ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឲ្យ​ចាប់​ផាកពិន័យ​មន្ត្រី​នគរបាល​ម្នាក់ ស្រវឹង​បើកបរហើយ​មិន​ព្រម​សហការ​ពេល​ពិនិត្យ​ជាតិ​អាល់កុល

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៤​នេះ…

រាជធានី​ភ្នំពេញ ៖ ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៤​នេះ ឲ្យ​ផាកពិន័យ​តាម​ច្បាប់ ​ចំពោះ​មន្ត្រី​គ​របាល​ជាតិ​ម្នាក់ ជា​អនុប្រធាន​នាយកដ្ឋាន ដែល​បើករថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ ក្នុង​អាកា​រៈ​ស្រវឹង​កម្រិត 0,52 មី​លី​ក្រាម​ក្នុង​១​លី​ត្រ​ខ្យល់ និង​មិន​ព្រម​សហការ ពេល​អនុវត្ត​នីតិវិធី​ត្រួតពិនិត្យ​ជាតិ​អាល់កុល​ទេ ថែម​ទាំង​យក​ទូរ​សព្ទ​ព្យាយាម​ថត និង​បាន​យកដៃ​រុញ​ដើមទ្រូង​នគរបាល​នារី ត្រូវ​កម្លាំង​នគរបាល បង្ខំចិត្ត​ចាប់​ជន​នោះ​វាយ​ខ្នោះ បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ។

តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា បានអោយ​ដឹង​យ៉ាង​ដូច្នេះ​ថា យប់មិញ​នេះ ខ្ញុំ​បាន​ទទួល​របាយការណ៍​ពី​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន អគ្គស្នងការ​រង និង​ជា​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មក​ថា នា​យប់​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៤ វេលា​ម៉ោង​២៣​និង​៣៣​នាទី នៅ​ចំណុច​គោលដៅ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ពេល​យប់ ត្រង់​ចំណុច​រង្វង់​មូល​សម្ដេចព្រះ​មហាសុមេធាធិបតី ជួន ណាត ក្នុង​សង្កាត់​ចតុម្មុខ ខណ្ឌដូនពេញ មាន​ករណី​មន្ត្រី​នគរបាល​ម្នាក់ ឈ្មោះ យ៉ា​ន ប៊ុ​ន​ថន ជា​អនុប្រធាន​នាយកដ្ឋាន បាន​បើករថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2L-8668 ក្នុង​អាកា​រៈ​ស្រវឹង ។

ដោយ​ឃើញ​ស្ថានភាព​ដូច្នេះ សមត្ថកិច្ច​បាន​អនុវត្ត​នីតិវិធី​ត្រួតពិនិត្យ​ជាតិ​អាល់កុល ក៏​ប៉ុន្តែ​លោក​មិន​ព្រម​សហការ​ទេ ផ្ទុយ​ទៅ​វិញ​បែរជា​យក​ទូរ​សព្ទ​ព្យាយាម​ថត​កម្លាំង​នគរបាល​ជានា​រី​។ កម្លាំង​នគរបាល បាន​ព្យាយាម​ពន្យល់​ម្ដង​ហើយ ម្ដងទៀត ឱ្យ​សហការ និង​បាន​ហាមឃាត់​កុំឱ្យ​ថត តែ​បុគ្គល​នេះ នៅ​តែ​ជ​ជែង​តវ៉ា រហូត​ដល់​បាន​យកដៃ​រុញ​ដើមទ្រូង​នគរបាល​នារី ក៏​នាំ​ឱ្យ​កើត​មានការ​ប្រតាយប្រតប់​។ ភ្លាម​នោះ កម្លាំង​នគរបាល ក៏​បង្ខំចិត្ត​ចាប់​ជន​នោះ​វាយ​ខ្នោះ និង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​អនុវត្ត​តាម​នីតិវិធី​។ ក្រោយ​ការ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​ឃើញ​បុគ្គល​នេះ មាន​ជាតិ​អាល់កុល កម្រិត 0,52 មី​លី​ក្រាម​ក្នុង​១​លី​ត្រ​ខ្យល់ ។

បន្ទាប់​ពី​ទទួល​បាន​របាយការណ៍​ខាងលើ​នេះ និង​ដោយ​បាន​ពិនិត្យ​យ៉ាង​ម៉ត់ចត់ នូវ​វី​ដេ​អូ​ផ្ញើ​ភ្ជាប់ ខ្ញុំ​ពិតជា​មាន​សេចក្ដី​សោកស្ដាយ ជា​ពន់ពេក ចំពោះ​ករណី​នេះ ជា​ពិសេស​នៅ​ពេល ដែល​អ្នកបញ្ជា​រថយន្ត​ជា​នគរបាល​ជាតិ មាន​ឋានៈ​ជា​អនុប្រធាន​នាយកដ្ឋាន​ទៅ​ទៀត​។ ខ្ញុំ​ធ្លាប់​បញ្ជាក់​ច្បាស់​ហើយ​ថា មនុស្ស​គ្រប់​រូប​មាន​សិទ្ធិ​ស្មើគ្នា​ចំពោះ​មុខ​ច្បាប់ ដែល​ហៅ​ថា «​សមភាព​ចំពោះ​មុខ​ច្បាប់​»​។ សម្រាប់​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក៏​ដូច​គ្នា​ដែរ គឺ​ជន​គ្រប់​រូប ដែល​ប្រព្រឹត្ត​ខុសច្បាប់ នឹង​ត្រូវ​ទទួល​ការ​អនុវត្ត​ច្បាប់​ដោយ​គ្មាន​យល់យោគ ។

ជាក់ស្ដែង​ករណី​ខាងលើ​នេះ បាន​បង្ហាញ​ច្បាស់​ហើយ​ថា ប្រសិនបើ​អ្នកបើកបរ​ទាំងឡាយ មិន​ព្រម​ផ្ដល់​កិច្ចសហការ តួយ៉ាង​ការ​ត្រួតពិនិត្យ​ជាតិ​អាល់កុល កម្លាំង​សមត្ថកិច្ច នឹង​ប្រើ​សិទ្ធិ​ចាប់​ឃាត់ខ្លួន ឬ​វាយ​ខ្នោះ​បើ​ប្រតិកម្ម​តប រួច​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ដើម្បី​បន្ត​នី​វិធី ។

ជាមួយ​គ្នា​នេះ ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ ខ្ញុំ​ក៏​ធ្លាប់​បាន​រម្លឹក ម្ដង​ហើយ ម្ដងទៀត ថា មន្ត្រីរាជការ​ស៊ី​វិល​ក្ដី មន្ត្រី​នគរបាល​ជាតិ​ក្ដី មន្ត្រី​ពន្ធនាគារ​ក្ដី ពួក​យើង​មិន​ត្រឹមតែ​មាន​តួនាទី និង​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាពលរដ្ឋ​នោះ​ទេ ប៉ុន្តែ​ពួក​យើង​ត្រូវ​តែ​មាន​ស្មារតី​ចូលរួម​ផ្ដល់​ភាព​ជា​គំរូ​នៃ​ការ​អនុវត្ត​ច្បាប់ និង​ជា​គំរូ នៃ​ការ​ប្រព្រឹត្ត​អំពើ​ល្អ​ក្នុង​សង្គម​ផង​ដែរ ។

ខ្ញុំ​សូម​យក​ឱកាស​នេះ បញ្ជាក់​ជូន​ថា យោង​តាម​មាត្រា​៧៧​ថ្មី នៃ​ច្បាប់ ស្ដី​ពី​វិសោធនកម្ម ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក ចុះ​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៧ «​ជន​ណា​បើកបរ​យានយន្ត នៅ​ពេល​ដែល​ខ្លួន ស្ថិត​នៅ​ក្នុង​ភាព​ស្រវឹង ដោយ​មាន​ជាតិ​អាល់កុល ចាប់ពី ០,៤០ (​សូន្យ​ក្បៀស​សែសិប​) មី​លី​ក្រាម​ក្នុង​មួយ​លី​ត្រ​ខ្យល់ ឬ​ចាប់ពី ០,៨០ (​សូន្យ​ក្បៀស ប៉ែ​ត្រ​សិប​) ក្រាម​ក្នុង​មួយ​លី​ត្រ​ឈាម​ឡើង​ទៅ ត្រូវ​ពិន័យ​អន្តរការណ៍​តាម​ការ​កំណត់​នៃ​អនុក្រឹត្យ​»​។ បើ​តាម​មាត្រា​១០​ថ្មី នៃ​អនុក្រឹត្យ​លេខ​៣៩ ស្ដី​ពី ការ​ពិន័យ​អន្តរការណ៍ ចុះ​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២០ ករណី​រក​ឃើញ​មាន​ជាតិ​អាល់កុល កម្រិត 0,52mg/L ដូច​បាន​បញ្ជាក់​ខាងលើ​នេះ ជនល្មើស​ប្រឈម​នឹង​ការ​ពិន័យ​ជា​ប្រាក់​ចំនួន​២​លាន​រៀល​(​យានយន្ត​ធុន​ស្រាល​)​។ លើស​ពី​នេះ អ្នក​ល្មើស​ក៏​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​១​ខែ ទៅ​៦​ខែ និង​ពិន័យ​ជា​ប្រាក់​ពី​៨០០០០០(​ប្រាំបី​សែន​រៀល​) ទៅ​៤០០០០០០(​បួន​លាន​រៀល​) ក្នុង​ករណី​ដែល​ជនល្មើស​ធ្លាប់​ទទួល​រង​ការ​ពិន័យ​នេះ​ម្ដង​រួច​មក​ហើយ តែ​នៅ​បន្ត​ប្រព្រឹត្ត​ល្មើស​ទៀត​ក្នុង​កំលុង​ពេល​៦​ខែ គិត​ចាប់ពី​ការ​ពិន័យ​អន្តរការណ៍​លើក​មុន ។

ទាញ​ភ្ជាប​នឹង​ករណី​ខាងលើ​នេះ ជា​ថ្មី​ម្ដងទៀត ខ្ញុំ​សូម​អំពាវនាវ បងប្អូន​ជនរួមជាតិ ជា​ពិសេស​បងប្អូន ដែល​និយម​ពិសា​គ្រឿង​ស្រវឹង មិន​ថា​ពេល​ថ្ងៃ ឬ​ពេល​យប់ សូម​មេត្តា​ទទួលទាន​ប្រកបដោយ​ការ​ទទួលខុសត្រូវ ហើយ​ញាតិ​មិត្ត និង​ក្រុម​គ្រួសារ សូម​ចូលរួម​ក្រើនរំលឹក បញ្ចៀស និង​ហាមឃាត់​កុំឱ្យ​អ្នក​ទាំងនោះ​បញ្ជា​យានយន្ត​ទាំង​ក្នុង​អាកា​រៈ​ស្រវឹង​។ ទន្ទឹម​គ្នា​នេះ​ដែរ ខ្ញុំ​សូម​អោយ​អ្នកបញ្ជា​យានយន្ត​ទាំងឡាយ គោរព​ច្បាប់​ចរាចរណ៍ ឱ្យ​បាន​ខ្ជាប់ខ្ជួន និង​ចូលរួម​ផ្ដល់​កិច្ចសហការ​ឱ្យ​បាន​ល្អ​ជាមួយ​កម្លាំង​សមត្ថកិច្ច​។ ខ្ញុំ​ក៏​សូម​រម្លឹក​ដល់​កម្លាំង​សមត្ថកិច្ច គ្រប់​គោលដៅ​អនុវត្ត​ច្បាប់​ចរាចរណ៍ ត្រូវ​ប្រតិបត្តិ​ឱ្យ​បាន​ខ្ជាប់ខ្ជួន តាម​ប្រកាស​ស្ដី​ពី​វិន័យ​កងកម្លាំង​នគរបាល​ជាតិ ចុះ​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២៤​។ ជា​ពិសេស​ត្រូវ​រក្សា​ភាព​អត់ធ្មត់ និង​មាន​សីលធម៌​ល្អ ជាមួយ​ប្រជាពលរដ្ឋ ស្រប​តាម​ពាក្យស្លោក​ដែល​យើង​បាន​ប្ដេជ្ញា​ចិត្ត​រួម​គ្នា​ថា «​អ្វី​ៗ​ធ្វើ​ដើម្បី​ផ្ដល់​ភាព​កក់ក្ដៅ​ជូន​ប្រជាពលរដ្ឋ​» ។

ក្នុង​នាម​ក្រសួងមហាផ្ទៃ និង​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​អាជ្ញាធរ​ដែនដី កងកម្លាំង​នគរបាល​ជាតិ កងរាជអាវុធហត្ថ និង​ជា​រួម​សមត្ថកិច្ច​ចម្រុះ ដែល​តែងតែ​លះបង់​កម្លាំងកាយ​ចិត្ត ពេលវេលា​សម្រាប់​គ្រួសារ ចុះ​គោលដៅ​ក្ដី ឬ​បំពេញភារកិច្ច​ប្រកបដោយ​ការ​ទទួលខុសត្រូវ គោរព​ច្បាប់ ក្រមសីលធម៌​វិជ្ជាជីវៈ ក្នុង​ស្មារតី​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង សុវត្ថិភាព​សង្គម ជូន​ប្រជាពលរដ្ឋ ទាំង​យប់​ទាំង​ថ្ងៃ ទាំង​ក្ដៅ​ទាំង​ត្រជាក់ ទាំង​ខ្យល់​ទាំង​ភ្លៀង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ