ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ចារកម្ម​រុស្ស៊ី​ជឿ​ជាក់​ថា​ប្រទេស​បី​នៅ​ពី​ក្រោយ​អំពើ​ភេរវកម្ម​នៅ​ម៉ូស្គូ

4 អាទិត្យ មុន

ទី​ក្រុង​ម៉ូស្គូ​៖ ​ទោះ​បី​លោក​ពូទីន​ និង​មន្ត្រី​ចារកម្ម​រុស្ស៊ី​ទទួល​ស្គាល់​ជា​ទូទៅ​ និង​ជា​ចំហ​ថា​ករណី​បាញ់​ប្រហារ​បែប​ភេរវកម្ម​នៅ​កន្លែង​ប្រគំ​តន្ត្រី​​នៃ​ទី​ក្រុង​ម៉ូស្គូ​កាល​ពី​យប់​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ ស្លាប់​មនុស្ស​១៣៩​នាក់​ តាម​ពិត​​​ជា​ស្នា​ដៃ​របស់​ក្រុម​អាយ​ស៊ីស ឬ​ក្រុម​ឥស្លាម​ជ្រុល​និយម​ពិត​មែន​​។ ក៏​ប៉ុន្តែ​ទន្ទឹម​នឹង​នោះ ​រុស្ស៊ី​នៅ​តែ​គិត​ថា​ក្រុម​នេះ​គ្រាន់​តែ​អ្នក​ដែល​គេ​ខ្ចី​ដៃ​សម្រាប់​ប្រើ​ប្រាស់​តែ​ប៉ុណ្ណោះ​។ រុស្ស៊ី​យល់​ថា​មេ​ខ្លោង​ធំ​ជាង​គេ​នៅ​ពី​​ក្រោយ​រឿង​នេះ​គឺ​ប្រទេស​បី​៖…

ទី​ក្រុង​ម៉ូស្គូ​៖ ​ទោះ​បី​លោក​ពូទីន​ និង​មន្ត្រី​ចារកម្ម​រុស្ស៊ី​ទទួល​ស្គាល់​ជា​ទូទៅ​ និង​ជា​ចំហ​ថា​ករណី​បាញ់​ប្រហារ​បែប​ភេរវកម្ម​នៅ​កន្លែង​ប្រគំ​តន្ត្រី​​នៃ​ទី​ក្រុង​ម៉ូស្គូ​កាល​ពី​យប់​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ ស្លាប់​មនុស្ស​១៣៩​នាក់​ តាម​ពិត​​​ជា​ស្នា​ដៃ​របស់​ក្រុម​អាយ​ស៊ីស ឬ​ក្រុម​ឥស្លាម​ជ្រុល​និយម​ពិត​មែន​​។ ក៏​ប៉ុន្តែ​ទន្ទឹម​នឹង​នោះ ​រុស្ស៊ី​នៅ​តែ​គិត​ថា​ក្រុម​នេះ​គ្រាន់​តែ​អ្នក​ដែល​គេ​ខ្ចី​ដៃ​សម្រាប់​ប្រើ​ប្រាស់​តែ​ប៉ុណ្ណោះ​។ រុស្ស៊ី​យល់​ថា​មេ​ខ្លោង​ធំ​ជាង​គេ​នៅ​ពី​​ក្រោយ​រឿង​នេះ​គឺ​ប្រទេស​បី​៖ ​អ៊ុយ​ក្រែន​ អង់គ្លេស និង​អាមេរិក។

កាល​ពី​មុន​នេះ លោក​ពូទីន​​ធ្លាប់​ដាក់​ជា​ចម្ងល់​ថា «​ហេតុ​អ្វី​ក្រុម​អាយ​ស៊ីស​ចង់​វាយ​ប្រហារ​រុស្ស៊ី​បើ​រុស្ស៊ី​ពុំ​ដែល​ធ្វើ​អ្វី​ឱ្យ​ពួក​គេ​ ឬ​ក្រុម​អ្នក​ឥស្លាម​និយម​ដទៃ​ទៀត​ឃ្នើស​ចិត្ត​ផង​? រុស្ស៊ី​មាន​តែ​ជួយ​ពួកគេ​វិញ។​ ឧទាហរណ៍ រុស្ស៊ី​ជួយ​ឈឺ​ឆ្អាល​ការ​រង​ទុក្ខ​វេទនា​របស់​ជន​ស៊ីវិល​ប៉ាឡេស្ទីន​​នៅ​តំបន់​ហ្កាហ្សា​ជា​ដើម​។ ​​​លោក​​​យល់​ថា​គ្មាន​នរណា​ក្រៅ​ពី​អ៊ុយ​ក្រែន​ទេ​។​

ថ្ងៃ​នេះ នាយក​អង្គ​ភាព​ស៊ើប​ការណ៍​សម្ងាត់​​​​អែហ្វ​អែស​ប៊ី (FSB) ដែល​ជា​ទី​ភ្នាក់​ងារ​ស៊ើប​ការណ៍​ធំ​ជាង​គេ​របស់​រុស្ស៊ី​ និង​ជា​អ្នក​បន្ត​វេន​ពី​កាហ្សេ​បេ (KGB)​ ចេញ​មុខ​បក​ស្រាយ​។ ​លោក​ជឿ​ជាក់​​ថា​ប្រទេស​ទាំង​បី​​ឃុប​ឃិត​គ្នា​​វាយ​ប្រហារ​​កន្លែង​ប្រគំ​​តន្ត្រី។ អ៊ុយ​ក្រែន​ដែល​ធ្លាប់​ប្រកែក​តាំង​ពី​យូរ​មក​ហើយ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​។ អ៊ុយ​ក្រែន​យល់​ថា​រុស្ស៊ី​និយាយ​បែប​នេះ​គឺ​ជា​ការ​ភូត​កុហក​។ ចំណែក​អង់គ្លេស​ចាត់​ទុក​ថា​ការ​ចោទប្រកាន់​របស់​រុស្ស៊ី​មិន​សម​ហេតុ​ផល​ទាល់​តែ​សោះ។​

ប្រធាន​អែហ្វ​អែស​ប៊ី លោក​អាឡិច​សាន់​ដឺ បត​នី​កោហ្វ (Alexander Bortnikov) ជឿ​ជាក់​ថា​គម្រោង​វាយ​ប្រហារ​នេះ​រៀប​ចំ​ដោយ​ក្រុម​ឥស្លាម​ជ្រុល​និយម​ រួម​ដៃ​ជា​មួយ​ភ្នាក់​ងារ​សម្ងាត់​បស្ចិម​ប្រទេស​។ ​ខ្លាំង​ដៃ​ជាង​គេ​គឺ​​​ក្រុម​សម្ងាត់​របស់​អ៊ុយ​ក្រែនតែ​ម្ដង​ដែល​ជា​អ្នក​ចូលរួម​ដោយ​ផ្ទាល់​​។ តប​ទៅ​​​អ្នក​​កាសែត​ដែល​សួរ​ថា​​​​តើ​អ៊ុយ​ក្រែន និង​សម្ព័ន្ធ​មិត្ត​ (អាមេរិក និង​អង់គ្លេស​) ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​នេះទេ? លោក​បត​នីកោហ្វ​​គិត​ថា​ពួក​គេ​ជាប់​ពាក់​ព័ន្ធ​។

​ទោះ​ជា​នៅ​ក្នុង​លក្ខ​ខណ្ឌ​​បែប​ណា​​ក៏​ដោយ យើង​កំពុង​និយាយ​អំពី​បរិបទ​ដែល​សម​ហេតុ​ផល​។ នេះ​ជា​ព័ត៌​មាន​ទូទៅ​ដែល​អាច​យើង​អាច​ជម្រាប​ជូន​​បាន​។​ ​លោក​បត​នីកោហ្វ​សព្វ​ថ្ងៃ​នេះ​អាយុ​៧២​ឆ្នាំ​ លោក​បាន​ធ្វើ​ជា​ប្រធាន​អែហ្វ​អែស​ប៊ី​តាំង​ពី​ឆ្នាំ​២០០៨​។ លោក​មិន​ទាន់​កំណត់​មុខ​សញ្ញា​​​ដែល​​បញ្ជា​ការ​វាយ​ប្រហារ​នេះ​ទេ​។ ប៉ុន្តែ​រុស្ស៊ី​នឹង​ចាត់​វិធាន​ការ​សង​សឹក​វិញ​។


អាយ​ស៊ីស​ ឬ​អ៊ុយ​ក្រែន?
សារ​ព័ត៌​មាន​រុស្ស៊ី​សត់​ (SHOT) ចេញ​ផ្សាយ​វីឌីអូ​ឃ្លីប​មួយ​ឈុត​បង្ហាញ​ពី​ការ​សន្ទនា​គ្នា​រវាង​អ្នក​កាសែត​ និង​​លោក​នីកូឡាយ ប៉ាទ្រូ​សេវ (Nikolai Patrushev) ដែល​ជា​អគ្គ​លេខា​ធិការ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​រុស្ស៊ី។ អ្នក​កាសែត​សួរ​​ថា​តើ​នេះ​ជា​ស្នា​ដៃ​របស់​នរណា​ឱ្យ​ពិត​ប្រាកដ អាយស៊ីស ឬ​អ៊ុយ​ក្រែន? លោក​ថ្លែងថា​ជា​ស្នា​ដៃ​អ៊ុយ​ក្រែន​ច្បាស់​ណាស់​។ លោក​និយាយ​បន្ត​ទៀត​ថា​មាន​តម្រុយ​ជា​ច្រើន​បង្ហាញ​ថា​អ៊ុយ​ក្រែន​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​នេះ​។

​ប្រធាន​អែហ្វ​អែស​ប៊ី​ លោក​បត​នីកោហ្វ​ ទទួល​ស្គាល់​ថា​វ៉ាស៊ីនតោន​ពិត​ជា​បាន​បញ្ជូន​ព័ត៌​មាន​សម្ងាត់​ពាក់​ព័ន្ធ​នឹង​គម្រោង​វាយ​ប្រហារ​នេះតាំង​ពី​ដើម​ខែ​មីនា​មែន​។ ប៉ុន្តែ​​ព័ត៌​មាន​ដែល​ផ្ដល់​ឱ្យ​​នោះ​មាន​លក្ខណៈ​ច្បោល​ៗ​មិន​ច្បាស់​លាស់​ទាល់​តែ​សោះ​។​ ឥឡូវ​នេះ រុស្ស៊ី​មិន​គិត​អ្វី​ច្រើន​ទេ​។ លោក​ពូទីន​សច្ចា​ថា​នឹង​ដាក់​ទោស​អ្នក​ទាំង​ឡាយ​ណា​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​នេះ​។ «​យើង​ដឹង​ថា​ក្រុម​ឥស្លាម​ជ្រុល​និយម​ជា​អ្នក​ប្រព្រឹត្ត​ទង្វើ​នេះ​។ ប៉ុន្តែ​យើង​ក៏​ចង់​ដឹង​ដែរ​ថា​តើ​​អ្នក​ណា​ជា​អ្នក​បញ្ជា​ពួក​គេ»៕​​

ប្រភព៖ Reuters
https://www.reuters.com/world/europe/putins-hawks-say-ukraine-was-involved-deadly-moscow-concert-attack-2024-03-26/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ