ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តេចថ្មីរបស់ម៉ាឡេស៊ីជាមហាសេដ្ឋី មាន​​រថយន្ត​ទំនើប៣០០គ្រឿង និងកងទ័ពផ្ទាល់ព្រះកាយ

2 ខែ មុន

ម៉ាឡេស៊ី ៖ ព្រះចៅស៊ុលតង់ Ibrahim Iskandar ដែលឡើងគ្រងរាជ្យជាព្រះមហាក្សត្រថ្មីរបស់ប្រទេស​

ម៉ាឡេស៊ី ៖ ព្រះចៅស៊ុលតង់ Ibrahim Iskandar ដែលឡើងគ្រងរាជ្យជាព្រះមហាក្សត្រថ្មីរបស់ប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ស្ថិតក្នុងចំណោមបុគ្គលមានបំផុតក្នុងប្រទេសម៉ាឡេស៊ី ដែលព្រះរាជទ្រព្យគ្រួសាររាជវង្សរបស់ទ្រង់ត្រូវបានប៉ាន់ស្មានថាមានចំនួន ៥.៧ពាន់លានដុល្លារអាម៉េរិក។

ប្រភពពីគេហទំព័រ Business Insider ចេញផ្សាយថ្មីៗនេះថា ប្រទេសម៉ាឡេស៊ីមានស្តេចថ្មីជាមហាសេដ្ឋី ដែលមានកងទ័ពផ្ទាល់ព្រះកាយ យន្តហោះឯកជន៤គ្រឿង រួមទាំងយន្តហោះពណ៌ទឹកមាសលាយខៀវ Boeing 737, ម៉ូតូស៊េរីទំនើបៗ រថយន្តស៊េរីទំនើបៗជាច្រើនម៉ូដែលចំនួន៣០០គ្រឿង រួមទាំងរថយន្តដ៏ពិសេស១គ្រឿងទំនងជាអំណោយដោយមេដឹកនាំផ្តាច់ការណាស៊ីសអាល្លឺម៉ង់ អាដុលហ្វ ហ៊ីត្លែរ (Adolf Hitler)។

ស្តេចស៊ុលតង់ Ibrahim Iskandar ព្រះជន្ម៦៥ឆ្នាំព្រះវស្សាបានឡើងគ្រងរាជ្យជាព្រះមហាក្សត្រប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅក្នុងព្រះរាជពិធីមួយដែលមានការចូលរួមពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហីម (Anwar Ibrahim) សមាជិកគណៈរដ្ឋមន្ត្រី និងសមាជិកនៃគ្រួសាររាជវង្សទាំង ៩ របស់ប្រទេសម៉ាឡេស៊ី។

ព្រះអង្គម្ចាស់ Ibrahim Iskandar ត្រូវបានមហាជនស្គាល់យ៉ាងច្បាស់ តាមរយៈការចូលចិត្តទិញរថយន្តស៊េរីទំនើប Ferrari រួមទាំងការបង្ហាញសកម្មភាពដ៏ឡូយឆាយជាទីបំផុតរបស់ទ្រង់លើគណនី Instagram។ ព្រះវត្តមានលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ទ្រង់មានសារសំខាន់ណាស់ ដោយមានអ្នកតាមដានជាង១លាននាក់លើបណ្ដាញហ្វេសប៊ុក និង ៩០ម៉ឺននាក់លើបណ្ដាញ Instagram ។ ទ្រង់គ្រប់គ្រងលើអាជីវកម្ម និងការវិនិយោគជាច្រើនផងដែរ ព្រមទាំងព្រះរាជសកម្មភាពបំពេញភារកិច្ចរបស់ទ្រង់ក្នុងនាមអ្នកត្រួសត្រាយផ្លូវសម្រាប់រដ្ឋចូហូ (Johor) ដែលជារដ្ឋមានប្រជាជនច្រើនជាងលំដាប់ទី២របស់ប្រទេសម៉ាឡេស៊ី។ អាជីវកម្មដ៏ធំទូលាយរបស់ទ្រង់ដែលមានចាប់ពីអចលនទ្រព្យរហូតដល់ទូរគមនាគមន៍ និងរោងចក្រថាមពល ដោយមិននិយាយអំពីការកាន់កាប់ដ៏ធំនៅក្នុងអចលនទ្រព្យបរទេស និងភាគហ៊ុនក្នុងក្រុមហ៊ុនផ្សេងៗទៀត។

យោងតាមរបាយការណ៍របស់ Bloomberg បានបង្ហាញថា ទ្រព្យសម្បត្តិដ៏គួរឱ្យកត់សម្គាល់របស់ទ្រង់រួមមានដីធ្លីនៅក្នុងឧទ្យាន Tyersall Park របស់ប្រទេសសិង្ហបុរីតម្លៃ៤ពាន់លានដុល្លារ ដោយបានចុះបញ្ជីក្រោមព្រះនាមព្រះរាជបុត្ររបស់ទ្រង់។ លើសពីនេះទៀត ទ្រង់មានការវិនិយោគចំនួន ១.១ពាន់​លានដុល្លារក្នុងភាគហ៊ុន និងអចលនទ្រព្យផ្សេងទៀត ភាគហ៊ុនចំនួន ៤៨៣លានដុល្លារក្នុងក្រុមហ៊ុន U Mobile ដែលជាក្រុមហ៊ុនផ្តល់សេវាទូរសព្ទដ៏ធំបំផុតរបស់ប្រទេសម៉ាឡេស៊ី និង ១០៥លានដុល្លារក្នុងក្រុមហ៊ុនសាធារណៈ។ គ្រួសាររាជវង្សរបស់ទ្រង់ក៏បានចូលរួមក្នុងគម្រោងសំខាន់ៗ នៅតាមបណ្ដោយឆ្នេរសមុទ្រភាគខាងត្បូងនៃរដ្ឋចូហូ ដែលមើលឃើញច្រកសមុទ្រសិង្ហបុរី ដែលជាច្រករបៀងដឹកជញ្ជូនដ៏សំខាន់។

ព្រះអង្គមានឥទ្ធិពលខ្លាំងនៅក្នុងកិច្ចការតំបន់ ដោយទ្រង់បានតស៊ូមតិសម្រាប់ការរស់ឡើងវិញនៃគម្រោងផ្លូវដែកល្បឿនលឿនរវាងសិង្ហបុរី និងទីក្រុងគូឡាឡាំពួ ដែលបានបញ្ឈប់ដោយប្រទេស​ម៉ាឡេស៊ីនៅក្នុងឆ្នាំ ២០២១ ដោយសារតែការចំណាយខ្ពស់លើសពី ១០០ពាន់លានរីងហ្គីត ដែលស្មើនឹង ២១ពាន់លានដុល្លារ។ ទ្រង់បានស្នើសុំហិរញ្ញប្បទានឯកជនសម្រាប់គម្រោងនេះ ដោយមានរយៈពេលប្រតិបត្តិការ៣០ឆ្នាំមុនការគ្រប់គ្រងរបស់រដ្ឋាភិបាល។

ប្រភពពីទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា ស្តេចស៊ុលតង់ Ibrahim Iskandar មានដើមកំណើតម៉ាឡេ-អង់គ្លេសនៃគ្រួសាររាជវង្សចូហូ ដែលមានទ្រព្យសម្បត្តិ និងអំណាច ក៏ដូចជាប្រមុខដឹកនាំកងទ័ពឯកជនតូចមួយ។ ប្រវត្តិគ្រួសាររាជវង្សទ្រង់ជាមួយសហគមន៍ជនជាតិចិនបានរម្លឹកដល់ព្រះអយ្យកោទ្រង់ ព្រះអង្គម្ចាស់ Abu Bakar ដែលបានជំរុញការលូតលាស់រដ្ឋចូហូនៅចុងទសវត្សឆ្នាំ​១៨០០ ដោយការលើកទឹកចិត្តឱ្យមានអន្តោប្រវេសន៍ចិន សម្រាប់ការអភិវឌ្ឍកសិកម្ម។

គួរបញ្ជាក់ជូនថា រដ្ឋចំនួន៩ក្នុងចំណោមរដ្ឋទាំង១៣របស់ប្រទេសម៉ាឡេស៊ី ត្រូវបានដឹកនាំដោយអ្នកគ្រប់គ្រងជនជាតិភាគតិចម៉ាឡេភាគច្រើនត្រូវបានស្គាល់ថា ស្តេចស៊ុលតង់នៅក្នុងប្រព័ន្ធរាជាធិបតេយ្យដ៏ធំបំផុតមួយរបស់ពិភពលោក ដោយរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ត្រូវបានបង្កើត​ឡើងបន្ទាប់ពីប្រទេសម៉ាឡេស៊ីទទួបានឯករាជ្យពីចក្រភពអង់គ្លេស ហើយព្រះមហាក្សត្រត្រូវប្តូររៀងរាល់៥ឆ្នាំម្ដងក្នុងចំណោមព្រះមហាក្សត្រទាំង៩ព្រះអង្គ ដោយព្រះមហាក្សត្រគ្រងរាជ្យទ្រង់គង់ក្នុងព្រះរាជវាំងជាតិ ដែលស្ថិតក្នុងរាជធានីគូឡាឡាំពួ៕ (ប្រភព ៖ Business Insider, Bloomberg, AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ