ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌារំពឹងទម្លាក់ជប៉ុន និងអាល្លឺម៉ង់ ក្លាយជាមហាអំណាចសេដ្ឋកិច្ចទី៣ ពិភពលោក

1 ខែ មុន

ប្រទេសឥណ្ឌា ៖ ប្រទេសឥណ្ឌាបានរក្សាតំណែងជាប្រទេសសេដ្ឋកិច្ចធំដែលមានកំណើនលឿនបំផុត

ប្រទេសឥណ្ឌា ៖ ប្រទេសឥណ្ឌាបានរក្សាតំណែងជាប្រទេសសេដ្ឋកិច្ចធំដែលមានកំណើនលឿនបំផុតរបស់ពិភពលោក ដោយបានកើនឡើង ៨.៤% នៅក្នុងរយៈពេល៣ខែចុងក្រោយនៃឆ្នាំ២០២៣ ធៀបនឹងឆ្នាំ ២០២២ ដែលទិន្នន័យនេះបានកើតឡើងខណៈដែលប្រទេសនៅអាស៊ីខាងត្បូងមួយនេះ គ្រោងនឹងរៀបចំការបោះឆ្នោតសកលនៅឆ្នាំនេះ។

ប្រទេសឥណ្ឌាត្រូវបានគេព្យាករណ៍ថា នឹងវ៉ាដាច់ប្រទេសជប៉ុន និងអាល្លឺម៉ង់ ក្លាយជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី៣ពិភពលោក នៅប៉ុន្មានឆ្នាំខាងមុខ។ កំណើនល្អប្រសើរជាងការរំពឹងទុកត្រូវបានដឹកនាំដោយដំណើរការដ៏រឹងមាំរបស់ក្រុមហ៊ុនផលិតនៅក្នុងស្រុក ដោយវិស័យនេះបានពង្រីកដល់ ១១.៦%។ ការប្រើប្រាស់ឯកជនដែលស្មើនឹងជិតពីរភាគបីនៃផលិតផលក្នុងស្រុកសរុប ឬ GDP របស់ប្រទេសឥណ្ឌា ក៏បានកើនឡើងផងដែរនៅ ៣.៥% ។ អំណាចនៃការចំណាយរបស់ប្រជាជនឥណ្ឌា​រងផលប៉ះពាល់ កាលពីឆ្នាំមុន ដោយសារតម្លៃកើនឡើងខ្ពស់នៃអាហារសំខាន់ៗដូចជា ខ្ទឹមបារាំង ជាដើម ដែលនាំឱ្យរដ្ឋាភិបាលឥណ្ឌាដាក់ចេញវិធានការមួយចំនួនភ្លាមៗ ដើម្បីជួយទប់ស្កាត់អតិផរណាតម្លៃម្ហូបអាហារ។

នៅប៉ុន្មានឆ្នាំថ្មីៗនេះ លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី (Narendra Modi) បានបង្កើនការចំណាយរបស់រដ្ឋាភិបាលលើហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់ការលើកទឹកចិត្តក្នុងការជំរុញការផលិតទូរសព្ទ គ្រឿងអេឡិចត្រូនិក យន្តហោះគ្មានមនុស្សបើក ឬ ដ្រូន និងគ្រឿងបង្គុំអេឡិចត្រូនិកសម្រាប់ការផលិតបន្ទះឈីប ដើម្បីជួយឥណ្ឌាប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។ កាលពីសប្តាហ៍មុន រដ្ឋាភិបាលឥណ្ឌាបានផ្តល់ភ្លើងខៀវដល់ការសាងសង់រោងចក្រគ្រឿងបង្គុំអេឡិចត្រូនិកចំនួន ៣ ដែលមានតម្លៃរហូតដល់ ១៥ពាន់លានដុល្លារអាម៉េរិក ដោយនៅក្នុងនោះរួមទាំងក្រុមហ៊ុនខ្នាតយក្សរបស់ឥណ្ឌា Tata ផងដែរ។

បើទោះជាជឿនលឿនលើវិស័យជាច្រើនក៏ពិតមែន ប៉ុន្តែសម្រាប់វិស័យកសិកម្មដែលមានចំនួនប្រហែល ១៥% នៃសេដ្ឋកិច្ចសរុបរបស់ឥណ្ឌាស្មើនឹង ៣.៧ទ្រីលានដុល្លារ បានបន្តប៉ះពាល់ដោយសារតែភ្លៀងមូសុងខ្សោយ។ ស្របពេលដែលកសិករមួយចំនួនបានតវ៉ាទាមទារដំឡើងតម្លៃដំណាំ។

យោងតាមការព្យាករណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានរំពឹងថា សេដ្ឋកិច្ចប្រទេសឥណ្ឌានឹងកើនឡើង ៦.៥% នៅឆ្នាំ ២០២៤ បើធៀបនឹង ៤.៦% សម្រាប់ប្រទេសចិន ខណៈដែលទីក្រុង​ប៉េកាំងកំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើង ទៅនឹងការបង្ហាញវិធានការជំរុញសេដ្ឋកិច្ច នៅក្នុងនាមខ្លួនជាប្រទេសសេដ្ឋកិច្ចធំលំដាប់ទី២ ពិភពលោក ដែលកំពុងប្រឈមមុខនឹងបញ្ហាជាច្រើនរួមទាំង វិបត្តិទីផ្សារអចលនទ្រព្យ ភាពអត់ការងារធ្វើរបស់យុវជនកើនឡើងខ្ពស់ និងការធ្លាក់ចុះតម្លៃ ដែលត្រូវបានស្គាល់ថា «បរិត្តផរណា»។

ប្រទេសមហាអំណាចសេកិច្ចធំទាំង ៥ របស់ពិភពលោកសម្រាប់ឆ្នាំ ២០២៣ ៖
១-សហរដ្ឋអាម៉េរិក GDP ចំនួន ២៦.៩ទ្រីលានដុល្លារអាម៉េរិក
២-ប្រទេសចិន GDP ចំនួន ១៧.៧ទ្រីលានដុល្លារអាម៉េរិក
៣-ប្រទេសអាល្លឺម៉ង់ GDP ចំនួន ៤.៤ទ្រីលានដុល្លារអាម៉េរិក
៤-ប្រទេសជប៉ុន GDP ចំនួន ៤.២ទ្រីលានដុល្លារអាម៉េរិក
៥-ប្រទេសឥណ្ឌា GDP ចំនួន ៣.៧ទ្រីលានដុល្លារអាម៉េរិក៕ (ប្រភព ៖ BBC និង US News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ