ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូទីន​ទទួលស្គាល់​ថា​ការ​វា.យ​ប្រហ​ា​រ​នៅ​ម៉ូស្គូ​ជា​ស្នា​ដៃ​ក្រុម​អាយ​ស៊ីស

1 ខែ មុន

ទី​ក្រុង​ម៉ូស្គូ៖ លោក​ពូទីន​ប្រកាស​ទទួល​ស្គាល់​ថា​ករណី​បាញ់​ប្រហារ​នៅ​កន្លែង​ប្រគំ​តន្ត្រី​នៃ​ទី​ក្រុង​ម៉ូស្គូ​កាល​ពី​យប់​ថ្ងៃ​សុក្រ​ដែល​សម្លាប់​មនុស្ស​១៣៩​នាក់ និង​របួស​ជាង​១០០​នាក់​នោះ​ជា​ស្នា​ដៃ​របស់​ពួក​​អាយ​ស៊ីស​​។ ប៉ុន្តែ​​លោក​នៅ​តែ​ចង់​រក​រឿង​អ៊ុយ​ក្រែន​ជា​បន្ត​ទៀត។ ​​នេះ​ជា​លើក​ទី​មួយ​ដែល​លោក​ពូទីន​​​ទទួលស្គាល់​ថា​​នេះជា​ស្នា​ដៃ​របស់​ក្រុម​​ឥស្លាម​ជ្រុល​និយម​​។ «យើង​ដឹង​ថា​អំពើ​ឧក្រិដ្ឋ​នេះ​ប្រព្រឹត្ត​ឡើង​ដោយ​ក្រុម​ឥស្លាម​ជ្រុល​និយម​»។ លោក​ពូទីន​ថ្លែង​ដូច​នេះ​តាម​កញ្ចក់​ទូរ​ទស្សន៍​បន្ទាប់​ពី​លោក​ជួប​ជា​មួយ​មន្ត្រី​ថ្នាក់​មូល​ដ្ឋាន្,​ ភ្នាក់​ងារ​ពិសេស​ និង​មន្ត្រី​អនុ​វត្ត​ច្បាប់​។ ប៉ុន្តែ​នៅ​ទី​បញ្ចប់​…

ទី​ក្រុង​ម៉ូស្គូ៖ លោក​ពូទីន​ប្រកាស​ទទួល​ស្គាល់​ថា​ករណី​បាញ់​ប្រហារ​នៅ​កន្លែង​ប្រគំ​តន្ត្រី​នៃ​ទី​ក្រុង​ម៉ូស្គូ​កាល​ពី​យប់​ថ្ងៃ​សុក្រ​ដែល​សម្លាប់​មនុស្ស​១៣៩​នាក់ និង​របួស​ជាង​១០០​នាក់​នោះ​ជា​ស្នា​ដៃ​របស់​ពួក​​អាយ​ស៊ីស​​។ ប៉ុន្តែ​​លោក​នៅ​តែ​ចង់​រក​រឿង​អ៊ុយ​ក្រែន​ជា​បន្ត​ទៀត។ ​​នេះ​ជា​លើក​ទី​មួយ​ដែល​លោក​ពូទីន​​​ទទួលស្គាល់​ថា​​នេះជា​ស្នា​ដៃ​របស់​ក្រុម​​ឥស្លាម​ជ្រុល​និយម​​។

«យើង​ដឹង​ថា​អំពើ​ឧក្រិដ្ឋ​នេះ​ប្រព្រឹត្ត​ឡើង​ដោយ​ក្រុម​ឥស្លាម​ជ្រុល​និយម​»។ លោក​ពូទីន​ថ្លែង​ដូច​នេះ​តាម​កញ្ចក់​ទូរ​ទស្សន៍​បន្ទាប់​ពី​លោក​ជួប​ជា​មួយ​មន្ត្រី​ថ្នាក់​មូល​ដ្ឋាន្,​ ភ្នាក់​ងារ​ពិសេស​ និង​មន្ត្រី​អនុ​វត្ត​ច្បាប់​។ ប៉ុន្តែ​នៅ​ទី​បញ្ចប់​ លោក​ពូទីន​នៅ​តែ​ឆ្លៀត​វាត់​កន្ទុយ​ដាក់​អ៊ុយក្រែន។ «​រុស្ស៊ី​កំពុង​ចង់​ដឹង​ថា​តើ​នរណា​នៅ​ពី​ក្រោយ​ខ្នង​រឿង​នេះ​។ ​អ៊ុយក្រែន​​​អាច​ជាប់​ពាក់​ព័ន្ធ»។​​

លោក​ដាក់​ជា​សំណួរ​ថា​នៅ​ពេល​មាន​ហេតុ​ការណ៍​នេះ​កើត​ឡើង​តើ​នរណា​ជា​អ្នក​ចំណេញ? (Who benefits from this?) «អំពើ​ឃោរ​ឃៅ​នេះ​អាច​ជា​ស្រឡាយ​១​​ផ្នែក​តូច​​នៅ​ក្នុង​ចំណោម​ការ​ប៉ុន​ប៉ង​ជា​ច្រើន​ករណី​ទៀត​ដែល​រៀប​ចំ​ឡើង​ដោយ​អ្នក​ដែល​កំពុង​ធ្វើ​សង្គ្រាម​ជា​មួយ​យើង​ចាប់​តាំង​ពី​ឆ្នាំ​២០១៤​។ ពួក​គេ​ធ្វើ​តាម​បញ្ជា​របស់​ពួក​ណាហ្ស៊ី​​ជំនាន់​ថ្មី​នៅ​ទី​ក្រុង​កៀវ»​។​

កាល​ពី​ឆ្នាំ​២០១៤ រុស្ស៊ី​​លើក​ទ័ព​​​តំបន់​គ្រីម៉េ​ និង​ដាក់​បញ្ចូល​​ជា​ទឹក​ដី​រុស្ស៊ី​។ ក្រោយ​មក​ទៀត​ ពួក​ឧទ្ទាម​បំបែក​ទឹក​ដី​ដែល​លម្អៀង​ទៅ​ខាង​ប្រទេស​រុស្ស៊ី​ក៏​ឆ្លៀត​បំបែក​ទឹក​ដី​អ៊ុយ​ក្រែន​នៅ​ភាគ​ខាង​កើត​បន្ថែម​ទៀត។ ឆ្នាំ​២០២២ រុស្ស៊ី​លើក​កង​ទ័ព​វាយ​ចូល​អ៊ុយ​ក្រែន​តែ​ម្ដង។ ចំពោះ​សំណួរ​ថា​តើ​រុស្ស៊ី​បរាជ័យ​ដែរ​ឬ​​ទេ​ដែល​មិន​អាច​ទប់​ស្កាត់​អំពើ​បាញ់​ប្រហារ​នេះ​បាន​ទោះ​បី​ស្ថាន​ទូត​អាមេរិក​នៅ​ទី​ក្រុង​ម៉ូស្គូ​បាន​ផ្ដល់​សញ្ញា​ព្រមាន​តាំង​ពី​ដើម​ខែ​មីនា​អំពី​លទ្ធ​ភាព​នៃ​ការ​វាយ​ប្រហារ​នៅ​ទី​ក្រុង​ម៉ូស្គូ?

លោក​ពូទីន​មិន​ចង់​បក​ស្រាយ​អ្វី​ច្រើន​ទេ​។ លោក​​​ទម្លាក់​កំហុស​​ដាក់​​អ៊ុយ​ក្រែន​តែ​ម្ដង​​​។ ប៉ុន្តែ​ដោយ​សារ​គ្មាន​ភស្តុតាង​បញ្ជាក់​ថា​អ៊ុយ​ក្រែន​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​នេះ។ ​​ម៉្យាង​ទៀត​ ក្រុម​អាយ​ស៊ីស​ប្រកាសទទួល​ស្គាល់​​ថា​ជា​ស្នា​ដៃ​របស់​ខ្លួន​ ខណៈ​ដែល​ក្រុម​បស្ចិម​ប្រទេសផ្ទៀង​ផ្ទាត់​ទៅ​ឃើញ​ថា​ពិត​ជា​ស្នា​ដៃ​របស់​អាយ​ស៊ីស​មែន​ លោ​កពូទីនក៏​​​​ប្រកាស​តាម​គេ​តាម​ឯង​តែ​ម្ដង​។​​​

​ប៉ុន្តែ​លោក​​​នៅ​តែ​មិន​ទាន់​អស់​ចិត្តទាល់​តែ​សោះ​​។ លោក​យល់​ថា​​​រុស្ស៊ី​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​​ក្រុម​ហាម៉ាស់ ហើយ​​តែង​តែ​ប្រឆាំង​នឹង​យុទ្ធ​នា​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​នៅ​តំបន់​ហ្កាហ្សា​។ ឃើញ​ថា​រុស្ស៊ី​ដូច​ជា​មិន​បាន​ធ្វើ​អ្វី​ឱ្យ​ល្អក់​កករ​ចំពោះ​ទឹក​ចិត្ត​របស់​ក្រុម​ឥស្លាម​ទេ​។ ហេតុ​អីរុស្ស៊ី​ជា​ផ្ទាំង​ស៊ីប​វាយ​ប្រហារ​របស់​ក្រុម​អាយ​ស៊ីស​ទៅ​វិញ?​ គាត់​ឆ្ងល់​ត្រង់​ចំណុច​ហ្នឹង។

លោក​ពូទីន​ដាក់​ជា​សំណួរ​ថា​តើមាន​ហេតុ​ផល​អ្វី​ដែល​ក្រុម​ឥស្លាម​ជ្រុល​និយម​ ឬ​ក្រុម​ឥស្លាម​ភេរវកម្ម​​​ចង់​វាយ​ប្រហារ​​​រុស្ស៊ី​ ខណៈ​ដែល​រុស្ស៊ី​​ចង់​​រក​យុត្តិ​ធម៌​​ឱ្យ​​ពួក​ប៉ាឡេស្ទីន​​​នៅ​មជ្ឈិម​បូព៌ា? លោក​យល់​ថា​ក្រុម​អាយ​ស៊ីស​គ្មាន​​​កម្លាំង​នៅ​ប្រទេស​រុស្ស៊ី​ទេ​។​ ទោះ​បី​លោក​ពូទីន​បក​ស្រាយ​បែប​នេះ​ក្ដី ប៉ុន្តែ​​គេ​មិន​ត្រូវ​ភ្លេច​ទេ​ថា​លោក​ពូទីន​ធ្លាប់​​គាំទ្រ​​របប​ដឹក​នាំ​របស់​លោក​អាល់​អាសាត​នៅ​ប្រទេស​ស៊ីរី​​។ របប​នេះ​ត្រូវ​ក្រុម​អាយ​ស៊ីស​ចង់​ផ្ដួល​រំលំ​ចោល​តាំង​ពី​យូរ​មក​ហើយ​។

កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២២​ ក្រុ​មអាយ​ស៊ីស​ប្រកាស​ថា​ខ្លួន​ជា​អ្នក​វាយ​ប្រហារ​ស្ថាន​ទូត​រុស្ស៊ី​នៅ​ទី​ក្រុង​កាប៊ុល ប្រទេស​អាហ្វ​ហ្កានីស្ថាន​។ សូម្បី​តែ​នៅ​លើ​ទឹក​ដី​រុស្ស៊ី​ក៏​មាន​បក្ស​ពួក​របស់​ក្រុម​អាយ​ស៊ីស​​ដែរ​។ ដូច​ជា​នៅ​តំបន់​កូកាស់​នៃ​តំបន់​ឆេច​ឈ្នី (Chechnya)​ ដែល​ក្រុម​ផ្ដាច់​ខ្លួន​ធ្វើ​សកម្ម​ភាព​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទី​ក្រុង​ម៉ូស្គូ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

ឥឡូវ​នេះ អ៊ុយ​ក្រែន​ប្រកែក​ដាច់​អហង្ការ​ថា​ខ្លួន​គ្មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​នេះ​ទេ​។ អ៊ុយ​ក្រែន​ចោទ​បក​ទៅ​វិញ​ថា​លោក​​ពូទីន​និយាយ​មួល​បង្កាច់​ដើម្បី​បាន​លេស​វាយ​ប្រហារ​អ៊ុយ​​ក្រែន​កាន់​តែ​ខ្លាំង​៕​​

ប្រភព៖ Politico
https://www.politico.eu/article/putin-acknowledges-radical-islamists-carried-out-moscow-terrorist-attack/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ