ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការទូទាត់លុយរៀលតាមQR មិនទាន់រលូននៅកម្រិតតំបន់

2 ខែ មុន

ដំណើរការ​នៃ​ការ​ទូទាត់​តាម QR ដែល​កម្ពុជា​បាន​ដាក់​ចេញ​ជា​បន្តបន្ទាប់ គឺ​កំពុង​តែ​ធ្វើ ដំណើរ​ទៅ​មុខ ប៉ុន្តែ​ប្រតិបត្តិ​ករ និង​អ្នកទេសចរ​ក្រៅប្រទេស​បាន​អះអាង​ថា ប្រតិបត្តិការ នៃ ការ​ទូទាត់​នេះ​រលូន​តែ​នៅ​ក្នុង​កម្រិត​គោលនយោបាយ​នៅឡើយ…

ដំណើរការ​នៃ​ការ​ទូទាត់​តាម QR ដែល​កម្ពុជា​បាន​ដាក់​ចេញ​ជា​បន្តបន្ទាប់ គឺ​កំពុង​តែ​ធ្វើ ដំណើរ​ទៅ​មុខ ប៉ុន្តែ​ប្រតិបត្តិ​ករ និង​អ្នកទេសចរ​ក្រៅប្រទេស​បាន​អះអាង​ថា ប្រតិបត្តិការ នៃ ការ​ទូទាត់​នេះ​រលូន​តែ​នៅ​ក្នុង​កម្រិត​គោលនយោបាយ​នៅឡើយ ។

ប្រតិបត្តិ​ករ​មួយ​រូប​ដែល​មិន​បញ្ចេញ​អត្តសញ្ញាណ​បាន​ឲ្យ​ដឹង​ថា ការ​ជំរុញ​ឲ្យ​មានការ​ទូទាត់ ប្រាក់​តាម QR នៅ​ក្នុង​តំបន់​នៅ​ពេល​បច្ចុប្បន្ន​ដែល​ដាក់​ចេញ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា នឹង​ជួយ​អោយ​វិស័យ​ទេសចរណ៍​រីក​ចម្រើន និង​សម្រួល​ដល់​ពលរដ្ឋ​កម្ពុជា និង​បរទេស​ច្រើន​ពេល​យើង​ចេញ​ទៅ​ប្រទេស​គេ ហើយ​អ្នកទេសចរ​គេ​ចូល​មក​ប្រទេស​យើង ។ ប៉ុន្តែ​មក​ដល់​ពេល​នេះ អ្វី​ដែល​យើង​បាន​ប្រកាស គឺ​វារ​លូន​តែ​នៅ​ក្នុង​កម្រិត​គោលនយោបាយ​នៅឡើយ​ទេ រីឯ​ប្រតិបត្តិការ​ជាក់ស្តែង គឺ​នៅ​មាន​បញ្ហា​ច្រើន ហើយ​មិន​ទូលំទូលាយ​ទេ ។

ប្រតិបត្តិ​ករ​រូប​នោះ​បាន​បង្ហើប​ថា ការ​អនុវត្ត​នៅ​មិន​ទាន់​ឃើញ​ទូលំទូលាយ​ដូច​ការ​ដែល យើង​បាន​ចុះ​អនុស្សា​រណៈ​ជាមួយនឹង​ភាគី​វៀតណាម និង​ថៃ​ជាដើម ។ លោក​បាន​បន្ត​ថា កន្លង​មក​យើង​បានលឺ​ថា លុយ​រៀល​យើង​អាច​មាននៅ​តាម​បញ្ជ​ដូរ​ប្រាក់ នៅ​អាកាស​យាន្ត​ដ្ឋា​នៅ​បាងកក ហើយ​យើង​អាច​ទូទាត់​តាម QR បាន​ស្រួល​នៅ​ពេល​ដែល យើង​មាន​កុង​ជា​លុយ​រៀល ប៉ុន្តែ​ករណី​ដូច​ជា នៅ​ថៃ ឬ​នៅ​វៀតណាម ដែល​ចុះ​អនុស្សា​រណៈ យោគយល់​ហើយ​នោះ គឺ​នៅ​មិន​ទាន់​រលូន និង​ទូលំទូលាយ​ឡើយ ។

លោក​បាន​ជំរុញ​ឲ្យ​អ្នកជំនាញ​កម្ពុជា​ការ​ធ្វើ​ទំនាក់ទំនង​ការទូត​ជាមួយ និង​ទំនាក់ទំនង​ការ​ប្រតិបត្តិ​អោយ​ស៊ីគ្នា ហើយ​នៅ​លើ​ទីផ្សារ សូម​ទទួល​ប្រាក់​រៀល​របស់​ខ្មែរ​ដូច​ជា ប្រទេស​ថៃ ដែល​ប្រាក់​រៀល​មិន​ទាន់​បាន​ទូលំទូលាយ ។ ក្រសួង​ស្ថាប័ន​គួរតែ​ពង្រឹង​ក្នុង​តំបន់​អាស៊ាន​ជា​មុន​ឈាន​ទៅ​ពង្រីក​ទីផ្សារ​ផ្សេង​ៗ​ទៀត​ទើប​ទទួល​បាន​ផលប្រយោជន៍​ដល់​សង្គម​ជាតិ ។

មន្ត្រី​ធនាគារជាតិ​មិន​អាច​ទំនាក់ទំនង​បាន ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោក ហូ វ​ណ្ឌី ទីប្រឹក្សា​សមាគម​ទេសចរណ៍​កម្ពុជា​បានអោយ​ដឹង​ថា ការ​ជំរុញ​ការ​ចាយវាយ​ប្រាក់ តាម​ប្រព័ន្ធ​ទំនើប​គួរ​ពង្រឹង​នៅ​ក្នុង​តំបន់ ។

លោក ហូ វ​ណ្ឌី បានអោយ​កម្មវិធី​លុយ​នៃ​សារព័ត៌មាន​កោះសន្តិភាព​ដឹង​ថា «​ការ​ជំរុញ​ការ​ចាយវាយ​ប្រាក់ តាម​ប្រព័ន្ធ​ទំនើប ជា​ពិសេស QR code គួរ​ពង្រឹង​នៅ​ក្នុង​តំបន់​អោយ​បាន​ល្អ​សិន ជា​ពិសេស​ក្នុង​សហគមន៍​អាស៊ាន​ដែល​មាន​១១​ប្រទេស​» ។
លោក ហូ វ​ណ្ឌី បាន​បន្ត​ថា ក្នុង​ដើមឆ្នាំ​២០២៤​នេះ ការ​ជំរុញ​ចរន្ត​ទេសចរណ៍​ក្នុងស្រុក កាន់តែ​កើន​មាន​ដែល​ជួយ​ដល់​អ្នក​ផ្គត់ផ្គង់​សេវាកម្ម​ទាំងអស់​នៅ​ក្នុង​វិស័យ​ពាក់ព័ន្ធ សម្រាប់​បង្កើន​ចំណូល​ដល់​ប្រជាពលរដ្ឋ ។

សព្វ​ថ្ងៃនេះ ប្រតិបត្តិការ​នៃ​ការ​ទូទាត់​តាម​ប្រព័ន្ធ QR code គឺ​កម្ពុជា​បាន​ឈាន​ដល់​ការ​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ប្រទេស​មួយ​ចំនួន រួម​មាន​ចិន ថៃ វៀតណាម និង​ឡាវ ហើយ​នៅ​ពេល​នេះ ធនាគារជាតិ​នៃ​កម្ពុជា​ក៏​បាន​កំពុង​តែ​ពង្រឹង​យន្តការ​ការទូត កម្រិត​គោល នយោបាយ​ជាមួយនឹង​ដៃគូ​ផ្សេង​ៗ​ទៀត​រួម​ទាំង​ឥណ្ឌា​ផង​ដែរ ៕ ដោយៈ ស នី​ត ​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ