ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​ភិក្ខុ គូ សុភាព ៖ ធ្វើបុណ្យដាក់ស្រាទទួលភ្ញៀវអស់ប្រាក់ហើយបានបាបទៀត

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិត​ណាស់​ ប្រជាជន​យើង​បច្ចុប្បន្ន​មានការ​ពេញ​និយម​ជា​ខ្លាំង​ទៅ​លើ​ការទទួលទាន​គ្រឿង​ស្រវឹង​ នៅ​ពេល​ជួបជុំ​គ្នា មិន​ថា បុណ្យ​ទាន ឬមាន​ពិធី​អបអរ​ តូច​ធំ​នានា ។…

រាជធានី​ភ្នំពេញ ៖ ពិត​ណាស់​ ប្រជាជន​យើង​បច្ចុប្បន្ន​មានការ​ពេញ​និយម​ជា​ខ្លាំង​ទៅ​លើ​ការទទួលទាន​គ្រឿង​ស្រវឹង​ នៅ​ពេល​ជួបជុំ​គ្នា មិន​ថា បុណ្យ​ទាន ឬមាន​ពិធី​អបអរ​ តូច​ធំ​នានា ។ នៅ​កម្ពុជា មាន​គ្រឿង​ស្រវឹង​ផ្សេង​ៗ ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន​ប្រើប្រាស់​ដូច​ជា ស្រា ស្រា​បៀរ ស្រាស ស្រាថ្នាំ និង​ទឹកត្នោតជូរ​ជាដើម​ ។ មនុស្ស​មួយ​ចំនួន ចូល​ចិត្ត​ប្រើប្រាស់​គ្រឿង​ស្រវឹង ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ពួក​គេ មាន​អារម្មណ៍​សប្បាយ បាន​រសាយ​ពី​ភាព​មួរ​ហ្មង ឬ​ទុក្ខ​កង្វល់ ភ្លេច​អស់​នូវ​ទុក្ខ​ព្រួយ និង​បញ្ហា​ស្មុគស្មាញ​នានា​ ។ យ៉ាងណាមិញ ការ​ទទួលទាន​ភេសជ្ជៈ​ស្រវឹង​ទាំងនោះ​រាល់ថ្ងៃ អាច​បង្ក​ឲ្យ​ពួក​គេ​ប្រឈម​នឹង​គ្រោះថ្នាក់​ជា​ច្រើន​ ។

បើ​និយាយ​ពី​ផ្លូវលោក​វិញ ការ​ទទួលទាន​សុរា ឬ​គ្រឿង​ស្រវឹង​ខ្លាំង​ពេក ឬ​ទទួលទាន​ជាប់​ជា​ប្រចាំ នោះ​លោក​អ្នក​ងាយ​នឹង​ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព​ខ្លាំង​ណាស់ ។ សម្រាប់​ក្ដី​បារម្ភ​មួយ​ចំនួន​ទៀត​នា​ពេល​អនាគត ពោល​ការ​ទទួលទាន​គ្រឿង​ស្រវឹង​នេះ ពិតជា​ផ្ដល់​ផល​ប៉ះពាល់​ច្រើន​ទាំង​សុខភាព​ផ្ទាល់ខ្លួន បញ្ហា​ក្នុង​គ្រួសារ និង​បង្ក​ជា​ផលវិបាក​ដល់​សង្គម​ជាតិ​ផង​ដែរ​ ។

ជាក់ស្តែង កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ ព្រះ​ភិក្ខុ វ​ជិ​រ​ប្ប​ញ្ញោ គូ សុភាព ក៏​បាន​បញ្ចេញ​សារ​ដាស់តឿន ដល់​បងប្អូន​ទាំងឡាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ព្រះ​អង្គ ៖ «​ធ្វើបុណ្យ ដាក់​ស្រា​ទទួលភ្ញៀវ អស់ប្រាក់​ហើយ​បាន​បាប​ទៀត ឈ្មោះ​ថា​ជា​ទាន​របស់​អសប្បុរស ។ មិន​ងាយ​បាន​ធ្វើបុណ្យ​ធំ​ទេ គួរ​ធ្វើ​ប្រកបដោយ​បញ្ញា ។​»

បើ​យើង​និយាយ​ទៅ ឃើញ​ថា វប្បធម៌​ទទួលទាន​ស្រា​បៀ​កំពុង​មាន​សន្ទុះ​កើនឡើង​ខ្លាំង​មែនទែន ក្នុង​ប្រទេស​មួយ​ចំនួន ជា​ពិសេស​តំបន់​អាស៊ី​អាគ្នេយ៍ ។ ដោយឡែក​កម្ពុជា​ឈរ​នៅ​លេខ​រៀង​ទី​៣ ដែល​មាន​ប្រជាជន​ផឹកស្រា​ច្រើន​ជាងគេ​នៅ​ក្នុង​តំបន់​អាស៊ាន និង​ឈរ​នៅ​លេខ​រៀង​ទី​៣៦ នៅ​លើ​ពិភពលោក ពោល គឺ​ប្រជាជន​កម្ពុជា​ម្នាក់​អាច​ផឹកស្រា​បាន ២១.៧​លី​ត្រ ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់ Wisevoter​។ របាយការណ៍​នេះ អ្នក​ធ្វើ​កិច្ច​ការងារ​សង្គម​លើក​ឡើង​ថា​អាច​ឆ្លុះ​បញ្ចាំង​ការ​ពិត​ដែរ ដោយសារ​តែ​កម្ពុជា​គ្មាន​ច្បាប់​កំណត់​អាយុ​នៃ​ការ​ផឹកស្រា​។

យ៉ាងណាមិញ ការ​បរិភោគ​ជាតិ​អាល់កុល​ញឹកញាប់ និង​ច្រើន​ហួសប្រមាណ អាច​បង្ក​ជា​ជំងឺ ព្រមទាំង​គ្រោះថ្នាក់​ផ្សេង​ៗ ។ បញ្ហា​ប្រឈម​ទាំងនេះ អាច​ធ្វើ​ឲ្យ​អ្នក​បរិភោគ​វា​ត្រូវ​ខាត​អាយុ​ចំនួន​១​ឆ្នាំ​ជា​មធ្យម ។ នេះ គឺជា​ការ​សន្និដ្ឋាន​ក្នុង​របាយការណ៍​នៃ​អង្គការ​OCDE ដែល​បាន​ធ្វើការ​អង្កេត​ជាមួយ​ប្រជាជន​នៅ​តាម​ប្រទេស​សមាជិក​ទាំង​៥២ កាលពី​ឆ្នាំ​២០២១ ។

ការ​ធ្វើបុណ្យ​ មិន​ចាំបាច់​ដល់​ខ្លួន​ចាស់​ទើប​អាច​ធ្វើ​បាន​នោះ​ទេ ​ព្រោះថា ​ជីវិត​របស់​យើង​មិន​ទៀង មិនដឹង​ថា​ស្លា.ប់​ថ្ងៃ​ណា មិនដឹង​ថា​យើង​រស់​ដល់​ចាស់​ដែរ​ឬ​ក៏​អត់​…. ហើយ​ក៏​មាន​ចាស់ ដែល​មិន​បាន​ធ្វើបុណ្យ​ឲ្យ​ទាន​ចូល​វត្ត​រក្សាសីល​ក៏​មាន​ច្រើន​ដែរ ដូច្នេះ​ប្រសិនបើ​មានឱកាស​ល្អ​ហុច​ឲ្យ​ហើយ​គួរ​ខំ​ធ្វើ​ទៅ​ ។

ដូច្នេះ​ហើយ ជីវិត​មនុស្ស​កើតមក គឺ​មាន​អាយុកាល​ខ្លី​ណាស់ ដូច្នេះ​ចូរ​ប្រើប្រាស់​ពេលវេលា និង​ធ្វើបុណ្យ​ទាន់​ឲ្យ​បាន​ច្រើន​តាម​ដែល​អ្នក​អាច​ធ្វើ​ទៅ​បាន ។ ម្ល៉ោះហើយ​យើង​គួរ​ធ្វើបុណ្យ​ឱ្យ​បាន​ច្រើន ដើម្បី​ជម្រះ​នូវ​អកុសលធម៌ សម្អាតចិត្ត​បាប​ចេញពី​ខន្ធ​សន្តាន​របស់​យើង ហើយ​ប្រមូល​យក​សេចក្តី​ល្អ​មក​ទុក​ជំនួស​វិញ កុសលធម៌​ណា​ដែល​ជម្រះ​សន្តាន​ចិត្ត​ឲ្យ​ស្អាត​ផូរផង់ កុសលធម៌​នោះ​ឯង​ឈ្មោះ​ថា​ជា​តួ​បុណ្យ ។ ដូចនេះ​យើង​គួរ​ខំ​សាង​កុសលធម៌ ដុះខាត់​អប់រំ​ចិត្ត​ឲ្យ​ស្អាត​ផូរផង់​ដូច​ប្រក្រតី​ដើម​ឡើង​វិញ​ដោយ​ពិធី​ឲ្យ​ទាន រក្សាសីល ចម្រើនមេត្តា ភាវនា នេះ​ហើយ​ជា​បុណ្យ ឬ​សេចក្តី​ល្អ​នោះ ។

ដោយឡែក បុណ្យ និង​បាប​ពិតជា​មាន​មែន គ្រាន់តែ​ថា ខ្សែ​បុណ្យ និង​ខ្សែ​បាប​នោះ មើល​មិនឃើញ ចាប់​ពាល់​មិន​បាន និង​មិន​ស្ថិត​នៅ​មួយ​កន្លែង​ទេ គឺ​តែង​ប្រព្រឹត្ត​ទៅ​ជា​រឿយ​ៗ ផ្លាស់​ប្តូរ​តាម​សម័យកាល ដែល​សត្វ​បាន​ប្រព្រឹត្ត​នោះ​ឯង តែ​យើង​មិន​អាច​ចង្អុលបង្ហាញ​ថា បាប និង​បុណ្យ​ស្ថិត​នៅ​ត្រង់នេះ ឬ​ត្រង់នោះ​ឲ្យ​ឃើញច្បាស់​នឹង​ភ្នែក​បាន​ឡើយ​ព្រោះ​វា​ជាស​ភាវៈ​ដ៏​អាថ៌​កំបាំង​បំផុត ។

មួយវិញទៀត បាប និង​បុណ្យ ឱ្យ​ផល​ផ្ទុយ​គ្នា​ស្រឡះ បាប​បាន​ដល់​អំពើ​លាមក អំពើអាក្រក់​ពុំ​គាប់ប្រសើរ ឱ្យ​ផល​ជា​ទុក្ខ​ក្តៅក្រហាយ ចិត្ត​សៅហ្មង​គ្រប់​វេលា ចំណែក​បុណ្យ​បាន​ដល់​គុណជាតិ​ជា​គ្រឿង​ជម្រះ​សន្តាន​ចិត្ត​ឱ្យ​ផូរផង់​រីករាយ ស្រស់ស្រាយ​សប្បាយ​រាល់ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ