ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាពកា.ប់រានដីព្រៃតាមតំបន់អភិរក្សនានាក្នុង​ខេត្តមណ្ឌលគិរីនៅតែកើតមាន​

1 ខែ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ សកម្មភាពកាប់រានដីព្រៃតាមតំបន់អភិរក្សនានាក្នុងខេត្តមណ្ឌលគិរី នាដើមឆ្នាំ២០២៤នេះ កំពុងកើតមានជាហូរហែ ទោះបីមន្ត្រីជំនាញបង្កើនការយាមល្បាត និងចាប់បង្ក្រាបជាបន្តបន្ទាប់រហូតមានករណីខ្លះជនសង្ស័យ ត្រូវបានបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់នាពេលកន្លងមកហើយក្ដី ។ សេចក្ដីរាយការណ៍បានឱ្យដឹងថា ក្រុមការងារចម្រុះដឹកនាំ…

ខេត្តមណ្ឌលគិរី៖ សកម្មភាពកាប់រានដីព្រៃតាមតំបន់អភិរក្សនានាក្នុងខេត្តមណ្ឌលគិរី នាដើមឆ្នាំ២០២៤នេះ កំពុងកើតមានជាហូរហែ ទោះបីមន្ត្រីជំនាញបង្កើនការយាមល្បាត និងចាប់បង្ក្រាបជាបន្តបន្ទាប់រហូតមានករណីខ្លះជនសង្ស័យ ត្រូវបានបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់នាពេលកន្លងមកហើយក្ដី ។

សេចក្ដីរាយការណ៍បានឱ្យដឹងថា ក្រុមការងារចម្រុះដឹកនាំ ដោយលោកស៊ាវ ងីឈាន់ និងលោកសុង គឹមហេង ព្រះរាជអាជ្ញារងនៃអយ្យកាអមសាលាដំបូងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីជំនាញការិយាល័យដែនជម្រកសត្វព្រៃស្រែពក-ណាមលៀរ នៃមន្ទីរបរិស្ថាន ដោយមានកិច្ចសហការពីអាជ្ញាធរស្រុកពេជ្រាដា កម្លាំងកងរាជអាវុធហត្ថស្រុកពេជ្រាដាចុះប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃភ្នំណាម
លៀរ ក៏បានប្រទះឃើញមានការកាប់រុករានទន្ទ្រានដីព្រៃចំនួន១៤ទីតាំង ។

សេចក្ដីរាយការណ៍បន្តថា ប្រតិបត្តិការនេះ មន្ត្រីជំនាញបានបែងចែកជាពីរក្រុម ក្រុមទី១ ដឹកនាំដោយលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង និងក្រុមទី២ ដឹកនាំដោយលោកសុង គីមហេង ព្រះ​រាជអាជ្ញារង ។ ក្នុងប្រតិបត្តិការនេះ ក្រុមមន្ត្រីជំនាញបានរកឃើញដីព្រៃអភិរក្សត្រូវជនមិនស្គាល់អត្តសញ្ញាណលួចកាប់ផ្តួលដើមឈើក្នុងភូមិសាស្ត្រភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ចំនួន១០ទីតាំង ។ ចំណែកបួនទីតាំងទៀតគឺស្ថិតក្នុងភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ។

តាមការបញ្ជាក់ពីមន្ត្រីជំនាញដែលបានចុះក្នុងប្រតិបត្តិការខាងលើបានឱ្យដឹងថា ការកាប់រានដីព្រៃទាំងនោះជនល្មើសបានប្រើរូបភាពលួចចូលកាប់ផ្តួលដើមឈើ ពេលដែលកម្លាំងយាមល្បាតនៃដែនជម្រកសត្វព្រៃស្រែពក-ណាមលៀរ ជាប់បំពេញភារកិច្ចនៅទីតាំងផ្សេងៗ ហើយខ្លះទៀតឆ្លៀត​ឱកាសចូលកាប់រាននៅពេលយប់ ។

ក្នុងករណីនេះ ក្រោយពីក្រុមការងារបានជួបប្រទះនូវបទល្មើសកាប់រានទន្ទ្រានខាងលើ មន្ត្រីជំនាញកំពុងបន្តធ្វើការវាស់វែងយកទំហំទីតាំងដីកាប់រាន និងបន្តនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

អត្ថបទសរសេរ ដោយ