ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ឡាន​អគ្គិសនី​ដ៏​ធំ​របស់​វៀតណាម កើប​ចំណូល​ជាង​១​ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ​មុន

2 ខែ មុន

ប្រទេស​វៀតណាម ៖ ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ដ៏​ធំ​របស់​ប្រទេស​វៀតណាម VinFast បាន​រាយ

ប្រទេស​វៀតណាម ៖ ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ដ៏​ធំ​របស់​ប្រទេស​វៀតណាម VinFast បាន​រាយការណ៍​ពី​ប្រាក់​ចំណូល ២៨.៦​ទ្រី​លាន​ដុ​ង ដែល​ស្មើនឹង ១.១៦​ពាន់​លាន​ដុល្លារ​អាម៉េរិក កាលពី​ឆ្នាំ​មុន ពោល​កើនឡើង​រហូត​ដល់ ៩១% ធៀប​នឹង​ឆ្នាំ ២០២២ ដោយ​ក្នុង​ត្រីមាស​ចុង​ក្រោយ ការ​លក់​កើនឡើង​ដល់ ១៣៣% ពោល​ក្នុង​តម្លៃ​ជាង ១០.៤​ទ្រី​លាន​ដុ​ង ដែល​ស្មើនឹង​ជាង ៤២២​លាន​ដុល្លារ​។

VinFast ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Vingroup ដែល​ជា​កម្មសិទ្ធិ​របស់​លោក Pham Nhat Vuong មហាសេដ្ឋី​មានទ្រព្យ​ច្រើន​បំផុត​របស់​ប្រទេស​វៀតណាម បាន​លក់​រថយន្ត​សរុប ៣៤,៨៥៥​គ្រឿង ពោល​កើនឡើង​៥​ដង ធៀប​នឹង​ឆ្នាំ ២០២២ ជាមួយ​ការ​លក់​ម៉ូតូ​សរុប ៧២,៤៦៨​គ្រឿង កាលពី​ឆ្នាំ ២០២៣ ប៉ុន្តែ​ដោយសារ​តែ​ការ​ចំណាយ​ផ្នែក​ហិរញ្ញវត្ថុ និង​រដ្ឋបាល​ដ៏​ច្រើន ក្រុមហ៊ុន​បាន​ខាតបង់​ទឹកប្រាក់​សរុប​ជាង ១៣​ទ្រី​លាន​ដុ​ង ដែល​ស្មើនឹង​ជាង ៥២៧​លាន​ដុល្លារ​។ ទោះជា​យ៉ាងណា​ក៏ ជាមួយនឹង​ប្រាក់​ចំណេញ​នេះ ក្រុមហ៊ុន​បាន​មើលឃើញ​ថា ប្រសើរ​ឡើង​យ៉ាង​ខ្លាំង បើ​ធៀប​នឹង​ឆ្នាំ ២០២២​។

Vingroup ដែល​ជា​ក្រុមហ៊ុនមេ​របស់ VinFast បាន​គ្រប់គ្រង​លើ​ការ​រក​ប្រាក់​ចំណេញ បើ​ទោះបីជា​ការ​ខាតបង់​ដ៏​ច្រើន​របស់ VinFast យ៉ាងណា​ក៏​ដោយ ដោយសារ​តែ​ប្រាក់​ចំណេញ​ប្រមាណ ៣២.៦​ទ្រី​លាន​ដុ​ង ដែល​ស្មើនឹង​ជាង ១.៣២​ពាន់​លាន​ដុល្លារ​បាន​មក​ពី​អង្គភាព​អចលនទ្រព្យ​របស់​ខ្លួន​គឺ ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ Vinhomes និង​ប្រតិបត្តិ​ករ​ផ្សារ​ទំនើប Vincom Retail បូក​នឹង​ប្រាក់​ចំណេញ ១៣​ពាន់​លាន​ដុ​ង ដែល​ស្មើនឹង​ជាង ៥២៧​លាន​ដុល្លារ​បាន​មក​ពី​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ផ្សេង​ទៀត កាលពី​ឆ្នាំ ២០២៣​។

កាលពី​ឆ្នាំ​មុន VinFast បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​ពហុ​ទិស​ដៅ​រួម​មាន ការ​ផ្លាស់​ប្ដូរ និង​ការ​ពង្រីក​បណ្ដាញ​លក់រាយ​នៅ​ទូ​ទាំង​ពិភពលោក ក៏​ដូច​ជា​ការ​ធ្វើ​ចម្រុះ​ភាព​លើ​ផលិតផល​របស់​ខ្លួន និង​ការ​បង្កើន​សមត្ថភាព​ផលិតកម្ម​ផង​ដែរ​។ បន្ថែម​លើស​ពី​នេះ ក្រុមហ៊ុន​បាន​ផ្លាស់​ប្ដូរ​ពី​គំរូ​ចែកចាយ​ដោយ​ផ្ទាល់​ទៅ​ជា​គំរូ​ចែកចាយ​សម្រាប់​ប្រតិបត្តិការ​អន្តរជាតិ​របស់​ខ្លួន​។ បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​ហាង​លក់​ចំនួន ១៣ នៅ​ក្នុង​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា និង​ហាង​ចែកចាយ​ចំនួន ៦ នៅ​រដ្ឋ North Carolina, ញូ​វ​យ៉​ក រដ្ឋ​តិច​សាស់ ផ្ល​រី​ដា និង​កាន​សាស ហើយ​គ្រោង​នឹង​មានការ​លក់រាយ​ចំនួន​១៣០​ទីតាំង​ផ្សេង​ទៀត នៅ​សហរដ្ឋ​អាម៉េរិក និង​៤០០​ទីតាំង នៅ​ទូ​ទាំង​ពិភពលោក​ចុងឆ្នាំ ២០២៤​។

នៅ​ឆ្នាំ​នេះ ក្រុមហ៊ុន​ផ្តោត​ខ្លាំង​លើ​តុល្យភាព​រវាង​កំណើន​ប្រាក់​ចំណូល និង​ការ​បង្កើន​ប្រសិទ្ធភាព​ចំណាយ​។ ក្រុមហ៊ុន​មាន​គោលបំណង​ក្នុង​ការ​លក់​រថយន្ត​ចំនួន ១០​ម៉ឺន​គ្រឿង ដោយ​ប្រើប្រាស់​ទុន​លើ​បណ្ដាញ​ចែកចាយ​ផ្សេង​ៗ និង​ប្រើប្រាស់​បណ្ដាញ​ចែកចាយ​របស់​ខ្លួន នៅ​ក្នុង​ទីផ្សារ​បរទេស​។

នៅ​ក្នុង​លក្ខខណ្ឌ​នៃ​ការ​កាត់​បន្ថយ​លើ​ការ​ចំណាយ ក្រុមហ៊ុន​បាន​អះអាង​ថា ខ្លួន​បាន​កាត់​បន្ថយ​ថ្លៃដើម​សម្ភារៈ​ចំនួន ៤០% សម្រាប់​ម៉ូ​ដែល​រថយន្ត​នីមួយ​ៗ​ក្នុង​រយៈពេល​២​ឆ្នាំ ចាប់តាំងពី​ការ​ចេញ​លក់​តាម​រយៈ​ដំណោះស្រាយ​បច្ចេកទេស​ដូច​ជា ការ​រៀបចំ​ឡើង​វិញ​នូវ​ធាតុ​ផ្សំ និង​ការ​ធ្វើ​ឱ្យ​ប្រព័ន្ធ​របស់​រថយន្ត​អគ្គិសនី និង​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​កាន់តែ​ប្រសើរ​ឡើង​៕ (​ប្រភព ៖ VNExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ