ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ក្រុមហ៊ុនស៊ី​អាយ​ស៊ី CIC ស្ថាប័ន​ពាក់ព័ន្ធ​ បាន​ដាក់​ចេញ​វិធានការ​បន្តបន្ទាប់ ដើម្បី​រក​ដំណោះស្រាយ​ហើយ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា នៅ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៤​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន អ៊ិ​ន​វេស​ស្ទ័​រ ឃែ​ភី​ថ​ល…

រាជធានី​ភ្នំពេញ ៖ និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា នៅ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៤​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន អ៊ិ​ន​វេស​ស្ទ័​រ ឃែ​ភី​ថ​ល ផាត​នើ​រ ម​.​ក (​ស៊ី​អាយ​ស៊ី ផាត​នើ​រ​) CIC Plc បន្ទាប់​ពី​មានការ​ស្នើ​សុំ​ឲ្យ​ស៊ើបអង្កេត​លើ​ក្រុមហ៊ុន​មួយ​នេះ ។

និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា (​ន​.​ម​.​ក​.) បាន​ជម្រាប​ជូន និង​ធ្វើការ​បញ្ជាក់​ជា​ថ្មី​ថា កន្លង​មក ន​.​ម​.​ក​. ធ្លាប់​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​លេខ​០១០/ ២៤​ន​.​ម​.​ក​./ ស​.​ប្រ​.​ព​. ចុះ​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៤ ពាក់ព័ន្ធ​នឹង​ករណី​ក្រុមហ៊ុន ស៊ី​អាយ​ស៊ី ផាត​នើ​រ​។ ចំណាត់ការ​ជា​ច្រើន​មក​ហើយ​លើ​ករណី​នេះ គឺ​ធ្វើ​ឡើង​ក្នុង​គោលដៅ​ការពារ​ផលប្រយោជន៍​របស់​វិនិយោគិន​ស្របច្បាប់​គ្រប់​រូប ទៅ​តាម​នីតិវិធី​កិច្ច​គាំពារ​វិនិយោគិន​ជា​ធរមាន ។

និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា បាន​ដាក់​ចេញ នូវ​វិធានការ​ជា​បន្តបន្ទាប់ ដោយ​តម្រូវ​ឱ្យ​ក្រុមហ៊ុន ស៊ី​អាយ​ស៊ី ផាត​នើ​រ ចាត់វិធានការ​កែទម្រង់ ពិនិត្យ រៀបចំ​គ្រប់គ្រង​ចំនួន​ប្រាក់​វិនិយោគ​របស់​វិនិយោគិន​ស្របច្បាប់ និង​ចាត់ចែង​ទ្រព្យ ដែល​កាត់កង​បានឱ្យ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់​ច្បាស់លាស់ ក្នុង​គោលដៅ​អភិវឌ្ឍន៍​ដើម្បី​ធានា​បានជា​ប្រយោជន៍​ដល់​វិនិយោគិន ដែល​បាន​ដាក់​ប្រាក់​ជាមួយ​ក្រុមហ៊ុន​។ តាម​រយៈ​កិច្ចការ​ទាំងអស់ ដែល​តម្រូវ និង​ណែនាំ​ឱ្យ​ក្រុមហ៊ុន ជា​ពិសេស​គណៈកម្មការ​ស្តារ​ក្រុមហ៊ុន និង​មូលនិធិ ឱ្យ​អនុវត្ត​ជា​បន្ទាន់ គឺ​សំដៅ​ការពារ​ផលប្រយោជន៍​របស់​វិនិយោគិន ដែល​មក​ទល់​ថ្ងៃនេះ ទ្រព្យសកម្ម​របស់​ក្រុមហ៊ុន​ត្រូវ​បាន​ប្រមូល​មក​វិញ​ប្រមាណ ៩០% នៃ​ចំនួន​ទឹកប្រាក់​សរុប ដែល ន​.​ម​.​ក​. បាន​និង​កំពុង​ជំរុញ​ការ​រៀបចំ​វេច​ខ្ចប់​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់ ដើម្បី​ការពារ​ផលប្រយោជន៍​របស់​វិនិយោគិន​ស្របច្បាប់​។

និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា សូម​ជម្រាប​បញ្ជាក់​ជូន​ជា​ថ្មី​ផង​ដែរ​ថា ន​.​ម​.​ក​. បាន​ធ្វើ​ការងារ​តាម​នីតិវិធី និង​បែបបទ នៃ​ច្បាប់ ក៏​ដូច​ជា​បច្ចេកទេស​ជា​និយ័ត​ករ ដើម្បី​គោលដៅ​ការពារ​ផលប្រយោជន៍​របស់​វិនិយោគិន​ស្របច្បាប់ អនុលោម​តាម​នីតិវិធី និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​ក្នុង​វិស័យ​មូល​ប​ត្រ​។ ន​.​ម​.​ក​. នឹង​បន្ត​ពិនិត្យ​គ្រប់គ្រង​ការងារ​របស់​គណៈកម្មការ​ស្ដារ​ក្រុមហ៊ុន និង​មូលនិធិ​ជា​បន្ត និង​ឃ្លាំមើល​ជា​ប្រចាំ ព្រមទាំង​បាន​ពិនិត្យ​ជា​ស្រេច នូវ​គោលការណ៍​ច្បាប់ និង​បទ​ប្បញ្ញត្តិ នៃ​វិស័យ​មូល​ប​ត្រ ដើម្បី​ការពារ​ឱ្យ​បានជា​អតិបរិមា នូវ​ផលប្រយោជន៍​របស់​វិនិយោគិន​ស្របច្បាប់​ទាំងអស់ ទោះបី​ក្នុង​ស្ថានភាព​ដែល​ក្រុមហ៊ុន​កំពុង​ជួប​ការ​លំបាក ។ ក្នុង​ករណី​វិនិយោគិន​ណា មាន​ច​ម្ង​ល់​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​របស់​ក្រុមហ៊ុន ស៊ី​អាយ​ស៊ី ផាត​នើ​រ អាច​ទំនាក់ទំនង​មក​កាន់ និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា ដោយ​ផ្ទាល់ នៅ​ទីស្តីការ​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា ។

ពាក់ព័ន្ធ​ករណី​នេះ​ដែរ នៅ​ថ្ងៃ​ដដែល លោក ជិន ម៉ា​លី​ន រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ​ព័ត៌មាន និង​ទំនាក់ទំនង​សាធារណៈ នៃ​ក្រសួងយុត្តិធម៌ ក៏​បានអោយ​ដឹង​ដែរ​ថា តាម​ព័ត៌មាន ដែល​ទទួល​បាន​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច ករណី​នេះ ពុំ​មែន​ជា​ដូច​ជា​ករណី​រឿង ឡេ​ង ចាន់​ណា ដែល​ជា​ករណី​សំណុំរឿង​បោកប្រាស់​នោះ​ទេ តែ​ករណី​រឿង​ក្រុមហ៊ុន CIC គឺជា​ក្រុមហ៊ុន ដែល​មានការ​ចុះបញ្ជី ដើម្បី​ធ្វើការ​វិនិយោគ មាន​ក្រុមប្រឹក្សាភិបាល​គ្រប់គ្រង​ច្បាស់លាស់ និង​មាន​ស្ថាប័ន​សមត្ថកិច្ច ត្រួតពិនិត្យ​កិច្ចការ​នេះ ។

លោក ជិន ម៉ា​លី​ន បន្ត​ថា កន្លង​មក​តាម​អ្វី​ដែល​បានដឹង គឺ​ស្ថាប័ន​មាន​សមត្ថកិច្ច​មានការ​យកចិត្តទុកដាក់​ខ្ពស់​ជាប់​ជា​ប្រចាំ ចំពោះ​រឿង​នេះ និង​បាន​ធ្វើការ​ជំហាន​ៗ និង​ខិតខំ​សម្របសម្រួល​រក​ដំណោះស្រាយ​ការពារ​ផលប្រយោជន៍​របស់​អ្នក​វិនិយោគ​តាម​ច្បាប់​។ ដូច្នេះ ជា​ព័ត៌មាន​មិន​ពិត ដែល​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច មិន​ធ្វើការ​ងារ​លើ​ករណី​នេះ​។ សូម​រង់ចាំ​មើល​អ្វី ដែល​ជា​ដំណោះស្រាយ​តាម​ផ្លូវច្បាប់​ក្នុង​រឿង​នេះ ដោយ​អាជ្ញាធរ ហើយ​អ្នក​វិនិយោគ​ទាំងឡាយ ក្នុង​ក្រុមហ៊ុន CIC គួរ​ខិតខំ​រក​វិធី​ដោះស្រាយ​បញ្ហា ក្នុង​ពេល ដែល​ក្រុមហ៊ុន​ជួប​វិបត្តិ ។

ជាមួយ​គ្នា​នេះ​ដែរ គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៤ បាន​សម្រេច​បង្កើត​ក្រុម​មេធាវី​ជួយ​ប្រជាពលរដ្ឋ ដែល​រង​គ្រោះ​ដោយ​ក្រុមហ៊ុន CIC Plc ដោយ​ឥត​គិតថ្លៃ ។

គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជាក់​ថា កន្លង​មក​មាន​ក្រុមហ៊ុន និង​បុគ្គល​មួយ​ចំនួន​តូច​តែងតែ​បង្កើត​គម្រោង​វិនិយោគ​ដោយ​ប្រមូលប្រាក់ ពី​ប្រជាពលរដ្ឋ ក្នុង​រូបភាព​ប្រមូល​មូលធន​យក​ទៅ​វិនិយោគ ហើយ​ចុងបញ្ចប់​ប្រជាពលរដ្ឋ ដែល​ដាក់​ប្រាក់​វិនិយោគ​តែងតែ​ទទួល​រង​គ្រោះ​បាត់បង់​ផលប្រយោជន៍​ជា​បន្តបន្ទាប់ ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ខា​លើ​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បង្កើត​ក្រុម​មេធាវី​ជួយ​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​ករណី​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន អ៊ិ​ន​វេស​ស្ទ័​រ ខ​ប​ភើ​រេ​សិន ភី​អិ​ល​ស៊ី (CIC Plc) ដែល​ក្រុម​មេធាវី​នេះ មាន​ភារកិច្ច​ជា​អាទិ៍ ពិគ្រោះ​យោបល់​ផ្នែក ច្បាប់ ពិនិត្យ និង​រៀបចំ​ឯកសារ​ជា​ភស្តុ​តាង និង​ធ្វើ​បណ្តឹង និង​ជួយ​ការពារ​ក្តី​ជូន​ប្រជាពលរដ្ឋ ដោយ​ឥត​គិត​កម្រៃ ។

គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ណែនាំ​ដល់​ប្រជាពលរដ្ឋ ដែល​ខាតបង់​ផលប្រយោជន៍​ជាមួយ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន អ៊ិ​ន​វេស​ស្ទ័​រ ខ​ប​ភើ​រេ​សិន ភី​អិ​ល​ស៊ី (CIC Plc) ហើយ​មាន​បំណង​ពិគ្រោះ​យោបល់ ផ្នែក​ច្បាប់ ឬ​ពឹងពាក់​មេធាវី​ជួយ​ការពារ អញ្ជើញ​មក​កាន់​ទីស្នាក់ការ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ស្ថិត​នៅ​អគារ​កាច់ជ្រុង​ផ្លូវ​លេខ​១១២៩ និង​ផ្លូវ​លេខ​១៩៣០ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នៅ​រៀង​រាល់​ម៉ោង​ការងារ ។

ការ​ស្នើ​សុំ​ឲ្យ​ស៊ើបអង្កេត​លើ​ក្រុមហ៊ុន CIC នេះ កាលពី​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២៤ កន្លង​ទៅ ឧកញ៉ា គួ​ច ម៉េ​ង​លី បាន​បង្ហោះ​សារ បញ្ចេញ​មតិយោបល់​ផ្ទាល់ខ្លួន ដែល​ជា​អ្នក​ចូល​វិនិយោគ​ក្នុង CIC និង​កំពុង​ជួប​បញ្ហា​ប្រឈម ដោយ​ទទូច​ស្នើ​សុំ​ឱ្យ​មាន​ចំណាត់ការ​ស៊ើបអង្កេត​ជា​បន្ទាន់ ទៅ​លើ​ក្រុមហ៊ុន​មួយ​នេះ ក្រោយ​លោក​បាន​ទទួល​ដំណឹង​ថា មាន​ទឹកប្រាក់​រាប់​សិប​លាន​ត្រូវ​បាន​បាត់បង់ ។

ឧកញ៉ា គួ​ច ម៉េ​ង​លី បាន​រៀបរាប់​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោក​យ៉ាង​ដូច្នេះ​ថា ជូន​ចំពោះ​អ្នក​ពាក់ព័ន្ធ​ទាំងអស់ (​អ្នក​រង​ផល​ប៉ះពាល់​ដោយសារ​ក្រុមហ៊ុន CIC Plc) មូលនិធិ​ត្រូវ​តែ​ប្រមូល​សង​មក​វិញ​។ ករណី​នេះ​ត្រូវ​តែ​មានការ​ស៊ើបអង្កេត​! ប្រាក់​រាប់​សិប​លាន​ដុល្លារ​ត្រូវ​បាន​បាត់បង់ ហើយ​គ្រួសារ និង​ជីវិត​មនុស្ស​ជា​ច្រើន​នាក់ បាន​រង​នូវ​ផល​ប៉ះពាល់ និង​ការ​ឈឺចាប់​ដោយសារ​តែ​ការ​ក្លែងបន្លំ​ទាំងនេះ ។

ករណី​នេះ​មិន​គួរ​មើល​រំលង​ជា​ដាច់ខាត ហើយ​យើង​ត្រូវ​តែ​ធ្វើ​អ្វីមួយ​។ សំណុំរឿង​ព្រហ្មទណ្ឌ គួរតែ​ត្រូវ​ចាប់ផ្ដើម ស៊ើបអង្កេត និង​ដោយ​បើកចំហរ​។ ប្រាក់​ពិបាក​រក​ខ្លាំង​ណាស់ ហើយ​ជនល្មើស​ត្រូវ​តែ​ទទួលខុសត្រូវ​យក​មក កាត់ទោស​តាម​ផ្លូវច្បាប់ និង​ទទួលទោស​ព្រហ្មទណ្ឌ​! យើង​គ្រប់​គ្នា​ត្រូវ​បន្ត​តស៊ូ​ឱ្យ​អស់ពី​លទ្ធភាព ដើម្បី​តម្លាភាព​និង​យុត្តិធម៌​។ លទ្ធផល​ត្រូវ​តែ​មាន​ដំណោះស្រាយ​ត្រូវ​តែ​មាន​! ព្រោះថា ឧក្រិដ្ឋជន​នៅ​តែ​មាន​សេរីភាព​នៅឡើយ ហើយ​ពួក​គេ​កំពុង​រស់នៅ​ក្នុង​ជីវិត​ដ៏​ឡូយឆាយ និង​ពោរពេញ​ដោយ​សេរីភាព​។ ប្រជាជន​ស្លូតត្រង់​ជា​ច្រើន កំពុង​រង​ទុក្ខវេទនា ខូចចិត្ត និង​ទទួល​រង​នូវ​ផល​អវិជ្ជមាន ដោយសារ​តែ​គម្រោង​កេង​បន្លំ​ស្រ​ដៀង​គ្នា​នឹង Ponzi ដែល​កំពុង​តែ​កើតឡើង​នៅ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​កម្ពុជា ។

ប្រទេស​កម្ពុជា​មិន​ត្រូវ​បណ្តោយ​ឱ្យ​មានរឿង​បែប​នេះ​កើតឡើង​ឡើយ ហើយ ប្រជាជន​កម្ពុជា​យើង​ក៏​មិន​ត្រូវ​បាត់បង់​ជំនឿ​ជា​ដាច់ខាត​។ ប្រទេស​កម្ពុជា​មិន​អាច​បន្ត​រស់នៅ​ក្រោម​ការ​បំពុលបរិយា​កាស​សង្គម និង​ភាព​មិន​ប្រក្រតី​នានា​នៃ​បរិស្ថាន​សង្គម​បែប​នេះ​ទៀត​ឡើយ​។ ប្រសិនបើ​នៅ​តែ​បន្ត​បែប​នេះ នោះ​ប្រជាជន​យើង​នឹង​បន្ត​រង​នូវ​ភាព​អយុត្តិធម៌ ហើយ​ក៏​គ្មាន​សន្តិភាព​ក្នុង​ចិត្ត​ផង​ដែរ ។

ប្រសិនបើ​រឿង​នេះ នៅ​តែ​បន្ត​កើត​មាន ហើយ​ឧក្រិដ្ឋជន​មិន​ត្រូវ​បាន​នាំ​មក​កាត់ទោស​តាម​ផ្លូវច្បាប់​ទេ នោះ​វា​នឹង​បង្ក​ឱ្យ​កាន់តែ​មាន​ភាព​ច្របូកច្របល់​នៅ​ក្នុង​សង្គម​របស់​យើង ដែល​នាំ​ឱ្យ​ឈាន​ទៅ​រក​ការ​បំផ្លិចបំផ្លាញ​នូវ​សក្ដានុពល​ផ្នែក​មីក្រូ និង​ប្រព័ន្ធ​ម៉ាក្រូសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ទាំងមូល ។

ប្រសិនបើ​យើង​ទុក​ឱ្យ​ជន​បោកប្រាស​មានឱកាស​បន្ត​បំផ្លាញ​ប្រជាជន និង​សេដ្ឋកិច្ច នោះ​ប្រទេស​កម្ពុជា​នឹង​ការ​ខូចខាត​យ៉ាង​ធំ​នា​ពេល​ខាង​មុន​។ ប្រជាជន​ក៏​នឹង​បាត់បង់​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌ និង​ទំនុកចិត្ត​លើ​សមត្ថភាព​ដឹកនាំ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​ជាមួយ​និង​ភាព​អយុត្តិធម៌​ដែល​បង្ក​ដោយ​សេរី​ពី​សំណាក់​ជន​បោកប្រាស់​មួយ​ក្រុម​តូច​នៅ​ក្នុង​សង្គម​របស់​យើង​។

ប្រសិនបើ​គ្មាន​ចំណាត់ការ​ណាមួយ ហើយ​ឧក្រិដ្ឋជន​នូវ​តែ​បន្ត​រស់នៅ​ដោយ​សេរី​បែប​នេះ នោះ​ទំនុក​ចិត្តនឹង​ត្រូវ​បាត់បង់​ទាំង​ក្នុង​ឆាក​ជាតិ ឆាក​អន្តរជាតិ ហើយ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ចូល​មក​ក្នុង​ប្រទេស​របស់​យើង​នឹង​រិ​ត​តែ​រង​ផល​ប៉ះពាល់​កាន់តែ​ខ្លាំង​។ តោះ​! ចូលរួម​ទាំងអស់​គ្នា​! សូម​ចាត់វិធានការ​និង​បើក​ការ​ស៊ើបអង្កេត​លើ​រឿង​ទាំង​អស់នេះ​។ មិន​ថា អ្នកមាន​ខ្សែ ឬ អ្នក​ខ្លាំង​ប៉ុណ្ណា​នោះ​ទេ សូម​ចូលរួម​រក​យុត្តិធម៌​ជូន​ប្រជាជន រាប់​សែន​នាក់ មុន​ពេល​ដែល​បទល្មើស​នេះ​រីក​រាលដាល​កក្រើក​ពេញ​ផ្ទៃ​ប្រទេស​របស់​យើង ។

សូម​ជម្រាប​ផង​ដែរ​ថា ឧកញ៉ា គួ​ច ម៉េ​ង​លី បាន​ស្នើ​សុំ​ឱ្យ​មាន​ចំណាត់ការ​ស៊ើបអង្កេត​ជា​បន្ទាន់​ទៅ​លើ​ក្រុមហ៊ុន CIC នេះ បន្ទាប់​ពី​អ្នក​នាង កន្និដ្ឋា អាយុប្រមាណ​ជាង​៣០​ឆ្នាំ កូន​ខ្មែរ​កំពុង​រស់នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក​ជាមួយ​ស្វាមី នា​ពេល​នេះ ត្រូវ​បាន​អ្នកលេង​បណ្តាញ​សង្គម​ស្គាល់​ថា ជា​ម្ចាស់​ផេ​ក​ផ្ទាល់ The Kanitha Show បានចេញវី​ដេ​អូ​និយាយ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន អ៊ិ​ន​វេស​ស្ទ័​រ ឃែ​ភី​ថ​ល ផាត​នើ​រ ម​.​ក (​ស៊ី​អាយ​ស៊ី ផាត​នើ​រ​) CIC Plc មាន​ដូច​ខាងក្រោម ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ