ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​កម្ពុជា​ម្នាក់ ត្រឡប់​មក​មាតុប្រទេស​វិញ ក្រោយ​តុលាការ​អា​មេ​រិ​ករក​ឃើញ​ថា​គ្មាន​ទោស ក្នុង​សំណុំរឿង​សមគំនិត​រត់ពន្ធ​សត្វ​ស្វា​ក្តាម​ទៅ​អា​មេ​រិ​ក

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ ១​ឆ្នាំ ៤​ខែ និង​១០​ថ្ងៃ គឺជា​រយៈពេល​ដ៏​យូរ​សម្រាប់​មន្ដ្រី​ស្អាតស្អំ​របស់​កម្ពុជា​ម្នាក់ ដែល​រង​ការ​ចោទប្រកាន់​ដោយ​អយុត្តិធម៌​ពី​សំណាក់​រដ្ឋ​អាជ្ញា និង​ទីភ្នាក់ងារ​មច្ឆជាតិ និង​ព្រៃឈើ​អា​មេ​រិ​ក​។ ប្រធាន​នាយកដ្ឋាន​សត្វព្រៃ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ១​ឆ្នាំ ៤​ខែ និង​១០​ថ្ងៃ គឺជា​រយៈពេល​ដ៏​យូរ​សម្រាប់​មន្ដ្រី​ស្អាតស្អំ​របស់​កម្ពុជា​ម្នាក់ ដែល​រង​ការ​ចោទប្រកាន់​ដោយ​អយុត្តិធម៌​ពី​សំណាក់​រដ្ឋ​អាជ្ញា និង​ទីភ្នាក់ងារ​មច្ឆជាតិ និង​ព្រៃឈើ​អា​មេ​រិ​ក​។ ប្រធាន​នាយកដ្ឋាន​សត្វព្រៃ​កម្ពុជា បាន​មក​ដល់​កម្ពុជា​វិញ​ហើយ ក្រោយ​តុលាការ​អា​មេ​រិ​ក សម្រេច​ថា «​គ្មាន​ទោស ក្នុង​សំណុំរឿង​សមគំនិត​រត់ពន្ធ​សត្វ​ស្វា​ក្តាម​ទៅ​អា​មេ​រិ​ក​» ។

ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា លោក គ្រី ម៉ះ​ផល ប្រធាន​នាយកដ្ឋាន​សត្វព្រៃ និង​ជីវចម្រុះ នៃ​រដ្ឋបាល​ព្រៃឈើ បាន​មក​ដល់​កម្ពុជា​វិញ​ហើយ ក្រោយ​ពី​តុលាការ​អា​មេ​រិ​ក សម្រេច​ថា «​គ្មាន​ទោស​ដូច​ការ​ចោទប្រកាន់ នៅ​ក្នុង​សំណុំរឿង​សមគំនិត ក្នុង​ការ​រត់ពន្ធ​សត្វ​ស្វា​ក្តាម ទៅ​សហរដ្ឋអាមេរិក​នោះ​ទេ​» ។

តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម នា​ថ្ងៃ​ទី​២៥ មីនា នេះ​ថា «​លោក គ្រី ប៉ះ​ផល ប្រធាន​នាយកដ្ឋាន​សត្វព្រៃ​និង​ជីវចម្រុះ នៃ​រដ្ឋបាល​ព្រៃឈើ ត្រូវ​បាន​តុលាការ​រដ្ឋ​ហ្គូ​រី​ដា សហរដ្ឋអាមេរិក សម្រេច​កាលពី ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៤ ថា គ្មាន​ទោស​ដូច​ការ​ចោទប្រកាន់​នៅ​ក្នុង​សំណុំរឿង​សមគំនិត ក្នុង​ការ​រត់ពន្ធ​សត្វ​ស្វា​ក្តាម​ទៅ សហរដ្ឋអាមេរិក​នោះ​ទេ​» ។

នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២២ លោក គ្រី ប៉ះ​ផល ត្រូវ​បាន​អាជ្ញាធរ​អា​មេ​រិ​ក ប្រើ​អំណាច​ចាប់ខ្លួន​នៅ​ឯអាកាស​យានដ្ឋាន​អន្តរជាតិ ច​ន​អេ​ហ្វ កេ​ណ្ណ​ឌី ក្នុង​ពេល​លោក​កំពុង​រង់ចាំ​បន្តដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ ស្តី​ពី​អនុសញ្ញា​ពាណិជ្ជកម្ម​អន្តរជាតិ លើ​ប្រភេទ​សត្វ និង​រុក្ខជាតិ​ព្រៃ ដែល​កំពុង​រងគ្រោះថ្នាក់ (CITES) នៅ​ប្រទេស​ប៉ា​ណា​ម៉ា​។ ការ​ចាប់ខ្លួន​ដោយ​អយុត្តិធម៌ ពី​សំណាក់​រដ្ឋ​អាជ្ញា និង​ទីភ្នាក់ងារ​មច្ឆជាតិ និង​សត្វព្រៃ​អា​មេ​រិ​ក បាន​ធ្វើ​ឱ្យ​លោក គ្រី ប៉ះ​ផល ត្រូវ​ឃ្លាតឆ្ងាយ​ពី​ក្រុម​គ្រួសារ និង​មាតុប្រទេស អស់​រយៈពេល ១​ឆ្នាំ ៤​ខែ និង​១០​ថ្ងៃ ។

នៅ​ក្នុង​រយៈពេល​ជាង​១​ឆ្នាំ ៤​ខែ កន្លង​មកនេះ រាជរដ្ឋាភិបាល​កម្ពុជា ចាប់តាំងពី​អាណត្តិ​ទី​៦ រហូត​ដល់​អាណត្តិ​ទី​៧ បាន​ខិតខំ​ប្រឹងប្រែង​ឥត​ឈប់​ឈរ ដើម្បី​ស្វែងរក​យុត្តិធម៌ ជូន​ដល់​មន្ត្រី​របស់​ខ្លួន​។ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សូម​គោរព​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​កំពូល នៃ​រាជរដ្ឋាភិបាល​ទាំង​ពីរ​អាណត្តិ គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ដែល​ជា​និច្ច​ជា​កាល តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ដល់​សុខទុក្ខ របស់​មន្ត្រីរាជការ​ស្អាតស្អំ​។
ក្រសួង​ក៏​សូម​ថ្លែងអំណរគុណ​ផង​ដែរ ដល់​ក្រសួង​-​ស្ថាប័ន និង​តួអង្គ​ពាក់ព័ន្ធ​ផ្សេង​ទៀត រួម​មាន ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួងយុត្តិធម៌ លោក​ឯកអគ្គរាជទូត កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​វ៉ា​ស៊ី​ង​តោន និង​លោកស្រី ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ទីក្រុង​ញូយ៉ក ព្រមទាំង​សហការី ក៏​ដូច​ជា មេធាវី និង​ក្រុម​អ្នក​ច្បាប់​ទាំងអស់ ដែល​បាន​រួមចំណែក​សហការ គាំទ្រ និង​តតាំង​ក្ដី​ប្រកបដោយ​វិជ្ជាជីវៈ រហូត​ទទួល​បាន យុត្តិធម៌​ជូន​ដល់​មន្ត្រី​កម្ពុជា ។

ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សូម​ជម្រាប​ដល់​សាធារណជន និង​សារព័ត៌មាន​ជ្រាប​ថា នៅ​ក្នុង​សំណុំរឿង​របស់​លោក គ្រី ប៉ះ​ផល ក្រសួង​បាន​រក្សា​ភាព​ស្ងៀមស្ងាត់ មិន​ថ្លែងការណ៍​នានា ទៅ​កាន់​សារព័ត៌មាន ក្នុង​គោលបំណង គោរព​ដំណើរការ​នីតិវិធី​របស់​តុលាការ ដើម្បី​ឱ្យ​ការ​កាត់ក្តី​ប្រព្រឹត្ត​ទៅ​ប្រកបដោយ​យុត្តិធម៌​។ ប៉ុន្តែ​ក្រសួង​បាន​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​មេធាវី​អា​មេ​រិ​ក ដើម្បី​តតាំង​ក្តី​ប្រឆាំង​នឹង​រដ្ឋ​អាជ្ញា ព្រមទាំង​ទីភ្នាក់ងារ​មច្ឆជាតិ និង​សត្វព្រៃ​អា​មេ​រិ​ក ដែល​ចោទប្រកាន់​ខុស​លើ​មន្ត្រី​កម្ពុជា តាម​រយៈ​ភស្តុ​តាង ដែល​ប្រមូល​បាន​ដោយ​ការ​ស៊ើបអង្កេត​មិន​ត្រឹមត្រូវ លាក់បាំង​ពី​អាជ្ញាធរ​កម្ពុជា និង​ពុំ​គោរព​តាម​ឧត្ត​មា​នុ​វត្ត​អន្តរជាតិ ក្នុង​ការ​អនុវត្ត​ច្បាប់​ឆ្លង​ដែន ។

ជា​រួមការ​ចោទប្រកាន់​ទាំងឡាយ មក​លើ​កម្ពុជា ក្នុង​រឿង​ជំនួញ​សត្វ​ស្វា​ក្តាម តែង​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​ភស្តុ​តាង ត្រឹមត្រូវ តែ​ផ្អែក​លើ​ការ​អះអាង​របស់​បុគ្គល ឬ​បុគ្គលិក​អង្គការក្រៅរដ្ឋាភិបាល​ខ្លះ តាម​រយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​សារ​ព​ត៌​មាន គ្មាន​វិជ្ជាជីវៈ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន ក្នុង​ន័យ​ចោទប្រកាន់​មន្ត្រី​របស់​ក្រសួង បំភ័ន្ត​សាធារណ​មតិ និង​បង្វែរ​ខ្លឹមសារ នៃ​ដំណើរការ​ជំនុំ​ជម្រះក្តី ឆ្ពោះទៅ​កាន់​បុរេនិច្ឆ័យ​ប្រឆាំង​នឹង​មន្ត្រី​កម្ពុជា ។

មក​ទល់​ពេល​នេះ សត្វ​ស្វា​ក្តាម​ទាំងឡាយ ដែល​បាន​នាំ​ចេញពី​កម្ពុជា សុទ្ធតែ​បាន​ធ្វើ​ឡើង​ស្រប​តាម​ច្បាប់ និង​អនុសញ្ញា​អន្តរជាតិ យ៉ាង​ពិតប្រាកដ​។ បើ​ទោះបីជា​មានការ​បញ្ជាក់​ម្តង​ហើយ​ម្តងទៀត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា​ថា ឯកសារ​ទាំងឡាយ ដែល​បាន​ធ្វើ​ចេញ​ទៅ​សុទ្ធតែ​ជា​ឯកសារ​ត្រឹមត្រូវ​ក៏​ដោយ ក៏​ការ​ចោទប្រកាន់​នានា នៅ​ក្នុង​រឿង​ជំនួញ សត្វ​ស្វា​ក្តាម​នេះ​នៅ​តែ​បន្ត​កើត​មាន ។

ការ​សម្រេច​ទាត់​ចោលការ​ចោទប្រកាន់​របស់​រដ្ឋ​អាជ្ញា និង​ទីភ្នាក់ងារ​មច្ឆជាតិ និង​សត្វព្រៃ​អា​មេ​រិ​ក គឺជា​យុត្តិធម៌ ដែល​តុលាការ​អា​មេ​រិ​ក ផ្តល់​ដល់​លោក គ្រី ប៉ះ​ផល​។ នេះ​សរ​បញ្ជាក់​ថា មន្ត្រី​កម្ពុជា​ពិតជា​បាន​គោរព​តាម​ច្បាប់ បទ​ប្បញ្ញត្តិ ព្រមទាំង​អនុសញ្ញា​អន្តរជាតិ​នានា យ៉ាង​ខ្ជាប់ខ្ជួន ។

ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សាទរ​ចំពោះ​លោក គ្រី ប៉ះ​ផល ដែល​បាន​ទទួល​យុត្តិធម៌​ពី​តុលាការ អា​មេ​រិ​ក​។ ជាមួយ​គ្នា​នេះ ក្រសួង​សូម​ថ្កោលទោស​ចំពោះ​ទ​ង្វើ​របស់​ទីភ្នាក់ងារ​មច្ឆជាតិ និង​សត្វព្រៃ​អា​មេ​រិ​ក ដែល​រំលោភ​អំណាច និង​ពុំ​គោរព​តាម​ឧត្ត​មា​នុ​វត្ត​អន្តរជាតិ ក្នុង​ការ​អនុវត្ត​ច្បាប់​ឆ្លង​ដែន​។ ចំណែក​កិច្ច​ខិតខំ​ប្រឹងប្រែង ស្វែងរក​យុត្តិធម៌​ជូន​មន្ត្រី ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា គឺជា​សក្ខីភាព​បង្ហាញ​ថា មន្ត្រី​កម្ពុជា​ស្អាតស្អំ មិន​អាច​ត្រូវ​រំលោភ​បំពាន​បាន​ឡើយ ទោះ​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ និង​ពី​សំណាក់​មជ្ឈដ្ឋាន​ណា​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ