីវិត Rose ក្នុងរឿងទីតានិក លក់បានថ្លៃកប់ពពក
សហរដ្ឋអាម៉េរិក ៖ ដូចដឹងស្រាប់ហើយថា ខ្សែភាពយន្ត «ទីតានិក» (Titanic) ឆ្នាំ ១៩៩៧ គឺជាខ្សែ
សហរដ្ឋអាម៉េរិក ៖ ដូចដឹងស្រាប់ហើយថា ខ្សែភាពយន្ត «ទីតានិក» (Titanic) ឆ្នាំ ១៩៩៧ គឺជាខ្សែ
សហរដ្ឋអាម៉េរិក ៖ ដូចដឹងស្រាប់ហើយថា ខ្សែភាពយន្ត «ទីតានិក» (Titanic) ឆ្នាំ ១៩៩៧ គឺជាខ្សែភាពយន្តដ៏ល្បីល្បាញបំផុតទូទាំងពិភពលោក ផលិតដោយសហរដ្ឋអាម៉េរិក ដែលនិពន្ធ ផលិត និងកែសម្រួលដោយផលិតករជនជាតិកាណាដា លោក James Cameron ដោយមានឈុតឆាកជក់ចិត្តគ្រប់រសជាតិ រួមទាំងមនោសញ្ចេតនា និងភាពរន្ធត់ជាច្រើន ដែលបង្កការជជែកវែកញែកយ៉ាងក្ដៅគគុកបំផុត នៅក្នុងប្រវត្តិសាស្ត្រភាពយន្តសម័យទំនើប។
ជាក់ស្តែង ប្រភពពីសារព័ត៌មាន CNN កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានរាយការណ៍ថា កំណាត់ឈើទ្រសង្គ្រោះជីវិតតួស្រី Rose DeWitt Bukater សម្ដែងដោយលោកស្រី Kate Winslet ពីការត្រាំក្នុងទឹកសមុទ្រដ៏ត្រជាក់ និងត្រូវបានតោងដោយតួប្រុស Jack Dawson សម្ដែងដោយលោក Leonardo DiCaprio មុនស្លាប់ ព្រោះមិនអាចស៊ូទ្រាំទឹកសមុទ្រដ៏ត្រជាក់បាននោះ លក់បានតម្លៃរហូតដល់ ៧១៨,៧៥០ដុល្លារអាម៉េរិក នៅឯការដេញថ្លៃរបស់ក្រុមហ៊ុន Heritage Auctions ដែលមានមូលដ្ឋាននៅទីក្រុងដាឡាស (Dallas) រដ្ឋតិចសាស់ (Texas)។
ប្រភពពីគេហទំព័រ Entertainment Weekly តម្លៃកំណាត់ឈើទ្រសង្គ្រោះជីវិត Rose ឈរនៅកំពូលតារាងនៃការដេញថ្លៃរបស់ Heritage Auctions ខណៈដែលរំពាត់ខ្សែតីប្រើដោយតួប្រុសក្នុងខ្សែភាពយន្ត Indiana Jones សម្ដែងដោយលោក Harrison Ford វគ្គទី២ «The Temple of Doom» លក់បានតម្លៃ ៥២៥,០០០ដុល្លារ។
កន្លងមក អ្នកគ្រប់គ្នាតែងតែយល់ច្រឡំថា កំណាត់ឈើទ្រសង្គ្រោះជីវិត Rose គឺជាទ្វារ ប៉ុន្តែតាមពិតទៅ កំណាត់ឈើនោះ គឺជាកំណាត់ឈើស៊ុមទ្វារខាងលើនៃច្រកចូលបន្ទប់ទទួលភ្ញៀវថ្នាក់ទី១ របស់កប៉ាល់ទីតានិក។
មិនតែប៉ុណ្ណោះ អ្នកទស្សនាជាច្រើនក៏មានមន្ទិល និងភាពមិនសមហេតុផលថា កំណាត់ឈើមានទំហំធំអាចផ្ទុកមនុស្សបាន២នាក់ ដែលមានន័យថា Jack អាចរស់រានមានជីវិត បើគេឡើងលើកំណាត់ឈើជាមួយ Rose។ ប៉ុន្តែពាក់ព័ន្ធនឹងការវែកញែកនេះ នៅឆ្នាំ ២០២២ ដែលជាឆ្នាំនៃខួបលើកទី២៥ របស់ខ្សែភាពយន្តទីតានិក អ្នកដឹកនាំរឿង James Cameron បានបកស្រាយថា «យើងបានធ្វើការសិក្សាតាមបែបវិទ្យាសាស្ត្រមួយ យើងបានយកតួជំនួសពីរនាក់ ដែលមានរាងកាយដូចគ្នា Kate និង Leo ហើយបានដាក់ឧបករណ៍ចាប់សញ្ញាលើពួកគេ និងដាក់ពួកគេក្នុងអាងទឹកកក ហើយយើងបានធ្វើតែស្តដើម្បីមើលថា តើពួកគេអាចរស់បានតាមរយៈវិធីផ្សេងៗបែបណា? ប៉ុន្តែចុងក្រោយ ចម្លើយបានបង្ហាញថា គ្មានផ្លូវទេ ដែលពួកគេទាំងពីរនាក់អាចរួចជីវិត ដោយមានតែម្នាក់ប៉ុណ្ណោះ អាចរស់រានមានជីវិតបាន»។
គួរបញ្ជាក់ថា ខ្សែភាពយន្ត «ទីតានិក» បានចំណាយដើមទុននៅក្នុងការផលិតចំនួន ២០០លានដុល្លារ ប៉ុន្តែកើបចំណូលសរុបបាន ២.២៦ពាន់លានដុល្លារ ដោយបានបំបែកកំណត់ត្រាជាច្រើននៅ Box Office ហើយបច្ចុប្បន្នកំពុងឈរជាខ្សែភាពយន្តកើបចំណូលបានខ្ពស់បំផុតទី៤ ផងដែរ។
ខ្សែភាពយន្តទីតានិក បានឈ្នះពានរង្វាន់ជាច្រើននៅកម្មវិធី Academy Awards ឆ្នាំ ១៩៩៨, Golden Globes Awards ឆ្នាំ ១៩៩៨, British Academy of Film and Television Awards ឆ្នាំ ១៩៩៨, European Film Awards ឆ្នាំ ១៩៩៨ និង Cesar Awards ឬ French Academy ឆ្នាំ ១៩៩៩ ហើយការឈ្នះរួមមានទាំងពានរង្វាន់កម្រិតកំពូល Best Picture, Best Film និង Best Foreign Film៕ (ប្រភព ៖ CNN និង ART News)
ចែករំលែកព័តមាននេះ