ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុងភ្នំពេញ​កាន់តែ​ខិត​ជិត ​មាន​រថភ្លើង​ក្រោម​ដី​ដូច​ប្រទេស​ជឿនលឿន

1 ខែ មុន
  • ភ្នំពេញ

សុបិន​នៃ​ការ​ចង់បាន​រថភ្លើង​ក្រោម​ដី​សម្រាប់​ប្រជាជន​កម្ពុជា​ប្រើប្រាស់​និង​ដោះស្រាយ​ការ​ស្ទះចរាចរណ៍​នៅ​ក្នុង​ទីក្រុង​កំពុង​តែ​ខិត​ជិត​ចូល​មក​ដល់​ហើយ ខណៈ​ដែល​អ្នកជំនាញ​កម្ពុជា និង​ក្រុមហ៊ុន​ចិន​កំពុង​ជំរុញ​ការ​ពិភាក្សា​លើ​គម្រោង​ដ៏​សំខាន់​នេះ ។ បើសិនជា​ទីក្រុង​ភ្នំពេញ​មាន​រថភ្លើង​ក្រោម​ដី​នេះ ប្រជាជន​មុខជា​សប្បាយ​ចិត្តជា​មិន​ខាន ដោយសារ​វា​នឹង​ជួយ​សម្រួល និង​កាត់​បន្ថយ​ការ​ចំណាយ​ទៅ​លើ​ការ​ធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃ ។ គម្រោង​រៀបចំ​ការ​សិក្សា​សមិទ្ធិ​លទ្ធភាព…

សុបិន​នៃ​ការ​ចង់បាន​រថភ្លើង​ក្រោម​ដី​សម្រាប់​ប្រជាជន​កម្ពុជា​ប្រើប្រាស់​និង​ដោះស្រាយ​ការ​ស្ទះចរាចរណ៍​នៅ​ក្នុង​ទីក្រុង​កំពុង​តែ​ខិត​ជិត​ចូល​មក​ដល់​ហើយ ខណៈ​ដែល​អ្នកជំនាញ​កម្ពុជា និង​ក្រុមហ៊ុន​ចិន​កំពុង​ជំរុញ​ការ​ពិភាក្សា​លើ​គម្រោង​ដ៏​សំខាន់​នេះ ។

បើសិនជា​ទីក្រុង​ភ្នំពេញ​មាន​រថភ្លើង​ក្រោម​ដី​នេះ ប្រជាជន​មុខជា​សប្បាយ​ចិត្តជា​មិន​ខាន ដោយសារ​វា​នឹង​ជួយ​សម្រួល និង​កាត់​បន្ថយ​ការ​ចំណាយ​ទៅ​លើ​ការ​ធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃ ។

គម្រោង​រៀបចំ​ការ​សិក្សា​សមិទ្ធិ​លទ្ធភាព ផ្លូវ​រថភ្លើង​ធុន​ស្រា​លត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ព្រ​លាន​យន្តហោះ​ថ្មី និង​ផ្លូវ​រថភ្លើង​ក្រោម​ដី​រាជធានី​ភ្នំពេញ​(Metro) ត្រូវ​បាន​ក្រុមហ៊ុន China Metro Group និង​ក្រុមហ៊ុន Guangzhou Metro Group ធ្វើ​បទ​បង្ហាញ​ជូន​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ពិនិត្យ​ស្នើ​សុំ​ធាតុ​ចូល​បន្ថែម ។

យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានអោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៤ លោក ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​អន្តរក្រសួង​ប្រជុំ​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន China Metro Group និង​ក្រុមហ៊ុន Guangzhou Metro Group អំពី​គម្រោង​ផ្លូវ​រថភ្លើង​ធុន​ស្រា​លត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ទៅ​ព្រ​លាន​យន្តហោះ​ថ្មី និង​ផ្លូវ​រថភ្លើង​ក្រោម​ដី​រាជធានី​ភ្នំពេញ ។

ក្នុង​កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ឯកឧត្តម ជា​អនុប្រធាន និង​ជា​សមាជិក​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ជំរុញ​ដំណើរការ​សិក្សា​គម្រោង​ផ្លូវ​រថភ្លើង​ធុន​ស្រា​លត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ទៅ​ព្រ​លាន​យន្តហោះ​ថ្មី និង​ផ្លូវ​រថភ្លើង​ក្រោម​ដី​រាជធានី​ភ្នំពេញ ។

កិច្ចប្រជុំ​នា​ឱកាស​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង ដើម្បី​ស្ដាប់​បទ​បង្ហាញ​របស់​ក្រុមហ៊ុន China Metro Group និង​ក្រុមហ៊ុន Guangzhou Metro Group អំពី​ទស្សនាទាន​ជា​រួម​របស់​ទីក្រុង​ភ្នំពេញ​រួម​មាន​ទំហំ​ទីក្រុង​ចំនួន​ប្រជាពលរដ្ឋ ស្ថានភាព​នៃ​ការ​ប្រើប្រាស់​ផ្លូវថ្នល់ ក៏​ដូច​ជា ពិនិត្យ​លទ្ធភាព​ដំបូង​លើ​គម្រោង​រៀបចំ​ការ​សិក្សា​សមិទ្ធិ​លទ្ធភាព ផ្លូវ​រថភ្លើង ធុន​ស្រា​លត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ព្រ​លាន​យន្តហោះ​ថ្មី និង​ផ្លូវ​រថភ្លើង​ក្រោម​ដី​រាជធានី​ភ្នំពេញ ។

ក្នុង​កិច្ចប្រជុំ​នេះ​ដែរ លោក​ឧបនាយករដ្ឋមន្ត្រី បាន​ជម្រាប​ជូន​អំពី​សវ​តា​ខ្លះ​ៗ​កន្លង​មក​នៃ​ការ​សិក្សា​សមិទ្ធិ​លទ្ធភាព លើ​ប្រទេស​រថភ្លើង​ផ្សេង​គ្នា​ពី​ស្ថាប័ន​ផ្សេង​ៗ ដើម្បី​ពិនិត្យ​មើល​ជម្រើស​ដែល​សម​សម្រប​សម្រាប់​ទីក្រុង​ភ្នំពេញ​រួម​មាន ការ​សិក្សា​សមិទ្ធិ​លទ្ធភាព លើ​ប្រភេទ​រថភ្លើង AGT ដោយ JICA ជប៉ុន ការ​សិក្សា​សមិទ្ធិ​លទ្ធភាព​លើ​ប្រភេទ​រថភ្លើង Monorail ដោយ​ក្រុមហ៊ុន CCECC និង​ការ​សិក្សា​សមិទ្ធិ​លទ្ធភាព​លើ​ប្រភេទ​ផ្លូវ​រថភ្លើង​ក្រោម​ដី ដោយ​ក្រុមហ៊ុន CCCC ផង​ដែរ ។

សូម​ជម្រាប​ថា កិច្ចប្រជុំ​នា​ឱកាស​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្រោយ​ដំណើរ​ទស្សនកិច្ច​ទាក់ទាញ​វិនិយោគិន​របស់ លោក​ឧបនាយករដ្ឋមន្ត្រី កាលពី​ខែតុលា ឆ្នាំ​២០២៣​កន្លង​ទៅ ដោយ​ក្នុង​នោះ​នា​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៣ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​ចុះ​ទស្សនកិច្ច​ឈ្វេងយល់​អំពី​ការ​អភិវឌ្ឍ​គម្រោង​ផ្លូវ​រថភ្លើង​ក្រោម​ដី​(Metro) ក្នុង​ទីក្រុង​ក្វា​វ​ចូ​វ សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​សាងសង់​ដោយ​ក្រុមហ៊ុន Guangzhou Metro Group រួម​សម្របសម្រួល​ដោយ​ក្រុមហ៊ុន China Metro Group ។

ស្ថានីយ​រថភ្លើង Guangzhou Metro នេះ​ជា​ស្ថានីយ​រថភ្លើង​មួយ​ស្ថិត​ក្នុង​ខេត្ត​ក្វា​ង​ទុង នៃ​ប្រទេស​ចិន ដែល​មាន​ប្រមាណ​៥០​ខ្សែ សរុប​ប្រវែង​ប្រមាណ​២.០០០​គីឡូម៉ែត្រ រត់​ក្នុង​ល្បឿន​១៦០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប និង​មាន​ប្រព័ន្ធ​ឌី​ជី​ថ​ល​សម្រាប់​តាមដាន និង​គ្រប់គ្រង​ដំណើរការ​របស់​រថភ្លើង និង​ស្ថានីយ​ទាំងមូល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ