ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ប្រកាស​ចង់​ជួប​មុខ​មេ​ដឹក​នាំ​ផ្ដាច់​ការ​កូរ៉េ​ខាង​ជើង

1 ខែ មុន

ទី​ក្រុង​ព្យុង​យ៉ាង​៖ នៅ​សុខ​ៗ​ នាយក​រដ្ឋ​មន្ត្រី​ជប៉ុន លោ​កគីស៊ីដា ចង់​ជួប​មុខ​ផ្ទាល់​ជា​មួយ​ប្រមុខ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​។ តើ​មក​ពី​មូល​ហេតុ​អ្វី? នេះជា​សំណួរ​ដ៏​ធំ​១​​ដែល​មជ្ឈ​ដ្ឋាន​ទូទៅ​កំពុង​​យក​ចិត្ត​ទុក​ដាក់ និង​ចង់​ដឹង​។ ថ្មី​ៗ​នេះ ប្អូន​ស្រី​លោក​គីម​ជុងអ៊ុន…

ទី​ក្រុង​ព្យុង​យ៉ាង​៖ នៅ​សុខ​ៗ​ នាយក​រដ្ឋ​មន្ត្រី​ជប៉ុន លោ​កគីស៊ីដា ចង់​ជួប​មុខ​ផ្ទាល់​ជា​មួយ​ប្រមុខ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​។ តើ​មក​ពី​មូល​ហេតុ​អ្វី? នេះជា​សំណួរ​ដ៏​ធំ​១​​ដែល​មជ្ឈ​ដ្ឋាន​ទូទៅ​កំពុង​​យក​ចិត្ត​ទុក​ដាក់ និង​ចង់​ដឹង​។ ថ្មី​ៗ​នេះ ប្អូន​ស្រី​លោក​គីម​ជុងអ៊ុន គឺ​លោកស្រី​គីមយ៉ូជុង (Kim Yo Jong) ដែល​​ជា​ស្ត្រី​ដ៏​មាន​ឥទ្ធិពល​នៅ​កូរ៉េ​ខាង​ជើង​បង្ហើប​ឱ្យ​ដឹង​ថា​ប្រមុខ​ដឹក​នាំ​ជប៉ុន​រូប​នេះ​​ចង់​ជួប​បង​ប្រុស​របស់​លោក​ស្រី​​នៅ​ពេល​ឆាប់​ៗ​នេះ។ ​នេះ​បើ​តាម​ការ​​​ផ្សាយ​របស់​ទូរ​ទស្សន៍​​​កូរ៉េ​ខាង​ជើង​ (KCNA)។​​​

ប៉ុន្តែ​លោក​ស្រី​គីម​យ៉ូជុង​សូម​បញ្ជាក់​ថា​រាល់​ការ​ចង់​កែ​សម្រួល​ទំនាក់​ទំនង​​​រវាងប្រទេស​​ជប៉ុន និង​កូរ៉េ​ខាង​ជើង​​អាច​ធ្វើ​ទៅ​បាន​​អាស្រ័យ​​លើ​ប្រទេស​ជប៉ុន​។ កូរ៉េ​ខាង​ជើង​​​រង់​ចាំ​មើល​ឥរិយាបថ​នយោ​បាយ​​របស់​រដ្ឋាភិបាល​ជប៉ុន​អនុ​វត្ត​ជាក់​ស្ដែង​ជា​មុន​សិន​។ ទូរ​ទស្សន៍​កូរ៉េ​ខាង​ជើង​ដក​ស្រង់​ពាក្យ​សម្ដី​របស់​លោក​ស្រី​គីមយ៉ូជុង​មក​ចុះ​ផ្សាយ​ថា «​លោក​គីស៊ីដា​គួរ​ដឹង​ថា​បើ​ត្រឹម​តែ​គាត់​ចង់​ជួប និង​សម្រេច​ចិត្ត​ចង់​ជួប​លោក​គីម​ជុង​អ៊ុន​​ មិន​មែន​​លោក​គីម​ជុង​អ៊ុន​អនុញ្ញាត​ឱ្យ​ជួប​ដោយ​ងាយ​ៗ​​ទេ»។

លោក​ស្រី​ចង់​មាន​ន័យ​ថា​បើ​ជប៉ុន​​នៅ​តែ​ចាត់​ទុក​កូរ៉េ​ខាង​ជើង​ជា​សត្រូវ​ និង​រំលោភ​សិទ្ធិ​អធិបតេយ្យ​ភាព​ជាតិ​របស់​កូរ៉េ​ខាង​ជើង ពេល​នោះ​កូរ៉េ​ខាង​ជើង​ក៏​ត្រូវ​ចាត់​ទុក​ជប៉ុន​ជា​សត្រូវ​វិញ​ដែរ​ ហើយ​​ជប៉ុន​​ក្លាយ​ជា​គោល​ដៅ​ដែល​ត្រូវ​កម្ចាត់​ចោល។ ​តប​ទៅ​នឹង​សារ​នយោ​បាយ​នេះ នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​បញ្ជាក់​ថា​លោក​ពិត​ជា​ចង់​ជួប​មុខ​លោក​គីម​ជុង​អ៊ុន​មែន​។ លោក​ថា​មាន​តែ​ការ​ជួប​គ្នា​​ទេ​ទើប​អាច​ដោះ​ស្រាយ​​បញ្ហា​ចម្រូង​ចម្រាស​នៅ​ក្នុង​ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​២​​។ ឧទាហរណ៍ ការ​​ចរ​ចា​គ្នា​ដើម្បី​នាំ​យក​ជន​ជាតិ​ជប៉ុន​ដែល​ត្រូវ​​​កូរ៉េ​ខាង​ជើង​ចាប់​ពង្រត់​តាំង​ពី​រាប់​ទស​វត្ស​មុន​​ត្រឡប់​ទៅ​ប្រទេស​ជប៉ុន​វិញ។

លោក​យល់​ថា​លុះ​ត្រា​តែ​ជួប​គ្នា​កម្រិត​កំពូល​ទើប​អាច​ដោះ​ស្រាយ​បញ្ហា​ចាប់​ពង្រត់ និង​បញ្ហា​ដទៃ​ទៀត​បាន​​។ ដូច​ដែល​លោក​ជម្រាប​ជូន​រួច​ហើយ​ ជប៉ុន​កំពុង​បោះ​ដៃ​ទៅ​កូរ៉េ​ខាង​ជើង​តាម​រយៈ​ខ្សែ​បណ្ដាញ​ជា​ច្រើន​ក្រោម​ការ​ចង្អុល​បង្ហាញ​ដោយ​ផ្ទាល់​ពី​រូប​លោក​។ ​អ្នក​នាំ​ពាក្យ​​​ជប៉ុន​ថ្លែង​ថា​ខ្លួន​​មិន​អាច​ទទួល​យក​​បាន​ទេ​​​នៅ​ពេល​កូរ៉េ​ខាង​ជើង​ថ្លែងថា​​​បាន​​ដោះ​ស្រាយ​រួច​រាល់​ហើយ​​សំណុំ​រឿង​ចាប់​​​ពង្រត់​មនុស្ស​​។ ដូច្នេះ​ ការ​ខិត​ខំ​ជួស​ជុល​ទំនាក់​ទំនង​​​ឡើង​វិញ​អាច​នឹង​ជួប​ឧប​សគ្គ​។

លោក​គីស៊ី​ដា​ថ្លែង​ថា​លោក​ចង់​ជួប​មុខ​លោក​គីម​ជុង​អ៊ុន​ដោយ​គ្មាន​លក្ខ​ខណ្ឌ។ លោក​​​កំពុង​តាម​ដាន​លទ្ធ​ផល​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នេះ។​ បើ​អាច​ធ្វើ​បាន​សម្រេច វា​នឹង​ក្លាយ​ជា​ជំនួប​កំពូល​ដំបូង​នៅ​ក្នុង​រយៈ​ពេល​ម្ភៃ​ឆ្នាំ​ចុង​ក្រោយ។ មន្ត្រី​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​​នៅ​ក្រសួង​ការ​បរទេស​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថ្លែង​ថា​​កូរ៉េ​ខាង​ត្បូង​កំពុង​ទាក់​ទង​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​​រដ្ឋា​ភិបាល​ជប៉ុន​ដើម្បី​ជជែក​គ្នា​អំពី​បញ្ហា​ជា​ច្រើន​រួម​ទាំង​គម្រោង​​ទាក់​ទង​គ្នា​រវាង​ប្រទេស​ជប៉ុន និង​កូរ៉េ​ខាងជើង​​ផង​ដែរ​។

ប្អូន​ស្រី​លោក​គីមជុង​អ៊ុន​​ធ្លាប់​ព្រលយ​ពាក្យ​ថា​ថ្ងៃ​ណា​​មួយ លោក​គីស៊ីដា​នឹង​​បំពេញ​ទស្សន​កិច្ច​នៅ​ទី​ក្រុង​ព្យុង​យ៉ាង​។ «បើ​ជប៉ុន​សម្រេច​ចិត្ត​ផ្នែក​នយោបាយ​ថា​នឹង​បើក​ច្រក​ផ្លូវ​ថ្មី​មួយ​ដើម្បី​កែ​​សម្រួល​ទំនាក់​ទំនង​នេះ​ឡើង​វិញ​តាម​គោល​ការណ៍​គោរព និង​ឱ្យ​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក លោក​ស្រី​យល់​ថា​ប្រទេស​ទាំង​២​​ (ជប៉ុន និង​កូរ៉េ​ខាង​ជើង) អាច​បើក​ទំព័រ​សក​រាជ​ថ្មី​នា​ពេល​អនាគត»​។ នេះ​បើ​យោង​តាម​​​​ទូរ​ទស្សន៍​កូរ៉េ​ខាង​ជើង​ (KCNA) ដែល​​បាន​ដក​ស្រង់​​​ពាក្យ​សម្ដី​របស់​លោក​ស្រី​មក​ផ្សាយ៕​

ប្រភព៖ Reuters
https://www.reuters.com/world/asia-pacific/north-korea-says-japans-kishida-showed-intention-meet-kim-jong-un-recently-2024-03-25/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ