រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបញ្ជាក់បន្ថែម និងលើកជាគំនិតមួយចំនួន ហើយស្នើឲ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដកបេក្ខភាព ចេញសិន ពីការឈរឈ្មោះបោះឆ្នោតធ្វើជាប្រធាន «សមាគមសិល្បករខ្មែរ» ដោយរង់ចាំឈរឈ្មោះពេលក្រោយ (អាណត្តិ) ក៏មិនយឺតពេលដែរ ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅម៉ោង១០និង៤៨នាទីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា បន្ទាប់ពីបានអានយោបល់របស់បងប្អូន លើការដាក់បេក្ខជនអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាប្រធានសមាគមសិល្បៈ ខ្ញុំសូមបញ្ជាក់ និងលើកជាគំនិតមួយចំនួនដូចខាងក្រោម ៖
១. ខ្ញុំបញ្ចេញមតិផ្ទាល់ ក្នុងនាមជាពលរដ្ឋម្នាក់ ដែលពុំមានសិទ្ធិបោះឆ្នោត រើសប្រធានសមាគមនោះទេ ។
២. សន្លឹកឆ្នោត ស្ថិតនៅលើដៃរបស់សិល្បករ សិល្បការិនី ដែលមានសិទ្ធិបោះឆ្នោត ឯណោះវិញទេ ។
៣. រវាងសិល្បៈ និងជំនួញ មិនគួរផ្សារភ្ជាប់គ្នាទេ។ ខ្ញុំដឹងពីការយឺតយ៉ាវរបស់ក្រុមហ៊ុន ក្នុងការប្រគល់ផ្ទះ ដោយសារកប់ទុនលើដីចំនួនច្រើន តែក្រុមហ៊ុន មិនទាន់ក្ស័យធន រហូតមិនអាចមកធ្វើប្រធានសមាគម និងជួយដល់សិល្បៈ បានដែរ ។
៤. មិនតម្រូវថា ទាល់តែចេះសិល្បៈ ទើបធ្វើប្រធានសមាគមសិល្បៈបាននោះទេ ។
សម្តេចតេជោ ហ៊ុន សែន លើកឡើងទៀតថា ដូចគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងវប្បធម៍យើង មិនមែនជាអ្នកសិល្បៈទេ តែគាត់អាចគ្រប់គ្រងបានលើគ្រប់ផ្នែក។ នៅប្រទេសថៃ ពេលនេះ រដ្ឋមន្ត្រី ក្រសួងការពារជាតិ មិនមែនជាទាហានទេ គឺជាជនស៊ីវិលសុទ្ធសាធ តែគាត់អាចគ្រប់គ្រងទាហានបាន។ ប្រទេសមួយចំនួន រដ្ឋមន្ត្រីក្រសួងសុខាភិបាល មិនមែនជាវេជ្ជបណ្ឌិត ឬគ្រូពេទ្យទេ តែគេគ្រប់គ្រងលើវិស័យសុខាភិបាលបាន ។
ដើម្បីងាយស្រួល សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដកបេក្ខភាពចេញសិន ទុកលទ្ធភាពឱ្យ ឬមួយអ្នកនាង ចន ច័ន្ធលក្ខិណា បន្ត ឬមួយរកបេក្ខភាពផ្សេង ធ្វើប្រធានសមាគម សិន ។
គំនិតរបស់សម្តេចតេជោ ហ៊ុន សែន មិនចង់ឃើញការលំបាករបស់សមាគម ក្នុងការស្វែងរកថវិកាជួយសិល្បករ សិល្បការិនី ជួបការលំបាក ។ ឧកញ៉ា ហេង ឡុង និងអ្នកនាង ចន ចន្ធ័លក្ខិណា បានប្រឹងប្រែងជាមួយសម្តេច ប៉ុន្មានឆ្នាំមកនេះ អស់ថវិកាច្រើន ដើម្បីជួយសិល្បករ សិល្បការិនី ដែលជួបការលំបាក ។
សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា សមាគមនឹងរកបានប្រធានល្អ មានលទ្ធភាពជួយសិល្បករ សិល្បការិនីបាន។ សម្រាប់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រង់ចាំពេលក្រោយក៏មិនយឺតពេលដែរ ។
សូមជម្រាបឡើងវិញថា «សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលចង់ឈរឈ្មោះបោះឆ្នោតជាប្រធាន«សមាគមសិល្បករខ្មែរ» ៕
ចែករំលែកព័តមាននេះ