រាជធានីភ្នំពេញ ៖ នៅទីបំផុត តារាសម្តែងអ្នកនាង សឿ សុធារ៉ា បានទទួលផ្ទះថ្មីសម្រាប់ជ្រកកោនដូចបំណងហើយ បន្ទាប់ពីតារារូបនេះបានរសាត់ខ្លួនជាមួយនឹងកូនៗក្នុងផ្ទះជួលមួយកន្លែងជាមួយនឹងជីវភាពក្រលំបាក ក្រោយពីបាត់មុខពីសិល្បៈអស់មួយរយៈ និងជួបរឿងមិនល្អជាបន្តបន្ទាប់ ។
ផ្ទះថ្មីដែលអ្នកនាង សឿ សុធារ៉ា ទទួលបាននាពេលនេះ គឺស្ថិតក្នុងបុរី ម៉ន ដានី ដែលជាអំណោយសប្បុរសធម៌ពី ឯកឧត្តម ខៀវ កាញ្ញារិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ក្រោយពីឯកឧត្តមបានឃើញពីជីវិតដ៏លំបាករបស់តារាសម្តែងរូបនេះ ។
ក្នុងបទសម្ភាសន៍ជាមួយតារាសម្តែងលោក សាវីន ហ្វីលីព នោះអ្នកនាង សឿ សុធារ៉ា បានលើកឡើងថា នាពេលនេះនាងពិតជាទទួលបានផ្ទះពីគម្រោង ម៉ន ដានី រួចហើយដោយគាត់បានប្តូរពីគម្រោង២៩ ដែលមិនទាន់សាងសង់ឲ្យមកនៅគម្រោងទី១៤ នេះវិញ ។
អ្នកនាងបញ្ជាក់ថា តាមរយៈផ្ទះមួយខ្នងនេះ អ្នកនាងសូមថ្លែងអំណរគុណជូនចំពោះឯកឧត្តម ខៀវ កាញ្ញារិទ្ធ និងលោកជំទាវដែលបានជួយឧបត្ថម្ភនូវទឹកប្រាក់ផ្ទាល់ខ្លួនចំនួន២ម៉ឺនដុល្លារ សម្រាប់ទិញផ្ទះនេះ ហើយក៏សូមអរគុណដល់តារាសម្តែងលោក សាវីន ហ្វីលីព ដែលតែងតែយកចិត្តទុកដាក់ជួយផ្សព្វផ្សាយពីជីវិតដ៏លំបាករបស់នាងជាបន្តបន្ទាប់ ។
នាងបន្ថែមថា តាមរយៈការផ្សព្វផ្សាយនេះ ហើយដែលធ្វើឲ្យសប្បុរសជននានាបានជួយឧបត្ថម្ភដល់រូបនាង ដើម្បីដោះស្រាយជីវភាពដែលនាងស្ទើរតែគ្មានអ្វីទាំងអស់ ជាពិសសេស គឺការចូលរួមជួយធ្វើបុណ្យស.ពម្តាយ ឪពុករបស់នាងនាពេលកន្លងមក ។
ជាការកត់សម្កាល់ តារាសម្តែងអ្នកនាង សឿ សុធារ៉ា បានប្រែក្លាយជាតារាធ្លាប់មានរូបសម្រស់ស្រស់ផូរផង់ មកស្រអាប់ពណ៌ បន្ទាប់ពីនាងបានធ្លាក់ខ្លួនផុងក្នុងបំណុលលក់ទ្រព្យសម្បត្តិ លែងលះស្វាមី និងឪពុកម្តាយទទួលមរណៈ ដែលបង្ខំឲ្យនាងបាត់មុខពីសិល្បអស់ជាច្រើនឆ្នាំ ។
ក្រោយជួបរឿងអកុសលជាបន្តបន្ទាប់អ្នកនាង សឿ សុធារ៉ា ក៏បានរស់នៅក្នុងជីវិតរសាត់អណ្តែតនៅក្នុងផ្ទះជួលមួយកន្លែង នៅឯជាយក្រុងភ្នំពេញ ដោយក្នុងមួយខែនាងត្រូវចំណាយថ្លៃជួលនេះប្រមាណ១៥០ដុល្លារ ។
ទោះជាយ៉ាងណាក្រោយពេលដែល សឿ សុធារ៉ា បានទទួលផ្ទះមួយខ្នងដែលជាកម្មសិទ្ធផ្ទាល់ខ្លួននាពេលនេះ មហាជន ជាពិសេសបណ្តាអ្នកគាំទ្ររូបនាងបានសម្តែងការអបអរសាទរ និងបង្ហាញក្តីរំពឹងថា តារាសម្តែងស្រីរូបនេះនឹងមានពន្លឺជីវិតជាថ្មីឡើងវិញ និងខិតខំប្រឹងប្រែងតស៊ូក្នុងជីវិតបន្តទៀត ដើម្បីជួយមើលថែកូនៗដែលកំពុងនៅវ័យក្មេងនៅឡើយ ៕
ចែករំលែកព័តមាននេះ