ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុចម្បងមួយ ធ្វើឱ្យភ្ញៀវទេសចរចិនជាច្រើន មិនចង់ទៅលេងសិង្ហបុរី

1 ខែ មុន

សិង្ហបុរី ៖ អ្នកទេសចរចិនជាច្រើនបានត្អូញត្អែរថា តម្លៃនៃការចាយវាយក្នុងប្រទេសសិង្ហបុរីមាន

សិង្ហបុរី ៖ អ្នកទេសចរចិនជាច្រើនបានត្អូញត្អែរថា តម្លៃនៃការចាយវាយក្នុងប្រទេសសិង្ហបុរីមានតម្លៃថ្លៃពេក ដែលបង្កឱ្យមានការជជែកដេញដោលយ៉ាងក្ដៅគគុកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា តើពួកគេហ៊ានចំណាយសម្រាប់ដំណើរកម្សាន្តទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះដែរឬទេ? បើទោះបីជាមានគោលនយោបាយលើកលែងទិដ្ឋាការរវាងប្រទេសទាំងពីរយ៉ាងណាក៏ដោយ។

ប្រទេសសិង្ហបុរីបានចាប់ផ្តើមផ្តល់ការលើកលែងទិដ្ឋាការរយៈពេល៣០ថ្ងៃដល់ភ្ញៀវទេសចរចិន ចាប់ពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ តទៅ ដោយរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរពីទីផ្សារក្រៅប្រទេសដ៏ធំបំផុតរបស់ពិភពលោកមួយនេះ ប៉ុន្តែទោះយ៉ាងណាការចំណាយខ្ពស់ និងបញ្ហាមួយចំនួនផ្សេងទៀត គឺជាប្រធានបទក្ដៅនៃការពិភាក្សាជាប្រចាំលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន។

អ្នកនិយមលេងបណ្ដាញទំនាក់ទំនងសង្គមចិនម្នាក់ ដែលមានឈ្មោះ Yanyi Elaine មកពីខេត្តអានហ៊ុយ (Anhui) បានសរសេរសំណេរលើគណនីសង្គមចិន Weibo របស់ខ្លួន ដែលមានអ្នកតាមដានជាង១ម៉ឺននាក់ថា «សិង្ហបុរីត្រូវបានគេស្គាល់ថាជារដ្ឋធានីនៃការផាកពិន័យ ហេតុអ្វីខ្ញុំត្រូវទៅទីនោះ?»។

ប្រភពពីកាសែតរបស់សិង្ហបុរី The Strait Times ក៏បានរាយការណ៍ថា Hashtag ឬសញ្ញាទ្រុងជ្រូក (#) ដែលភ្ជាប់ជាមួយសំណេរមួយប្រយោគថា «ការធ្វើដំណើរដោយគ្មានទិដ្ឋាការទៅកាន់ប្រទេសសិង្ហបុរី អាចបណ្ដាលឱ្យអ្នកទេសចរធ្លាក់ខ្លួនក្រដោយមិនដឹងខ្លួន ប្រសិនបើមិនប្រុងប្រយ័ត្ន» ដែល Hashtag នេះបានទាក់ទាញអ្នកនិយមលេងបណ្ដាញសង្គមប្រមាណ៣១០លាននាក់ ជាមួយនឹងការពិភាក្សាលើប្រធានបទនេះជាង៩ពាន់សំណេរ។

បើទោះបីជារដ្ឋតូចក៏ពិតមែន ប៉ុន្តែប្រទេសសិង្ហបុរីបានក្លាយជាទីក្រុងថ្លៃជាងគេបំផុតរបស់ពិភពលោកចំនួន៩ដង នៅក្នុងរយៈពេល១១ឆ្នាំចុងក្រោយនេះ។ បើយោងតាមក្រុមហ៊ុនវាយតម្លៃ Numbeo ដែលជាមូលដ្ឋានទិន្នន័យដ៏ធំបំផុតរបស់ពិភពលោកនៃទិន្នន័យរួមចំណែកដោយអ្នកប្រើប្រាស់ស្ដីអំពីទីក្រុង និងប្រទេសនានានៅជុំវិញពិភពលោកបានបង្ហាញថា ការចំណាយប្រចាំខែប៉ាន់ស្មានជាមធ្យមរបស់មនុស្សម្នាក់នៅក្នុងប្រទេសសិង្ហបុរីមានតម្លៃ ១,១២១ដុល្លារអាម៉េរិក។ ប៉ុន្តែអ្នកនិយមលេងបណ្ដាញសង្គមចិនមួយចំនួនអះអាងថា ការចំណាយនៅក្នុងប្រទេសសិង្ហបុរីគឺថ្លៃណាស់។

ម្ចាស់គណនី Weibo ម្នាក់បានសរសេរថា «ប្រទេសសិង្ហបុរីមិនអាចចាត់ទុកដូចជាប្រទេសថៃបានទេ ព្រោះការចំណាយពិតជាថ្លៃណាស់ ទាំងម្ហូបអាហារក៏ដោយ ប៉ុន្តែប្រទេសនេះនៅតែសប្បាយ និងសុវត្ថិភាពល្អណាស់ ហើយមិនមានរឿងចំលែកៗដូចប្រទេសថៃនោះទេ»។ ម្ចាស់គណនីម្នាក់ទៀតក៏បានសរសេរថា «បទពិសោធន៍​នៅសិង្ហបុរីគឺល្អជាងនៅប្រទេសថៃ» ខណៈដែលម្នាក់ទៀតក៏បានលើកឡើងថា «បាទ វាពិតជាថ្លៃណាស់ មិត្តភក្តិខ្ញុំទាំងអស់គ្នាបានទៅប្រទេសថៃ ប៉ុន្តែខ្ញុំបាននិយាយថា ខ្ញុំមិនចាប់អារម្មណ៍ទីនោះទេ»។

ប្រជាជនចិនមួយចំនួន ដែលកំពុងនៅប្រទេសសិង្ហបុរីបានផ្តល់ការណែនាំអំពីរបៀបសន្សំប្រាក់ពេលទៅលេងប្រទេសមួយនេះ។ ជាក់ស្តែង ម្ចាស់គណនីមានឈ្មោះថា Xiaohongshu បានណែនាំអ្នកទេសចរចិនឱ្យញ៉ាំអាហារនៅមជ្ឈមណ្ឌលលក់ទំនិញ និងទិញទំនិញនៅផ្សារទំនើបជាយក្រុងដូចជា Changi City Point ដែលល្បីល្បាញខ្លាំងនៅសិង្ហបុរី ។ ម្ចាស់គណនីយូធូបជនជាតិអាម៉េរិកម្នាក់ក៏បានលើកឡើងថា គាត់មានការភ្ញាក់ផ្អើលក្នុងការស្វែងរកអាហារឆ្ងាញ់ថោកនៅសិង្ហបុរីក្រោមតម្លៃ៥ដុល្លារ នៅឯផ្សារ Tiong Bahru។

សូមជម្រាបជូនថា ប្រទេសចិន គឺជាប្រភពភ្ញៀវទេសចរបរទេសធំទី២ របស់ប្រទេសសិង្ហបុរី កាលពីឆ្នាំមុន ដែលមានចំនួនប្រមាណ១,៤លាននាក់ ដែលនៅពីក្រោយប្រទេសឥណ្ឌូណេស៊ី៕ (ប្រភព ៖ VnExpress និង The Strait Times)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ