ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាជី​មុខ ជា​អវតារ​មួយ​របស់​ព្រះ​នារាយណ៍

9 ខែ មុន
  • ភ្នំពេញ

​ពាជី​មុខ ឬ​វាជី​មុខ មាន​ន័យ​ថា «​មុខសេះ​» សំដៅលើ​សភាវៈ​មួយ​មាន​ដងខ្លួន​ជា​មនុស្ស និង​មាន​ក្បាល​ជា​សេះ ។ នៅ​ក្នុង​បរិបទ​ព្រហ្មញ្ញសាសនា ពាជី​មុខ ឬ​អាច​ហៅ​ម្យ៉ាងទៀត​ថា «​ព្រះ​ក​ល្កិ​ន​» ជា​អវតារ​មួយ​ចុង​ក្រោយ​ក្នុង​ចំណោម​អវតារ​ទាំង​១០​របស់​ព្រះ​នារាយណ៍

រាជធានី​ភ្នំពេញ ៖ ​ពាជី​មុខ ឬ​វាជី​មុខ មាន​ន័យ​ថា «​មុខសេះ​» សំដៅលើ​សភាវៈ​មួយ​មាន​ដងខ្លួន​ជា​មនុស្ស និង​មាន​ក្បាល​ជា​សេះ ។ នៅ​ក្នុង​បរិបទ​ព្រហ្មញ្ញសាសនា ពាជី​មុខ ឬ​អាច​ហៅ​ម្យ៉ាងទៀត​ថា «​ព្រះ​ក​ល្កិ​ន​» ជា​អវតារ​មួយ​ចុង​ក្រោយ​ក្នុង​ចំណោម​អវតារ​ទាំង​១០​របស់​ព្រះ​នារាយណ៍ ​(​ការ​បង្ហាញ​អវតារ នីមួយ​ៗ​របស់​ព្រះ​នារាយណ៍​តែង​ភ្ជាប់​ជាមួយ​ព្រឹត្តិការណ៍ និង​សាច់​រឿង នីមួយ​ៗ​ច្បាស់លាស់​ទៅ​តាម​គម្ពីរ​ទេវ​កថា​) ។ អវតារ​អង្គ​នេះ​ពុំ​ទាន់​បង្ហាញខ្លួន​នៅ​លើ​លោក​យើង​នេះ​នៅឡើយ​ទេ ទាល់តែ​ដល់​ចុង​កប្ប ។

បើ​តាម​ឯកសារ​សារមន្ទីរ​ជាតិ លក្ខណៈ​សម្គាល់​របស់​បដិមា​អង្គ​នេះ មាន​ដងខ្លួន​ជា​មនុស្ស និង​ក្បាល​ជា​សេះ​ឈរ​កាច់ចង្កេះ ។ ភ្នែក​បើក និង​ស្លៀកសំពត់​វែង ដល់​ជង្គង់ ឆ្នូត​ចង្កេះ​ទម្លាក់​ជា ជាយ​មក​ខាងស្តាំ សំពត់​នេះ​មាន​ឆ្លាក់​បង្ហាញ​ក្បាច់លម្អ​ចង​ជា​ក្បាច់​ផ្កា​ទម្លាក់​ដល់ក​ជើង​។ ដៃ​ទាំង​ពីរ​បាក់​បាត់​នៅ​ត្រឹម​ដើមដៃ និង​ពុំ​ដឹង​ថា​មាន​កាន់​កេតនភណ្ឌ​អ្វី​ឡើយ ។

បដិមា​នេះ​ធ្វើ​ពី​ថ្មភក់ មាន​ប្រភព​មក​ពី​គុក​ត្រប់ ខេត្តកណ្តាល ។ ទម្រង់​មុខ ដងខ្លួន​ទន់ភ្លន់ ឈរ​កាច់​បន្តិច​ត្រង់​ត្រគាក មើលទៅ​សម​ភ្នែក​ក្រៃ​លែង ជា​លក្ខណៈ​សម្គាល់​រចនាបថ​ភ្នំ​ដា អំឡុង​ស​.​វ​ទី​៦-៧ នៃ​សិល្បៈ​ខ្មែរ​សម័យ​មុន​អង្គរ ។

បដិមា​នេះ​បាន​មក​ដល់​សារមន្ទីរ​ជាតិ​ក្នុង​ឆ្នាំ​១៩២៤ ហើយ​ទើបនឹង​បាន​ជួសជុល​ត​ភ្ជាប់​ប្រអប់ជើង ដែល​ទើប​រក​ឃើញ​ក្នុង​ឆ្នាំ​២០១៤ ដោយ​ក្រុមការងារ​រោង​ជាង​ថ្ម ។

បច្ចុប្បន្ន​ពាជី​មុខ ឬ​វាជី​មុខ​កំពុង​ដាក់​តាំង​បង្ហាញ​នៅ​ថែវ​សម័យ​មុន​អង្គរ (​ស្ថិត​នៅ​ភាគ​ខាងត្បូង​នៃ​អគារ​សារមន្ទីរ​ជាតិ​កម្ពុជា​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ