ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​ខ្វល់​ពាក្យ​ចា​.​ក់​ដោត​! តារា​ល្បី លី ប៊ី​ង​ប៊ី​ង វ័យ​៥១​ឆ្នាំ បន្ត​សោយសុខ​ជីវិត​នៅ​លីវ

1 ខែ មុន

ចិន ៖ តារា​សម្ដែង និង​ជា​តារាចម្រៀង​ដ៏​ល្បី​របស់​ប្រទេស​ចិន កញ្ញា លី ប៊ី​ង​ប៊ី​ង (Li Bingbing) បាន​

ចិន ៖ តារា​សម្ដែង និង​ជា​តារាចម្រៀង​ដ៏​ល្បី​របស់​ប្រទេស​ចិន កញ្ញា លី ប៊ី​ង​ប៊ី​ង (Li Bingbing) បាន​និយាយ​ថា កញ្ញា​កំពុង​រីករាយ​យ៉ាង​ខ្លាំង​នឹង​ជីវិត​នៅ​លីវ​ក្នុង​អាយុ​៥១​ឆ្នាំ ដោយ​ពណ៌នា​ថា «​ពេញលេញ និង​សេរីភាព​»​។ កញ្ញា​បាន​ចែករំលែក​ការ​យល់​ដឹង​អំពី​ជីវិត​ក្នុង​កិច្ច​សម្ភាស​នា​ពេល​ថ្មី​ៗ​នេះ ជាមួយ​ទស្សនាវដ្ដី​ចិន Marie Claire ដែល​ចេញផ្សាយ​ក្នុង​ខែកុម្ភៈ​។

កញ្ញា លី បាន​កាត់​បន្ថយ​ការ​ចូលរួម​សម្ដែង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដើម្បី​យក​ពេល​សោយសុខ​នឹង​ជីវិត​នៅ​លីវ​របស់​កញ្ញា ខណៈ​ពេលវេលា​ត្រូវ​បាន​បែងចែក​រវាង​ចំណង់​ចំណូលចិត្ត​ក្នុង​ការ​ជិះ​ស្គី ការ​ហ្វឹកហាត់​កីឡា​ជា​ច្រើន​ជំនួយ​ដល់​រាង​កាយ និង​សម្រស់ ការ​រៀន​ភាសា​អង់គ្លេស ការ​ចិញ្ចឹម​បីបាច់​កូន​២​នាក់​របស់​ប្អូនស្រី​កញ្ញា ជា​ពិសេស​ការ​ចំណាយ​ពេលវេលា​ជាមួយ​ឪពុក​ម្ដាយ និង​ការ​គ្រប់គ្រង​ទំនួល​ខុស​ត្រូវ​នៅ​ក្រុមហ៊ុន​កម្សាន្ត​ដែល​សហការ​ជាមួយ​ប្អូនស្រី​កញ្ញា​។

កញ្ញា​និយាយ​ថា ការ​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​ជាមួយ​ប្អូនស្រី​នាំ​មក​នូវ​អារម្មណ៍​រីករាយ និង​ពេញលេញ​ដល់​ជីវិត​។ កញ្ញា​ចាត់​ទុក​កូន​របស់​ប្អូនស្រី​ដូច​ជា​កូន​កញ្ញា​ផ្ទាល់ ហើយ​បាន​ដើរតួ​ដល់​ការ​ចិញ្ចឹម​បីបាច់​ពួក​គេ​ផង​ដែរ​។ លី អះអាង​ថា កញ្ញា​ផ្តល់​ខ្លាំង​យ៉ាង​សំខាន់​លើ​ចំណង​គ្រួសារ រក្សា​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​ឪពុក​ម្ដាយ និង​ធានា​ថា ទាំងអស់​គ្នា​រីករាយ​ដំណើរ​ជីវិត​ដ៏​គួរ​ឱ្យ​ចង​ចាំ​ជាមួយ​គ្នា​។ ទាក់ទង​រឿង​ជីវិត​អាពាហ៍ពិពាហ៍ លី ប្រកាន់​យក​វិធីសាស្ដ្រ​មួយ​ថា «​បើ​បាន​ជួប​មនុស្ស​ត្រឹមត្រូវ អ្នក​នឹង​ធ្លាក់​នៅ​ក្នុង​អន្លង់​ស្នេហ៍ ប៉ុន្តែ​បើ​លែង​ត្រូវ​គ្នា បើ​មិន​សប្បាយចិត្ត ក៏​បែក​គ្នា​»​។

ដោយ​ទទួលស្គាល់​ដំណើរការ​នៃ​ភាព​ចាស់​ដែល​ជៀស​មិន​រួច លី នៅ​តែ​មិន​ភ័យ​ខ្លាច ដោយ​ផ្តោត​លើ​ការ​ថែទាំ​ផ្ទាល់ខ្លួន​ជំនួស​វិញ​។ នៅ​ពេល​កញ្ញា​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ ២០២៤ លី បាន​បង្ហាញ​ពី​បំណង​ចង់​ពង្រឹង​ការ​យល់​ដឹង​ខ្លួនឯង​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​យកឈ្នះ​លើ​បញ្ហា​ប្រឈម​ផ្ទាល់ខ្លួន ក៏​ដូច​ជា​ស្វែងរក​សុភមង្គល​ក្នុង​ភាព​ស្មោះត្រង់​ចំពោះ​ខ្លួនឯង​។ លី ទទួលស្គាល់​ថា ខ្លួន​ជា​អ្នក​ឆ្លុះ​បញ្ចាំង​ខ្លួនឯង និង​ប្រយ័ត្នប្រយែង​ក្នុង​ការ​ដើរ​ខុសផ្លូវ បើ​ទោះបីជា​កញ្ញា​យល់​ថា គឺជា​ដំណើរការ​យឺត​ក៏​ដោយ ប៉ុន្តែ លី មាន​អារម្មណ៍​ថា​មានការ​កើនឡើង​នៃ​ភាពរឹងមាំ​ក្នុង​ដំណើរ​ជីវិត​របស់​កញ្ញា​។

ជាមួយនឹង​អាជីព​រយៈពេល​៣​ទស្សវត្សរ៍​កន្លង​មក កញ្ញា លី ប៊ី​ង​ប៊ី​ង ទទួល​ការ​សរសើរ​ជា​ច្រើន​ទាំង​ក្នុង​ភាពយន្ត​ចិន និង​អន្តរជាតិ សម្រាប់​តួនាទី​កញ្ញា​នៅ​ក្នុង​ខ្សែភាពយន្ត​ល្បី​ៗ ដូច​ជា Seven Years, Waiting Alone, The Knot, The Message, Zhong Kui: Snow Girl and the Dark Crystal និង The Meg ជាដើម ។ ផ្សេង​ពី​ឧស្សាហកម្ម​ភាពយន្ត​ចិន លី ក៏​បាន​បង្កើត​ភាព​ល្បីល្បាញ​ក្នុង​ភាពយន្ត​ហូ​លី​វូ​ដ​ជាមួយនឹង​ការ​បង្ហាញខ្លួន​ដ៏​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​រឿង​ដូច​ជា The Meg, Transformers: Age of Extinction និង Resident Evil 5 ជាដើម​។

យ៉ាងណាមិញ បើ​ទោះបីជា​កញ្ញា​សម្រេច​បាន​ជោគជ័យ​ដ៏​ច្រើន​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ លី​គ នៅ​តែ​មានការ​ប្រុង​ប្រយ័ត្ន​យ៉ាង​ខ្លាំង​ចំពោះ​ជីវិត​ផ្ទាល់ខ្លួន ដោយ​គ្រាន់តែ​ទទួលស្គាល់​ជា​សាធារណៈ​នូវ​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​អ្នកជំនួញ​ជនជាតិ​ចិន​ម្នាក់ ដែល​បាន​បញ្ចប់​កាលពី​ឆ្នាំ ២០២១៕ (​ប្រភព ៖ VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ