ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តៃវ៉ាន់​ព្រ.មា.ន​ទូក​ល្បាត​ចិន​ឱ្យ​ចាក​ចេញ​ពី​តំបន់​ហាម​ឃាត់​ជា​ប្រញាប់

1 ខែ មុន

ទី​ក្រុង​តៃប៉ិ៖ នៅ​ថ្ងៃ​សៅរ៍​នេះ តៃវ៉ាន់​បាន​ព្រមាន​នាវា​ល្បាត​របស់​ចិន​ជា​ច្រើន​គ្រឿង​ដែល​បើក​ចូល​ដែន​ទឹក​របស់​តៃវ៉ាន់​ក្បែរ​ប្រជុំកោះ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​មាត់​សមុទ្រ​ប្រទេស​ចិន​។ គិត​ទាំង​ថ្ងៃ​នេះ​ទៀត​ ភាគី​ទាំង​ពីរ​ប្រទាញ​ប្រទង់​គ្នា​ចូល​ដល់​ថ្ងៃ​ទី​ពីរ​ហើយ នៅពេល​​ភាព​តាន​តឹង​ចាប់​ផ្ដើម​ពុះ​កញ្ជ្រោល​ដូច​ទឹក​ពុះ​១០០​អង្សា​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​។​ ឆ្មាំ​សមុទ្រ​តៃវ៉ាន់​ថ្លែង​ថា​នាវា​ល្បាត​​​ចិន​បួន​គ្រឿង​បើក​ចូល​តំបន់​ហាម​ឃាត់​នៃ​ប្រជុំ​ឃីនមេន (Kinmen) និង​បន្ត​ស្ថិត​នៅ​ទី​នោះ​​ជាង​មួយ​ម៉ោង​ទម្រាំ​ដាច់​ចិត្ត​ចាក​ចេញ​ទៅ​វិញ​តប​តាម​ការ​ស្នើ​សុំ​ពី​អាជ្ញាធរ​តៃវ៉ាន់​។​ ​ចិន​ចាត់​ទុក​តៃវ៉ាន់​ជា​ទឹក​ដី​របស់​ចិន​ទោះ​បី​តៃវ៉ាន់​ប្រកែក​យ៉ាង​ដាច់​អហង្ការ​យ៉ាង​ណា​ក្ដី​។…

ទី​ក្រុង​តៃប៉ិ៖ នៅ​ថ្ងៃ​សៅរ៍​នេះ តៃវ៉ាន់​បាន​ព្រមាន​នាវា​ល្បាត​របស់​ចិន​ជា​ច្រើន​គ្រឿង​ដែល​បើក​ចូល​ដែន​ទឹក​របស់​តៃវ៉ាន់​ក្បែរ​ប្រជុំកោះ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​មាត់​សមុទ្រ​ប្រទេស​ចិន​។ គិត​ទាំង​ថ្ងៃ​នេះ​ទៀត​ ភាគី​ទាំង​ពីរ​ប្រទាញ​ប្រទង់​គ្នា​ចូល​ដល់​ថ្ងៃ​ទី​ពីរ​ហើយ នៅពេល​​ភាព​តាន​តឹង​ចាប់​ផ្ដើម​ពុះ​កញ្ជ្រោល​ដូច​ទឹក​ពុះ​១០០​អង្សា​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​។​

ឆ្មាំ​សមុទ្រ​តៃវ៉ាន់​ថ្លែង​ថា​នាវា​ល្បាត​​​ចិន​បួន​គ្រឿង​បើក​ចូល​តំបន់​ហាម​ឃាត់​នៃ​ប្រជុំ​ឃីនមេន (Kinmen) និង​បន្ត​ស្ថិត​នៅ​ទី​នោះ​​ជាង​មួយ​ម៉ោង​ទម្រាំ​ដាច់​ចិត្ត​ចាក​ចេញ​ទៅ​វិញ​តប​តាម​ការ​ស្នើ​សុំ​ពី​អាជ្ញាធរ​តៃវ៉ាន់​។​ ​ចិន​ចាត់​ទុក​តៃវ៉ាន់​ជា​ទឹក​ដី​របស់​ចិន​ទោះ​បី​តៃវ៉ាន់​ប្រកែក​យ៉ាង​ដាច់​អហង្ការ​យ៉ាង​ណា​ក្ដី​។ ចិន​ចាប់​ផ្ដើម​ធ្វើ​សកម្ម​ភាព​យោធា​កាន់​តែ​សកម្ម​ជាង​មុន​នៅ​ជុំ​វិញ​កោះ​តៃវ៉ាន់​ដើម្បី​ព្យាយាម​ដាក់​សម្ពាធ​​​។ គេ​ឃើញ​ទាហាន​ចិន​បើក​ចូល​ដែន​អាកាស​កៀក​នឹង​កោះ​តៃវ៉ាន់​សឹង​តែ​រៀង​រាល់​ថ្ងៃ​។

​កាល​ព្រឹក​មិញ តៃវ៉ាន់​ព្រមាន​ចិន​​ថា «​អ្នក​បើក​ចូល​ដែន​សមុទ្រ​ហាម​ឃាត់​របស់​យើង​ហើយ​។ សូម​​អ្នក​ត្រឡប់​ថយ​ក្រោយ​ជា​បន្ទាន់»​។ នេះ​ជា​អ្វី​ដែល​គេ​ប្រមូល​បាន​ពី​ខ្សែ​អាត់​សំឡេង​ដែល​ផ្សព្វ​ផ្សាយ​ដោយ​ឆ្មាំ​សមុទ្រ​តៃវ៉ាន់​។​ តាម​រយៈ​វីឌីអូ​ឃ្លីប​នោះ គេ​ឃើញ​ថា​ទូក​ល្បាត​​​តៃវ៉ាន់​ជិះ​ឃ្លាំ​មើល​សកម្ម​ភាព​របស់​នាវ​ចម្បាំង​ចិន​ពីរ​គ្រឿងនៅ​ក្នុង​រយៈ​ចម្ងាយ​អាច​មើល​គ្នា​ឃើញ​។​

តៃវ៉ាន់​ចេញ​សេច​ក្ដី​ថ្លែង​ការណ៍​មួយ​ដែល​មាន​សេចក្ដី​ជា​អាទិ៍​ថា​សកម្ម​ភាព​របស់​នាវា​ចិន​បាន​បង្ក​បញ្ហា​ធ្ងន់ធ្ងរ​ចំពោះ​ការ​ធ្វើ​ចរាចរ​ជើង​ទឹក​ និង​សុវត្ថិ​ភាព​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​។ ដើម្បី​ជៀស​វាង​ការ​ប៉ះ​ទង្គិច​គ្នា​ជា​យថា​ហេតុ​ យើង​សូម​ជំរុញ​ឱ្យ​នាវា​ចិន​បញ្ឈប់​សកម្ម​ភាព​បែប​នេះ​ត​ទៅ​ទៀត​​។​ ឆ្មាំ​សមុទ្រ​ចិន​មិន​ទាន់​ធ្វើ​អត្ថា​ធិប្បាយ​លើ​រឿង​​នេះ​​ទេ​។​

​កាល​ពី​ថ្ងៃ​សុក្រ​​​ម្សិល​មិញ ឆ្មាំ​សមុទ្រ​ចិនក៏​បាន​បើក​ល្បាត​ទៅ​ក្បែរ​កោះ​ឃីន​មេន​ដែរ​។ ទូក​ល្បាត​ចិន​បួន​គ្រឿង​ត្រូវ​តៃវ៉ាន់​ប្រកាស​ព្រមាន​។ ក្រោយ​ហេតុ​ការណ៍​ស្លាប់​អ្នក​នេសាទ​ចិន​២​នាក់​កាល​ពី​ខែ​កុម្ភៈ​​នៅ​ពេល​បើក​បរ​រត់​គេច​ពី​ការ​តាម​ប្រមាញ់​របស់​ទាហាន​ជើង​ទឹក​តៃវ៉ាន់​ ចិន​ក៏​ចាប់​ផ្ដើម​បើក​បរ​ល្បាត​ទៅ​កៀក​នឹង​ប្រជុំ​​កោះ​ឃីន​មេន​​កាន់​តែ​ញឹក​ញាប់​ជាង​មុន​។ តៃវ៉ាន់​ចោទ​ប្រកាន់​ថាទូក​ដែល​ដឹក​អ្នក​នេសាទ​បួន​នាក់​ នៅ​រស់​ពីរ​នាក់​ និង​ស្លាប់​ពីរ​នាក់​នោះ​ បាន​បើក​ចូល​ដែន​ទឹក​របស់​តៃវ៉ាន់​។

តៃវ៉ាន់​ក៏​បញ្ជូន​ទូក​ល្បាត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ចូលរួម​បេសក​កម្ម​ជួយ​សង្គ្រោះ​តប​តាម​សំណើ​របស់​ភាគី​ចិន​បន្ទាប់​ពី​មាន​ហេតុ​ការណ៍​លិច​ទូក​នេសាទ​ចិន​នៅ​ជិត​កោះ​ឃីន​មេន​។ ​តៃវ៉ាន់​​យល់​ថា​ជា​រឿង​​សំខាន់​​ដែល​ភាគី​ទាំង​​២​​បង្កើត​កិច្ច​​សហ​ការ​គ្នា​នៅ​ពេល​​មាន​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​​។ កាល​ពី​ថ្ងៃ​សុក្រ​ តៃវ៉ាន់​​​បញ្ជូន​ទូក​​​១ចំនួន​តប​តាម​សំណើ​របស់​ចិន​ដើម្បី​ជួយ​ស្វែង​រក​អ្នក​នេសាទ​ចិន​ដែល​បាត់​ខ្លួន​នៅ​ពេល​បើក​ទៅ​ក្បែរ​ប្រជុំ​កោះ​ម៉ាត់​ស៊ូ (Matsu) ដែល​​កំពុង​កាន់​កាប់​ដោយ​តៃវ៉ាន់​។

មន្ត្រី​សន្តិសុខ​ជាតិ​តៃវ៉ាន់​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា​រដ្ឋាភិ​បាល​ចិន​កំពុង​ក្រឡុក​ស្ថាន​ការណ៍​ឱ្យ​វីរ​វក់​។ ដៃ​ម្ខាង​ចិន​បញ្ជូន​នាវា​ទៅ​កៀក​នឹង​កោះ​តៃវ៉ាន់​ដើម្បី​បង្ក​បញ្ហា​ ឬ​ដាក់​សម្ពាធ​។ រី​ឯ​ដៃ​ម្ខាង​ទៀត​ ចិន​ធ្វើ​ជា​បង្កើត​កិច្ច​សហ​ការ​ជា​មួយ​តៃវ៉ាន់​។ ​មន្ត្រី​រូប​នេះ​ទទួល​ស្គាល់​ថា​ឧបទ្ទវ​ហេតុ​​កាល​ពី​ព្រឹក​មិញ​ថ្វី​ដ្បិត​មិន​​ប៉ះពាល់​សន្តិ​សុខ​ជាតិ​ ប៉ុន្តែ​បង្ក​ភាព​ស្មុគ​ស្មាញ​។

យើង​វង្វេង​វង្វាន់​អស់​ហើយ​។​ យើង​ព្យាយាម​ជួយ​សង្គ្រោះ​អ្នក​នេសាទ​របស់​ពួកគេ​​កាល​ពី​ម្សិល​មិញ។ ប៉ុន្តែ​ថ្ងៃ​នេះ​ ពួក​គេ​បែរ​ជា​​សង្គ្រឺត​ធ្មេញ​ដាក់​យើង​ទៅ​វិញ​។ កាល​ពី​សប្ដាហ៍​មុន តៃវ៉ាន់​ជំរុញ​ឱ្យប្រទេស​ចិន​កុំ​ព្យាយាម​កែ​ប្រែ​ស្ថាន​ការណ៍​ដែល​កំពុង​មាន​សុខ​សន្តិ​ភាព​នៅ​លើ​ដែន​សមុទ្រ​ក្បែរ​កោះ​ឃីន​មេន​ដោយ​ចេះ​តែ​បញ្ជូន​នាវា​ល្បាត​ចូល​ទៅ​ក្នុង​ដែនទឹក​​​ហាម​ឃាត់​៕​

ប្រភព៖ Reuters
https://www.reuters.com/world/asia-pacific/turn-around-immediately-taiwan-warns-off-chinese-coast-guard-boats-again-2024-03-16/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ