ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ផ្តល់​ឥណទាន​សម្បទាន​ជាង​១៥០​លាន​ដុល្លារ សម្រាប់​គម្រោង​អភិវឌ្ឍន៍​មន្ទីរពេទ្យ ក្នុង​ប្រទេស​កម្ពុជា

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋាភិបាល​ជប៉ុន បាន​សម្រេច​ផ្តល់​ឥណទាន​សម្បទាន ​ចំនួន ២១.១០៤​លាន​យ៉េន (​ប្រមាណ​១៥៤ លាន​ដុល្លារ​អា​មេ​រិ​ក​) ដល់​កម្ពុជា សម្រាប់​គម្រោង​អភិវឌ្ឍ​មន្ទីរពេទ្យ​ក្នុង​តំបន់…

រាជធានី​ភ្នំពេញ ៖ រដ្ឋាភិបាល​ជប៉ុន បាន​សម្រេច​ផ្តល់​ឥណទាន​សម្បទាន ​ចំនួន ២១.១០៤​លាន​យ៉េន (​ប្រមាណ​១៥៤ លាន​ដុល្លារ​អា​មេ​រិ​ក​) ដល់​កម្ពុជា សម្រាប់​គម្រោង​អភិវឌ្ឍ​មន្ទីរពេទ្យ​ក្នុង​តំបន់ ។

នា​រសៀល​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម កុ​មឹ​រ៉ា ម៉ាសា​ហ៊ី​រ៉ូ (KOMURA Masahiro) អនុរដ្ឋមន្ត្រី ក្រសួងការបរទេស​ជប៉ុន ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព ។

ក្នុង​ឱកាស​នៃ​ជំនួប ឯកឧត្តម កុ​មឹ​រ៉ា ម៉ាសា​ហ៊ី​រ៉ូ បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ធិ​បតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាត​ឱ្យ​រូប​ឯកឧត្តម និង​គណៈប្រតិភូ ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ ។

ឯកឧត្តម​អនុរដ្ឋមន្ត្រី ក៏​បាន​គោរព​ជម្រាប​ជូន​សម្តេច​ធិ​បតី ថា ជប៉ុន​នឹង​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា បន្ថែម​ទៀត ស្រប​តាម​ស្មារតី នៃ​ការ​ឯកភាព​គ្នា​រវាង​ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ នា​ពេល​កន្លង​មក លើ​វិស័យ​ជា​ច្រើន ដូច​ជា ៖ វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ ឧស្សាហកម្ម ទេសចរណ៍ ឌី​ជី​ថ​ល ការពារ​ជាតិ និង​សន្តិសុខ ។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​អនុរដ្ឋមន្ត្រី ក៏​បាន​គោរព​ជម្រាប​ជូន សម្តេច​ធិ​បតី ផង​ដែរ​ថា ក្នុង​ដំណើរ​ទស្សនកិច្ច នៅ​ព្រះរាជាណាចក្រ​កម្ពុជា នា​ឱកាស​នេះ ឯកឧត្តម នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ និង​ឯកសារ​ពាក់ព័ន្ធ ស្តី​ពី​ការ​ផ្តល់​ឥណទាន​សម្បទាន ដែល​មាន​ទឹកប្រាក់​ប្រមាណ ១៥០​លាន​ដុល្លារ សម្រាប់​គម្រោង​អភិវឌ្ឍន៍​មន្ទីរពេទ្យ​ក្នុង​តំបន់ ព្រមទាំង​ចូលរួម​ក្នុង​កិច្ចប្រជុំ ICC-Angkor / សំបូរ​ព្រៃ​គុក ដោយ​ឯកឧត្តម​បាន​លើក​ឡើង​ថា កិច្ច​សហប្រតិបត្តិការ​នេះ គឺជា​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ គំរូ​មួយ លើ​វិស័យ​អភិរក្ស និង​ការពារ​បេតិកភណ្ឌ​វប្បធម៌ ផង​ដែរ ។

ជា​ការ​ឆ្លើយ​តប សម្តេច​ធិ​បតី បាន​សម្តែង​នូវ​ការ​ស្វាគមន៍​ចំពោះ​ឯកឧត្តម កុ​មឹ​រ៉ា ម៉ាសា​ហ៊ី​រ៉ូ និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន ដែល​ជា​ទំនាក់ទំនង​ស្ថិត​ក្នុង​កម្រិត​ល្អ​ប្រសើរ​បំផុត ក្នុង​ប្រវត្តិ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ បន្ទាប់​ពី​ការ​ដំឡើង​កម្រិត​ទំនាក់ទំនង​ទៅ​ជា “​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​” ក្នុង​ឆ្នាំ ២០២៣ ។

សម្តេច​ធិ​បតី បាន​គូសបញ្ជាក់​ជូន​ឯកឧត្តម​អនុរដ្ឋមន្ត្រី​ផង​ដែរ​ថា ក្នុង​រយៈពេល​៦​ខែ​នេះ កម្ពុជា និង​ជប៉ុន បាន​សម្រេច​នូវ​សមិទ្ធផល​រួម​គ្នា​ជា​ច្រើន ដូច​ជា ៖ ការ​សម្ពោធ​ផ្លូវជាតិ​លេខ​៥ ការ​សម្ពោធ​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ ការ​ពង្រីក​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះ​សីហ​នុ និង​ការ​ជំរុញ​វិនិយោគ​ពី​ប្រទេស​ជប៉ុន​មក​កម្ពុជា ជាដើម​។ ក្នុង​ក្របខ័ណ្ឌ នៃ​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ សម្តេច​ធិ​បតី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ក្នុង​ការ​ដំឡើង​កម្រិត នៃ​កិច្ចប្រជុំ​មន្ត្រីជាន់ខ្ពស់​នៃ​ប្រទេស​ទាំង​ពីរ និង​ការ​ធ្វើ​សកម្មភាព​រួម​គ្នា​មួយ​ចំនួន ដូច​ជា ទស្សនកិច្ច​កង​នាវា នៃ​កងកម្លាំង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន ព្រមទាំង​ការ​ធ្វើ​លំ​ហាត់​រួម​គ្នា ផង​ដែរ ។

ជាង​នេះ​ទៅ​ទៀត សម្ដេច​ធិ​បតី ក៏​បាន​ថ្លែងអំណរគុណ ចំពោះ​ការ​ជួយ​គាំទ្រ​របស់​ប្រទេស​ជប៉ុន តាម​រយៈ​យន្តការ ICC-Angkor ដែល​ជា​យន្តការ​មួយ​ក្នុង​ការ​ចូលរួម​ថែរក្សា និង​អភិរក្ស​បេតិកភណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​បាន​កត់សម្គាល់​ពី​ភាព​រីក​ចម្រើន នៃ​យន្តការ​នេះ ដោយ​បាន​ពង្រីក​ដល់​ការ​អភិរក្ស​នៅ​តំបន់​ប្រាសាទសំបូរព្រៃគុក និង​ការ​បន្ត​សុពលភាព នៃ​យន្តការ​នេះ រយៈពេល ១០​ឆ្នាំ​បន្ថែម​ទៀត ផង​ដែរ ។

មុន​នឹង​បញ្ចប់ សម្ដេច​ធិ​បតី និង​ឯកឧត្តម​អនុរដ្ឋមន្ត្រី ក៏​បាន​បញ្ជាក់​អំពី​ការ​បន្ត នូវ​កិច្ច​សហប្រតិបត្តិការ ក្នុង​តំបន់ និង​អន្តរជាតិ ដើម្បី​រួមចំណែក​ក្នុង​ការ​គាំពារ​ដល់​សន្តិភាព និង​វិបុលភាព​នៅ​ក្នុង​តំបន់​និង អន្តរជាតិ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ