ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​អាហារ​ និង​ភេសជ្ជៈ​គួរ​ឲ្យ​ខ្ពើម​បំផុត​ក្នុង​ពិភពលោក

2 ឆ្នាំ មុន

អាហារ និង​ភេសជ្ជៈ​ពិតជា​មាន​ច្រើន​ប្រភេទ​ហើយ​ប្លែក​ៗ​ពី​គ្នា​ដោយនៅ​ក្នុង​ចំណោម​អាហារ និង​ភេសជ្ជៈ​ទាំងនោះ​វា​មាន​រសជាតិ​ឆ្ងាញ់ និង​មិន​ឆ្ងាញ់​ទៅ​តាម​ការ​និយម និង​ទម្លាប់​នៃ​ការ​ទទួលទាន​របស់​ជាតិ​សាសន៍​នីមួយ​ៗ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ នៅ​ក្នុង​ចំណោម​អាហារ និង​ភេសជ្ជៈ​ទាំងនេះ​មាន​អាហារ និង​ភេសជ្ជៈ​៥​ប្រភេទ ដែល​គេ​ចាត់​ទុក​ថា គួរ​ឲ្យ​ខ្ពើម​បំផុត ។

តើ​អាហារ និង​ភេសជ្ជៈ​ដ៏​គួរ​ឲ្យ​ខ្ពើម​បំផុត​នៅ​លើ​ពិភពលោក​នេះ គឺជា​អ្វីខ្លះ​ហើយ​វា​មាន​ប្រភព និង​កំពុង​តែ​ទទួលទាន​នៅ​ទីណា​ខ្លះទៅ ? កម្មវិធី​លុយ​នៃ​សារព័ត៌មាន​កោះសន្តិភាព​ថ្ងៃនេះ សូម​ណែនាំ​អាហារ និង​ភេសជ្ជៈ​ទាំងនេះ​ជូន​ជា​ចំណេះដឹង​ទូទៅ​ដូច​ខាងក្រោម ៖

១. GOMUTRA ប្រទេស​ឥណ្ឌា

Gomutra ត្រូវ​បាន​គេ​ដឹង​ថា គឺជា​ភេសជ្ជៈ​ដែល​គ្រឿងផ្សំ​ចម្បង​របស់​វា គឺ​ទឹកនោមគោ ។ ភេសជ្ជៈ​ប្រភេទ​នេះ គឺ​មាន​ប្រភព​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ជា​យូរ​រហូត​ដល់​រាប់​ពាន់​ឆ្នាំ​ហើយ ជា​ធម្មតា​វា​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​គោលបំណង​ព្យាបាល​ជំងឺ ។

ភេសជ្ជៈ​ដែល​ផ្សំ​ដោយ​ទឹកនោមគោ​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា មាន​ប្រយោជន៍ ជា​ពិសេស គឺ​ទឹកនោម​របស់​គោ​ដែល​កំពុង​ផើម ។ ទឹកនោមគោ​បែប​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា ភេសជ្ជៈ​ដែល​សម្បូរ​ដោយ​អ័រម៉ូន និង​សារធាតុ​រ៉ែ ។ Gomutra ត្រូវ​បាន​គេ​អះអាង​ថា អាច​ព្យាបាល​ជំងឺ​ស្បែក​របក​ក្រហម ជំងឺឃ្លង់ គ្រុនក្តៅ ថ្លើម និង​មហារីក​ផង​ដែរ ។

២. ស្រា TTONGSUL នៅ​ប្រទេស​កូរ៉េ​ខាងត្បូង

Ttongsul ជា​ឱសថ​បុរាណ​កូរ៉េ ដែល​មាន​ជាតិ​អាល់កុល​៩ ដឺ​ក្រេ ។ ស្រា​ពិសេស​នេះ ត្រូវ​បាន​គេ​ដឹង​ថា វា​ផ្សំ​ឡើង​ដោយ​ស្រា​បិត​ពី​អង្ករ ដែល​គេ​ត្រាំ​លាមក​របស់​កុមារ​ដែល​មាន​អាយុ​ចន្លោះ​ពី​៤ ទៅ​៧​ឆ្នាំ​លាយ​ទឹក​ហើយ​ដាក់​ទុក​ក្នុង​ទូរ​ទឹកកក​រយៈពេល​ពី​៣​ទៅ​៤​ថ្ងៃ ។ ស្រា​ប្រភេទ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា ថ្វី​ត្បិត​តែ​វា​មាន​ក្លិនស្អុយ​ខ្លាំង​ក៏​ពិតមែន ប៉ុន្តែ​វា​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក និង​បំបាត់​ការ​ឈឺចាប់ ព្រមទាំង​បង្កើន​រសជាតិ ។ វា​ក៏​ត្រូវ​បាន​គេ​ជឿ​ថា ជា​ភេសជ្ជៈ​ដែល​ជួយ​កំចាត់​បាក់តេរី​អាក្រក់​បង្កើត​បាក់តេរី​ល្អ មាន​ប្រយោជន៍​នៅ​ក្នុង​ខ្លួន​មនុស្ស ។

៣. ស្រា​កណ្ដុរ​ស្រវឹង ក្វា​ង​ចូ​វ ប្រទេស​ចិន

អាច​ជា​អាហារ​ហើយ​ក៏​អាច​ជា​ភេសជ្ជៈ​ពីព្រោះ​ស្រា​នេះ គឺ​គេ​យក​កូនកណ្តុរ​តូច​ៗ​ដែល​ទើបតែ​កើត​មិន​ទាន់​ដុះ​រោម មិន​ទាន់​បើកភ្នែក​យក​មក​ត្រាំ​ហើយ​ទុក​រហូត​ដល់​មួយ​ឆ្នាំ​ទើប​យក​មក​ពិសា ។ ស្រា​កណ្ដុរ​ស្រវឹង​នេះ​ជា​ថ្នាំ​ប៉ូវ​កម្លាំង និង​ជំនួយ​សុខភាព​សម្រាប់​អ្នក​ជំងឺហឺត និង​ជំងឺថ្លើម​ជាដើម ។ ស្រា​កណ្ដុរ​ស្រវឹង​នេះ​ភាគច្រើន​គេ​ផលិត​នៅ​ភាគ​ខាងត្បូង​ប្រទេស​ចិន ប៉ុន្តែ​គេ​ក៏​ជឿជាក់​ថា មានការ​ពេញ​និយម​ខ្លះ​ដែរ​នៅ​កូរ៉េ ។

៤. ខួរក្បាល​ស្វា ប្រទេស​ចិន​បុរាណ

អាហារ​នេះ គឺ​ធ្លាប់​ឃើញ​គេ​ថត​នៅ​ក្នុង​ភាពយន្ត ប៉ុន្តែ​គេ​ជឿជាក់​ថា វា​មាននៅ​ចិន និង​ឥណ្ឌា ។ អាហារ​ទាំងនេះ​គេ​អះអាង​ថា គឺ​ចាប់​ស្វា​ដាក់​នៅ​ក្នុង​ប្រអប់​ហើយ​គេ​ចោះ​យក​តែ​ខួរ​ស្រស់​ៗ​ទទួលទាន ។

៥. ស៊ុត​ស្ងោរ​ទឹកនោម​ក្មេង​បរិសុទ្ធ​នៅ​ប្រទេស​ចិន

ទឹកនោម​កុមា​រា​ត្រូវ​បាន​ប្រមូល​ពី​តាម​សាលារៀន និង​ផ្សារ​នានា​ជុំវិញ​ទីក្រុង ហើយ​ត្រូវ​បាន​គេ​យក​ទៅ​ដាំ​ហើយ​យក​ស៊ុត​ទៅ​ស្ងោ​នឹង​ទឹកនោម​នោះ​រហូត​ដល់​រីង ។ ស៊ុត​ត្រូវ​បាន​គេ​បក​ហើយ​បន្ត​ស្ងោរ​រយៈពេល​ជា​ច្រើន​ម៉ោង ដើម្បី​ឱ្យ​ទឹកនោម​ត្រាំ​ចូលជាតិ​ក្នុង​ស៊ុត ។ នៅ​ពេល​ទទួលទាន​គេ​អះអាង​ថា ស៊ុត​នេះ​មាន​ក្លិន​ទឹកនោម​ខ្លាំង ប៉ុន្តែ​រសជាតិ​ត្រូវ​បាន​ពិពណ៌នា​ថា ឆ្ងាញ់ ប្រៃ និង​ញៀន ។ ស៊ុត​ស្ងោរ​ក្នុង​ទឹកនោម​របស់​កុមា​រា អាយុ​ក្រោម​ដប់​ឆ្នាំ​នេះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា «​តុង​ហ្ស៊ី​ដាន​» ។

សូម​ជម្រាប​ថា នេះ​ជា​ព័ត៌មាន​ដើម្បី​ជា​ការ​យល់​ដឹង​ប៉ុណ្ណោះ វា​មិន​មានការ​គាំទ្រ​ផ្នែក វេជ្ជសាស្ត្រ​ទេ​។ ដូច្នេះ​មិន​ត្រូវ​យក​វា​ជា​ក្បួន​ព្យាបាល​ជំងឺ​ឡើយ ។ សូម​ទៅ​រក​គ្រូពេទ្យ បើសិនជា​អ្នកមាន​ជំងឺ ៕