រាជធានីភ្នំពេញ ៖ ប្រទេសកម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីប្រមាណ៦៥ម៉ឺនតោនទៅកាន់ទីផ្សារអន្តរជាតិ ខណៈរាជរដ្ឋាភិបាលបានកំណត់អាទិភាពជាច្រើនចំណុចលើផលិតផលស្វាយចន្ទី
នេះ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/fad12b375502539a6e2bedd6e83fe211.jpg)
ថ្លែងក្នុងសន្និសីទស្វាយចន្ទីពិភពលោកលើកទី១០ ឆ្នាំ២០២៤ ដែលប្រារព្ធធ្វើឡើងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១-៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅខេត្តសៀមរាប លោកជំទាវចម និម្មលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ពីគោលបំណងក្នុងការរៀបចំសន្និសីទនេះ ដើម្បីប្រមូលផ្តុំអ្នកពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទីទាំងក្នុងស្រុក និងអន្តរជាតិធ្វើការពិភាក្សាចែករំលែកបទពិសោធ សម្រាប់ជំរុញវិស័យស្វាយចន្ទី ស្វែងរកទីផ្សារក្នុងតំបន់ និងពិភពលោក រួមនឹងការដាក់តាំងពិពណ៌ និងការកសាងបណ្តាញវិស័យស្វាយចន្ទីលើពិភពលោក ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/6b99cc6a565cbf1e5c88e98f23343802.jpg)
លោកជំទាវរដ្ឋមន្ត្រីបានថ្លែងថា «កម្ពុជាមានផ្ទៃដីដាំដុះស្វាយចន្ទីប្រមាណ៤៧២.៩៤៦ហិកតា និងទទួលបានទិន្នផលសរុបចំនួន៧០៩.៤១៩តោន ចំណែកឯការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តរជាតិបានចំនួនប្រមាណ៦៥៦.០០០តោនទៅកាន់ប្រទេស ចិន ជប៉ុន បង់ក្លាដែស ឥណ្ឌា វៀតណាម និងថៃ និងគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ប្រទេសចិន សាធារណៈរដ្ឋឆែក ជប៉ុន កូរ៉េខាងត្បូង ហូឡង់ វៀតណាម និងសហរដ្ឋអាមេរិក» ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/34bfb5ed82746e880d40d4d1730d582b.jpg)
ផ្តើមក្នុងសុន្ទរកថាបើក ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្តែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ ចំពោះក្រសួងពាណិជ្ជកម្ម សហព័ន្ធស្វាយចន្ទីកម្ពុជា ក្រុមហ៊ុន ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការ រៀបចំសនិ្នសីទស្វាយចន្ទីពិភពលោកលើកទី១០ នេះឡើង និងសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ ដែលបានចំណាយពេលដ៏មានតម្លៃ អញ្ជើញចូលរួមសន្និសីទដ៏មានសារសំខាន់នេះ និងបានលើកឡើងពីសារសំខាន់នៃការប្រមូលផ្តុំភាគីពាក់ព័ន្ធ ក្នុងវិស័យស្វាយចន្ទីទាំងក្នុង និងក្រៅប្រទេស និងការបង្កើតឱកាសដ៏មានតម្លៃដើម្បីពិភាក្សា និងផ្លាស់ប្ដូរព័ត៌មាន ចំណេះដឹង និងបទពិសោធក្នុងវិស័យស្វាយចន្ទី ព្រមទាំងឱកាសសម្រាប់ការផ្គូផ្គងធុរកិច្ច រវាងធុរជនដែលបានចូលរួមនៅក្នុងសន្និសីទនេះផងដែរ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/79ecca6ab1632b910aa624dd074660a3.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/910078d412181c24b1ea2efa2e803a16.jpg)
ចែករំលែកព័តមាននេះ