ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ពូទីន​សច្ចា​ថា​នឹង​សង​ឈា.ម​ឱ្យ​ជន​រួម​ជាតិ​ដែល​ស្លា.ប់​១៣៣​នាក់

1 ខែ មុន

ទី​ក្រុង​ម៉ូស្គូ៖ ប្រមុខ​ដឹក​នាំ​រុស្ស៊ី​ លោក​ពូទីន សច្ចា​ថា​ការ​ស្លាប់​មនុស្ស​ជាង​១០០​នាក់​ដោយ​សារ​អំពើ​ភេរវកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ក្រុម​អាយ​ស៊ីស​ខេ (ISIS-K) មិន​អាច​ស្លាប់​ទទេ​ៗ​ទាំង​អសារ​ឥត​ការ​បាន​ឡើយ​។ លោក​សច្ចា​ថា​នឹង​សង​ឈាម​ឱ្យ​ជន​រួម​ជាតិ​របស់​លោក​យ៉ាង​ទាន់​ចិត្ត​។ កាល​ពី​យប់​មិញ រុស្ស៊ី​អះ​អាងថា​ជន​ប្រដាប់​អាវុធ​ដែល​ចូល​ទៅ​បាញ់​រះ​យ៉ាង​អនា​ធិបតេយ្យ​នៅ​​​កន្លែង​ប្រគំ​តន្ត្រី​នោះ​ត្រូវ​អាជ្ញា​ធរ​ចាប់​បាន​ទាំង​អស់​មាន​គ្នា​បួន​នាក់​។ ពួក​គេ​បាញ់​ប្រហារ​រួច​​​​ឡើង​ជិះ​ឡាន​ម៉ាក​រ៉េណូ​…

ទី​ក្រុង​ម៉ូស្គូ៖ ប្រមុខ​ដឹក​នាំ​រុស្ស៊ី​ លោក​ពូទីន សច្ចា​ថា​ការ​ស្លាប់​មនុស្ស​ជាង​១០០​នាក់​ដោយ​សារ​អំពើ​ភេរវកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ក្រុម​អាយ​ស៊ីស​ខេ (ISIS-K) មិន​អាច​ស្លាប់​ទទេ​ៗ​ទាំង​អសារ​ឥត​ការ​បាន​ឡើយ​។ លោក​សច្ចា​ថា​នឹង​សង​ឈាម​ឱ្យ​ជន​រួម​ជាតិ​របស់​លោក​យ៉ាង​ទាន់​ចិត្ត​។ កាល​ពី​យប់​មិញ រុស្ស៊ី​អះ​អាងថា​ជន​ប្រដាប់​អាវុធ​ដែល​ចូល​ទៅ​បាញ់​រះ​យ៉ាង​អនា​ធិបតេយ្យ​នៅ​​​កន្លែង​ប្រគំ​តន្ត្រី​នោះ​ត្រូវ​អាជ្ញា​ធរ​ចាប់​បាន​ទាំង​អស់​មាន​គ្នា​បួន​នាក់​។

ពួក​គេ​បាញ់​ប្រហារ​រួច​​​​ឡើង​ជិះ​ឡាន​ម៉ាក​រ៉េណូ​ (Renault) ពណ៌​ស​១​​គ្រឿង​​ ប៉ុន្តែ​​ត្រូវ​សមត្ថ​កិច្ច​ក្របួច​ជាប់​។​ ចាប់​ខ្លួន​មនុស្ស​ប៉ុណ្ណឹង​​មិន​គ្រប់​គ្រាន់​​​ទេ​។ លោក​ពូទីន​​សច្ចា​ថា​ត្រូវ​តែ​​បន្ត​​រក​មេ​ខ្លោង​​ដែល​ជា​អ្នក​បញ្ជា​ជន​ដៃ​ដល់​។ ​ក្រោយ​ការ​បាញ់​ប្រហារ​​នេះ ក្រុម​​អាយ​ស៊ីស (ISIS) ​បង្ហោះ​តាម​តេឡេក្រាម​ថា​​ជា​​​ស្នា​ដៃ​របស់​ខ្លួន​។​ ប៉ុន្តែ​​រុស្ស៊ី​​នៅ​តែ​មិន​ទាន់​ជឿ​ជាក់​ថា​អាយ​ស៊ីស​ទេ​។

រុស្ស៊ី​ចង់​ម៉ៃ​ទៅ​អ៊ុយ​ក្រែន​ច្រើន​ជាង​​។​ ទោះ​បី​​​ទី​ក្រុង​កៀវ​​បញ្ជាក់​​​ថា​​​ខ្លួន​​​មិន​​ពាក់​ព័ន្ធ​នឹង​រឿង​នេះ​ ប៉ុន្តែ​​​រុស្ស៊ី​នៅ​តែ​ចង់​រក​រឿង​អ៊ុយ​ក្រែន​​​។ ចៅ​ហ្វាយ​ក្រុង​ម៉ូស្គូ​​ថ្លែង​ថា​គេ​រក​ឃើញ​សាក​សព​ជន​រង​គ្រោះ​សរុប​​១៣៣​នាក់​​។ ក្រៅ​ពី​នេះ មនុស្ស​១០៧​នាក់​​រង​របួស​ធ្ងន់​​ ​មិន​ដឹង​ថា​​អាច​ឆ្លង​ផុត​ពី​សេចក្ដី​ស្លាប់​ ឬ​យ៉ាង​ណា​ទេ​។ គ្រូ​ពេទ្យ​កំពុង​ជួយ​សង្គ្រោះ​ពួកគេ​យ៉ាង​ដុត​ដៃ​ដុត​ជើង​។

​លោ​កពូទីន​ថ្លែង​ថា​​រុស្ស៊ី​ចាប់​​ខ្លួន​ជន​សង្ស័យ​សរុប​១១​នាក់​។ នៅ​ក្នុង​ចំណោម​នោះ​ក៏​មាន​ជន​ប្រដាប់​អាវុធ​បួន​នាក់​ដែល​បាញ់​ប្រហារ​នៅ​កន្លែង​ប្រគំ​តន្ត្រី​ផង​ដែរ​។ លោក​​ថ្លែង​ថា​អ្នក​ទាំង​នេះ​ប្រុង​រត់​ទៅ​​​​អ៊ុយ​ក្រែន​។ នៅ​ទី​នោះ ពួក​គេ​មាន​ច្រក​ផ្លូវ​ទុក​សម្រាប់​ជម្លៀស​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ឆ្លង​ចូល​ទឹក​ដី​អ៊ុយ​ក្រែន​។ លោក​ចង់​មាន​ន័យ​ថា​អ៊ុយ​ក្រែន​បាន​រៀប​ចំ​ទទួល​ពួក​គេ​។

ទី​ភ្នាក់​ងារ​ស៊ើប​ការ​ណ៍​សម្ងាត់​​​រុស្ស៊ី​​ថ្លែង​ថា​ពួក​ជន​ប្រដាប់​អាវុធ​ទាំង​នេះ​មាន​ទំនាក់​ទំនង​ជា​មួយ​​អ៊ុយ​ក្រែន​ ហើយ​ត្រូវ​អាជ្ញាធរ​ស្ទាក់​ចាប់​បាន​នៅ​ពេល​ធ្វើ​ដំណើរ​ជិត​ដល់​ព្រំ​ដែន​រុស្ស៊ី-​​​អ៊ុយ​ក្រែន​។ ឥឡូវ​នេះ ត្រូវ​ចាប់​បញ្ជូន​ទៅ​សួរ​ចម្លើយ​នៅ​​​ម៉ូស្គូ។ ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន​យល់​ថា​រុស្ស៊ី​កំពុង​លេង​ល្បែង​ស្វា​ស៊ីបាយ​លាប​មាត់​ពពែ​។ លោក​ថ្លែង​ថា​ចរិត​របស់​លោ​កពូទីន និង​បក្ស​ពួក​របស់​គាត់​មាន​ទម្លាប់​បែប​ហ្នឹង​។ កាល​ណា​មាន​រឿង​អ្វី​មួយ​ចោទ​ចាក់​អ៊ុយ​ក្រែន​សិន​ដើម្បី​បាន​លេស​វាយ​ប្រហារ​។

អ្នក​នាំ​ពាក្យ​​​អ៊ុយ​ក្រែន​ លោក​អាន​ឌ្រី យូសោហ្វ (Andriy Yusov) ថ្លែង​ថា​អ៊ុយ​ក្រែន​គ្មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​ប្រហារ​នេះ​ទេ​។ អ្វី​ដែល​អ៊ុយ​ក្រែន​កំពុង​ធ្វើ​សព្វ​ថ្ងៃ​នេះ​គឺ​ខិត​ខំ​ការ​ពារ​ទឹក​ដី​របស់​ខ្លួន​ទល់​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ ខិត​ខំ​រំដោះ​ទឹក​ដី​ដែល​បាន​បាត់​បង់ និង​ខិត​ខំ​ប្រយុទ្ធ​ទល់​នឹង​ពួក​ទាហាន​រុស្ស៊ី​។ អ៊ុយ​ក្រែន​គ្មាន​គោល​ដៅ​វាយ​ប្រហារ​ជន​ស៊ីវិល​ទេ​។

​ស្ដាប់​មួយ​ភ្លែត​ហាក់​ដូច​ជា​មិន​សម​ទំនង​ដែល​ក្រុ​មអាយ​ស៊ីស​វាយ​ប្រហារ​រុស្ស៊ី​។ ប៉ុន្តែ​បើ​ពិនិត្យ​​ឱ្យ​ស៊ី​ជម្រៅ​ទើប​ដឹង​ថា​ពួក​អាយ​​ស៊ីស​ក៏​ជា​សត្រូវ​ធំ​របស់​រុស្ស៊ី​ដែរ​។ រុស្ស៊ី​ជា​អ្នក​ការ​ពារ​របប​អាល់​អាសាត​នៅ​ប្រទេស​ស៊ីរី ខណៈ​ដែល​ក្រុម​អាយ​ស៊ីស​ចិញ្ចឹម​ចិត្ត​ជា​យូរ​មក​ហើយ​ដើម្បី​ផ្ដួល​រំលំ​របប​នេះ​។ កាល​ពី​ឆ្នាំ​២០១៥ ក្រុម​អាយ​ស៊ីស​ធ្លាប់​ដាក់​គ្រាប់​បែក​បំ​ផ្ទុះ​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​រុស្ស៊ី ស្លាប់​២២៤​នាក់​។​


សុន្ទ​រ​កថា​ដ៏​មុត​ស្រួច​របស់​លោក​ពូទីន
សម្រែក​ទាម​ទារ​រក​យុត្តិ​ធម៌​របស់​លោក​ពូទីន និង​ការ​សច្ចា​សង​ឈាម​ជូន​ជន​រួម​ជាតិ​របស់​លោក​​ពិត​ជា​មិន​ធម្ម​តា​ទេ​។ លោក​ប្ដេជ្ញា​ថា​ត្រូវ​តែ​ដាក់​ទោស​ឱ្យ​ខាង​តែ​បាន​​អ្នក​សម​គំនិត, អ្នក​រៀប​ចំ​ផែន​ការ​ និង​​អ្នក​បញ្ជា​ការ​បាញ់​ប្រហារ​នេះ​​។ ទោះ​បី​ពួកគេ​ជា​នរណា​ ពួក​គេ​ទទួល​បញ្ជា​ពី​នរណា​ក៏​ដោយ​គឺ​មិន​អាច​រួច​ខ្លួន​ជា​ដាច់​ខាត​។ ​

អ្នក​តំណាង​រាស្ត្រ​រុស្ស៊ី​ម្នាក់​ឈ្មោះ​អាន​ដ្រេ ខា​ថា​ប៉ូឡោហ្វ (Andrei Kartapolov) ថ្លែងថា​បើ​អ៊ុយ​ក្រែន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​បាញ់​ប្រហារ​នេះ អីចឹង​ស្រួល​ហើយ​។ រុស្ស៊ី​ត្រូវ​តែ​ឆ្លើយ​តប​យ៉ាង​ម៉ឺង​ម៉ាត់​នៅ​លើ​សមរ​ភូមិ​ប្រយុទ្ធ​តែ​ម្ដង​​។

សេត​វិមាន​ថ្លែង​ថា​រដ្ឋាភិបាល​របស់​ខ្លួន​បាន​​បញ្ជូន​​ព័ត៌​មាន​សម្ងាត់​ទៅ​ឱ្យ​​​​​រុស្ស៊ី​តាំង​ពី​ដើម​ខែ​មីនា​ពាក់​ព័ន្ធ​នឹង​​គម្រោង​វាយ​ប្រហារ​បែប​ភេរវកម្ម​នៅ​ទី​ក្រុង​ម៉ូស្គូ​។ ​តាំង​ពី​ថ្ងៃ​ទី​៧ ខែ​មីនា​ អាមេរិក​​បាន​ណែនាំ​ពល​រដ្ឋ​របស់​ខ្លួន​នៅ​រុស្ស៊ី​ឱ្យ​ប្រុង​ប្រយ័ត្ន។​​ ដូច្នេះ អាមេរិក​យល់​ថា​ក្រុម​អាយ​ស៊ីស​ជា​អ្នក​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​រឿង​នេះ (sole responsibility)។ ​​គ្មាន​សញ្ញា​បង្ហាញ​ថា​អ៊ុយ​ក្រែន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​ប្រហារ​នេះ​ទាល់​តែ​សោះ​​។ នេះ​បើ​យោង​តាម​ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​។

តាម​រយៈ​វីឌីអូ​ឃ្លីប​ដែល​គេ​ថត​បាន​ គេ​ឃើញ​ជន​ប្រដាប់​អាវុធ​ទាំង​នោះ​ប្រើ​ប្រាស់​កាំ​ភ្លើង​ស្វ័យ​ប្រវត្តិ​បាញ់​កន្លែង​ប្រគំ​តន្ត្រី​ក្រូខឺស ស៊ីធី ហល (Crocus City Hall) ជិ​តទី​ក្រុង​ម៉ូស្គូ។ នៅ​ក្នុង​វីឌីអូ​នោះ គេ​ឃើញ​ជន​រង​គ្រោះ​ខ្លះ​ខំ​រត់​ពួន​នៅ​ក្រោម​កៅ​អី​។ រួច​រត់​ទៅ​រក​ច្រក​ចេញ។ អ្នក​ខ្លះ​ស្លាប់​ដោយ​សារ​គ្រាប់​កាំ​ភ្លើង, អ្នក​ខ្លះ​ស្លាប់​ដោយ​សារ​ភ្លើង​ឆេះ​អគារ​ដែល​រីក​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​។ ពួក​ជន​ប្រដាប់​អាវុធ​បាន​ប្រើ​ប្រាស់​សាំង​ដែល​ដាក់​ក្នុង​បំពង់​​ដើម្បី​ដុត​អគារ​នោះ​ឱ្យ​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ៕​

ប្រភព៖ Reuters
https://www.reuters.com/world/europe/two-suspects-moscow-attack-detained-after-car-chase-lawmaker-2024-03-23/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ