ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំលេងជាមួយការជួញដូរ Bitcoin ប្រយ័ត្នអស់លុយពីខ្លួន

1 ខែ មុន

ពលរដ្ឋ​កម្ពុ​ជាមួយ​ចំនួន​អាច​កំពុង​តែ​ជួញដូរ Bitcoin ហើយ​មួយ​ចំនួន​កំពុង​តែ​ស្រើបស្រាល ស្រប​ពេល​ដែល​មាន​សេចក្តីរាយការណ៍​នៅ​លើ​សារព័ត៌មាន​បរទេស​ធំ​ៗ​បាន​រាយការណ៍​ពី​ការ​កញ្ជ្រោល​ឡើង​នូវ​តម្លៃ​នៃ​ការ​ជួញដូរ​នូវ​ឧបករណ៍​ទូទាត់​ថ្មី​មួយ​របស់​ពិភពលោក​មួយ​នេះ ។ ប៉ុន្តែ​នៅ​កម្ពុជា វា​នៅ​មិន​ទាន់​ស្របច្បាប់​នៅឡើយ​ទេ​។ តម្លៃ​នៃ​ការ​ជួញដូរ Bitcoin នៅ​លើ​ទីផ្សារ​អន្តរជាតិ​ត្រូវ​បាន​គេ​រាយការណ៍​ថា…

ពលរដ្ឋ​កម្ពុ​ជាមួយ​ចំនួន​អាច​កំពុង​តែ​ជួញដូរ Bitcoin ហើយ​មួយ​ចំនួន​កំពុង​តែ​ស្រើបស្រាល ស្រប​ពេល​ដែល​មាន​សេចក្តីរាយការណ៍​នៅ​លើ​សារព័ត៌មាន​បរទេស​ធំ​ៗ​បាន​រាយការណ៍​ពី​ការ​កញ្ជ្រោល​ឡើង​នូវ​តម្លៃ​នៃ​ការ​ជួញដូរ​នូវ​ឧបករណ៍​ទូទាត់​ថ្មី​មួយ​របស់​ពិភពលោក​មួយ​នេះ ។ ប៉ុន្តែ​នៅ​កម្ពុជា វា​នៅ​មិន​ទាន់​ស្របច្បាប់​នៅឡើយ​ទេ​។

តម្លៃ​នៃ​ការ​ជួញដូរ Bitcoin នៅ​លើ​ទីផ្សារ​អន្តរជាតិ​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​កើន​ឡើងជា​បន្តបន្ទាប់​រហូត​ដល់​១ Bitcoin មាន​តម្លៃ​រហូត​ដល់​ទៅ​ជាង​៦​ម៉ឺន​ដុល្លារ កាលពី​ចុងខែ​កុម្ភៈ ហើយ​នៅ​ដើមខែ​មីនា នេះ​និន្នាការ​របស់​វា​កំពុង​តែ​ឡើង​បន្ត​ទៀត ក្រោយ​ពេល​ដែល​វា​បាន​ឡើង​ដល់ ១Bitcoin មាន​តម្លៃ​ដល់​ទៅ ៦៨.៩៩១ ដុល្លារ​កាល ពី​ខែវិច្ឆិកា ឆ្នាំ​២០២១ ហើយ​បាន​ស្រុត​ចុះ​វិញ​នៅ​ក្រោយ​ពេល​ផ្ទុះ​វិបត្តិ​ធនាគារ នៅ​សហរដ្ឋ អា​មេ​រិ​ក​កាលពី​ចុងឆ្នាំ​២០២២ ។ នៅ​ពេល​នេះ វា​កំពុង​តែ​មាន​និន្នាការ​កើនឡើង​វិញ ។

Bitcoin ត្រូវ​បាន​គេ​ដឹង​ថា គឺជា​ឧបករណ៍​នៃ​ការ​ជួញដូរ​ថ្មី ដែល​បង្កើត​ឡើង​កាលពី​ឆ្នាំ ២០០៨ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា នរណា ឬ​ក្រុម​ណា​ជា​អ្នក​បង្កើត​វា​ឡើង​ពិតប្រាកដ​នៅឡើយ​ទេ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​មក​ដល់​ពេល​នេះ​ប្រទេស​មួយ​ចំនួន​ចាប់ផ្តើម​ទទួលស្គាល់​ឧបករណ៍​នៃ​ការ​ជួញដូរ​ហិរញ្ញវត្ថុ​ថ្មី​មួយ​នេះ​ជា​បន្តបន្ទាប់ ដែល​ធ្វើ​ឲ្យ​តម្លៃ​របស់​វា​ឡើង​តាំងពី​១ Bitcoin ស្មើនឹង​១​សែន​ដុល្លារ​រហូត​ដល់ ជាង ៦​ម៉ឺន​ដុល្លារ​ដល់​សព្វ​ថ្ងៃនេះ ។ សម្រាប់​ស្រុក​គេ​ដែល​មានច្បាប់​មាន​ប្រព័ន្ធ​អនុវត្ត​ច្បាប់​ច្បាស់លាស់ ហើយ​យន្តការ​ស៊ើបអង្កេត​ក៏​ដូច​ជា ទប់ស្កាត់​បទល្មើស​មាន​សុ​ក្រិ​ត្យ​ភាព និង​ប្រសិទ្ធភាព ការ​ជួញដូរ Bitcoin អាច​មិន​អី​នោះ​ទេ ។ ប៉ុន្តែ​នៅ​ក្នុង​សម្រាប់​ប្រទេស​យើង​វា​ហាក់ដូចជា នៅ​មិន​ទាន់​មាន​សុវត្ថិភាព​នៅឡើយ ទោះបីជា​តម្លៃ​នៃ​ការ​ជួញដូរ​របស់​វា គឺ​ពិតជា​ទាក់ទាញ​សម្រាប់​ការ​បណ្តាក់ទុន​ក៏​ដោយ​ចុះ ប៉ុន្តែ​សូមកុំ​ប្រថុយប្រថាន ។

មក​ដល់​ពេល​នេះ នៅ​ក្នុង​ចង្កោម​អ្នក​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ គឺ​ពិតជា​ស្គាល់ Bitcoin នេះ ហើយ​ក៏​កំពុង​តែ​តាមដាន​វា​ច្រើន​គួរសម ហើយ​នៅ​ក្នុង​នោះ​ខ្លះ​ក៏​បាន​លេង​វា​ផង​ដែរ ប៉ុន្តែ​អាច​មិនមែន​លេង​នៅ​ក្នុងស្រុក​ទេ គឺ​អាច​ជួញដូរ​តាម​ការ​បណ្តាក់ទុន​នៅ​ក្រៅប្រទេស​ដោយសារ​តែ​ប្រព័ន្ធ​ទូទាត់ និង​វេ​សាច់ប្រាក់​វិនិយោគ​បែប​នេះ​មាន​ច្រើន​ច្រក​តាំងពី​វី​សា​កាត ម៉ា​ស្ទ័​រកា​ត …​ជាដើម ។ សម្រាប់​អ្នកជំនាញ​មាន​ធនធាន​អាច​សាកល្បង​ក៏​សាកល្បង​ទៅ​ចុះ ប៉ុន្តែ​សូម​ប្រុង​ប្រយ័ត្ន ហើយ​កុំ​លោភលន់ ប្រយ័ត្ន​សល់​សំបកខ្លួន ហើយ​សម្រាប់​អ្នក​ដែល​មិនមែន​ជំនាញ និង​មិន​ស្គាល់ Bitcoin ក៏​ដូច​ជា​យន្តការ​នៃ​ការ​ទូទាត់ និង​ជួញដូរ​ច្បាស់លាស់​ទេ​នោះ​កុំ​ប្រថុយ​អី ។

ពាក់ព័ន្ធ​នឹង Bitcoin នេះ តាម​អត្ថបទ​សារព័ត៌​មាននៅ​ក្នុងស្រុក​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា Bitcoin មិន​ទាន់​ស្របច្បាប់​នៅ​កម្ពុជា​នៅឡើយ​ទេ ។ លោកស្រី ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ត្រូវ​សារព័ត៌មាន​ដកស្រង់​សម្តី​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ថា ធនាគារជាតិ​នៃ​កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ធ្វើ​ប្រតិបត្តិការ​ទាក់ទង​នឹង​វា​នៅឡើយ ដើម្បី​ការពារ​ហានិភ័យ​ដល់​សាធារណជន​ដែល​អាច​ងាយ​រង​គ្រោះ​ពី​ការ​ក្លែងបន្លំ និង​ការ​បាត់បង់ ។

លោកស្រី ទេសាភិបាល​មាន​ប្រសាសន៍​ថា វា​ជា​ឧបករណ៍​នៃ​ការ​ជួញដូ​ឌី​ជី​ថ​ល​ដែល​គ្មាន​ប្រភព​ច្បាស់លាស់ និង​ហានិភ័យ​ខ្ពស់ ហើយ​ធនាគារជាតិ​នៃ​កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ធ្វើ​ប្រតិបត្តិការ​ទាក់ទង​វា​ឡើយ ដើម្បី​ការពារ​ហានិភ័យ​សាធារណៈ ដោយសារ​តែ​ក្តី​បារម្ភ​ថា អាច​ងាយ​រង​គ្រោះ​នឹង​ការ​ក្លែងបន្លំ​ក៏​ដូច​ជា ការ​ប្រឈម​នឹង​ការ​ខាតបង់​ផ្សេង​ៗ ។

តាម​ប្រសាសន៍​របស់​លោកស្រី​ទេសាភិបាល កម្ពុជា​កំពុង​តែ​យកចិត្តទុកដាក់​ណាស់​លើ​បច្ចេកវិទ្យា​ទំនើប​ដែល​យើង​អាច​ប្រើប្រាស់ ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​ប្រកបដោយ​ប្រសិទ្ធភាព សុវត្ថិភាព និង​តម្លៃ​ទាប ដូច​ជា​បាគង​ដែល​បាន​ក្លាយជា​ប្រព័ន្ធ​ទូទាត់​សម្រាប់​សម្រួល​ដល់​ការ​ទូទាត់​អន្តរ​ធនាគារ និង​ហិរញ្ញវត្ថុ ។ ប្រព័ន្ធ​ទូទាត់​របស់​កម្ពុជា​បាន​នឹង​កំពុង​ចាប់​យក​ឱកាស និង​សក្តានុពល​ពី​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ដែល​ធ្វើ​ឲ្យ​ការ​ទូទាត់​កាន់តែ​មាន​ប្រសិទ្ធភាព សុវត្ថិភាព និង​តម្លៃ​សមរម្យ ក៏​ដូច​ជា ការ​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កែ​លម្អ​បរិយាកាស​ហិរញ្ញវត្ថុ និង​ការ​ជំរុញ​សេដ្ឋកិច្ច ឌី​ជី​ថ​ល ស្រប​តាម​យុទ្ធសាស្ត្រ​របស់​មន្ទីរ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល ។ ប៉ុន្តែ​ក៏​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន ដើម្បី​រួមចំណែក​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បរិយាកាស​ហិរញ្ញវត្ថុ ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​ទូទាត់ និង​សមាហរណកម្ម​ក្នុង​តំបន់ និង​ពិភពលោក ដើម្បី​រួមចំណែក​លើកកម្ពស់​ពាណិជ្ជកម្ម ការ​វិនិយោគ ទេសចរណ៍ និង​សកម្មភាព​ផ្ទេរ​ប្រាក់​ពី​បរទេស ។

ផ្អែក​តាម​មូលដ្ឋាន​នេះ យើង​សង្ឃឹមថា ពលរដ្ឋ​កម្ពុជា​នឹង​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​យក​ខ្លួន​ទៅ​សាកល្បង​នឹង​ការ​ជូ​ញ​ដូរ Bitcoin ក៏​ដូច​ជា ឧបករណ៍​នៃ​ការ​ជូ​ញ​ដូរ​ថ្មី​ៗ​ផ្សេង​ៗ​ទៀត​ដែល​អាច​នឹង​មាន​ឈ្មួញកណ្តាល​មក​ព្យាយាម​ពន្យល់​មក​បញ្ចុះបញ្ចូល​មក​អន្ទង​អស់លោក​/​លោកស្រី ឲ្យ​សាកល្បង ។ បើ​ចាប់អារម្មណ៍​អាច​បន្ត​តាមដាន ហើយ​សិក្សា​វា ដើម្បី​ប្រមូល​ព័ត៌មាន​សិន​ទៅ​បាន​ហើយ ។ ជា​ធម្មតា​ទេ Bitcoin និង​ឧបករណ៍​នៃ​ការ​ជូ​ញ​ដូរ​ផ្សេង​ទៀត​វា​អាច​ល្អ និង​អាក្រក់ ដូច្នេះ​ត្រឹមតែ​សិក្សា និង​ស្វែង​យល់​មិន​ទាស់​ខុស​អ្វី​ឡើយ ប៉ុន្តែ​កុំ​អាល​សាកល្បង ៕ ដោយៈ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ