ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចបណ្តេញ​ជនជាតិ​ម៉ា​ឡេ​ស៊ី និង​ឥណ្ឌូ​នេ​ស៊ី ១៧​នាក់ ចេញពី​កម្ពុជា ក្រោយ​បង្ក្រាប​គ្រឿងញៀ.ន​ក្នុង​ក្លឹ​ប​មួយ នៅ​ខេត្តកណ្តាល

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បញ្ជូន​ខ្លួន​ជនជាតិ​ម៉ា​ឡេ​ស៊ី ចំនួន​០៣​នាក់ និង​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី ចំនួន ១៤​នាក់ ជូន​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បញ្ជូន​ខ្លួន​ជនជាតិ​ម៉ា​ឡេ​ស៊ី ចំនួន​០៣​នាក់ និង​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី ចំនួន ១៤​នាក់ ជូន​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បី​រៀបចំ​ឯកសារ ត្រៀម​បណ្តេញចេញ​កម្ពុជា បន្ទាប់​ពី​ពួក​គេ ត្រូវ​បាន​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅ​ក្នុង​ក្លឹ​ប​កម្សាន្ត «​ហ្គា​ឡាក់​ស៊ី​១៤២» ភូមិ​ព្រែក​ស៊ី​ង សង្កាត់​សំពៅ​ពូន ក្រុង​សំពៅ​ពូន ខេត្តកណ្តាល ។

ឧត្តមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ដោយ​ទទួល​បាន​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ ជនជាតិ​ម៉ា​ឡេ​ស៊ី និង​ឥណ្ឌូ​នេ​ស៊ី សរុប​ទាំង​១៧​នាក់ ដែល​ឃាត់ខ្លួន​បាន​កាលពី​យប់ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២៤ នៅ​ក្នុង​ក្លឹ​ប​កម្សាន្ត «​ហ្គា​ឡាក់​ស៊ី​១៤២» ត្រូវ​បាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ រួចរាល់​ហើយ នៅ​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២៤​នេះ ដើម្បី​រៀបចំ​ឯកសារ​បណ្តេញ​ចេញពី​កម្ពុជា ។

សូម​ជម្រាប​ថា ប្រតិបត្តិការ​បង្ក្រាប​ក្លឹ​ប​កម្សាន្ត «​ហ្គា​ឡាក់​ស៊ី​១៤២» ក្នុងភូមិ​ព្រែក​ស៊ី​ង សង្កាត់​សំពៅ​ពូន ក្រុង​សំពៅ​ពូន ខេត្តកណ្តាល ធ្វើ​ឡើង​កាលពី​១២​និង​០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២៤ ដោយ​កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល និង​ដោយ​មានការ​សម្របសម្រួល​ពី​លោកស្រី វា សក្តា ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល បាន​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត រហូត​ឈាន​ទៅ​បង្ក្រាប​ករណី ជួញដូរ ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។

កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​មនុស្ស ២៨​នាក់ (​ស្រី​៥​នាក់​) ដែល​ក្នុង​នោះ​អ្នក​ពាក់ព័ន្ធ​បទល្មើស ជួញដូរ សម្រួល​ចំនួន ៥​នាក់ (​ស្រី​១​នាក់​) ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ រួម​មាន ៖ ឈ្មោះ ង​ន សឹង ភេទ​ប្រុស ជនជាតិ​ខ្មែរ (​មេខ្លោង ម្ចាស់​ទីតាំង​), ឈ្មោះ ស៊ិ​ន ប៊ុ​ន​ធឿ​ន ភេទ​ប្រុស ជនជាតិ​ខ្មែរ (​សម្រួល​), ឈ្មោះ ពេជ្រ ប៉ូ​ស្រ៊ូ ភេទ​ប្រុស ជនជាតិ​ខ្មែរ (​សម្រួល​), ឈ្មោះ ម៉ូ​ហា​មេ​ត អា​រិ​ន​បី​ន​សាលី​ឌី​ន ភេទ​ប្រុស ជនជាតិ​ម៉ា​ឡេ​ស៊ី (​អ្នក​ជួញដូរ​) និង​ឈ្មោះ ហេង សុខ​ដា ភេទ​ស្រី ជនជាតិ​ខ្មែរ (​មេការ​) ។

ដោយឡែក​សម្រាប់​អ្នក​ពាក់ព័ន្ធ ការ​ប្រើប្រាស់​គ្រឿងញៀន រួម​មាន​៖ ជនជាតិ​ខ្មែរ ៦​នាក់ (​ស្រី​៤​នាក់​) ត្រូវ​បញ្ជូន​ទៅ​មណ្ឌល​ព្យាបាល ស្តា​នីតិសម្បទា និង​ជនបរទេស ១៧​នាក់ ក្នុង​នោះ​ជនជាតិ​ម៉ា​ឡេ​ស៊ី ៣​នាក់​(​ប្រុស​), ឥណ្ឌូ​នេ​ស៊ី ១៤​នាក់ (​ប្រុស​) ត្រូវ​បណ្តេញ​ចេញពី​កម្ពុជា ។

ចំណែក​វត្ថុ​តាង​ចាប់​យក​បាន រួម​មាន​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ៧៩.៧២​ក្រាម​, អ៊ិ​ច​ស្តា​ស៊ី (MDMA) ទម្ងន់ ៦៣.៣៨​ក្រាម និង​សារធាតុ​ញៀន​ប្រភេទ កេ​តា​មីន (Ketamine) ទម្ងន់ ៨.៥២​ក្រាម ។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្តាល តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ