ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​សុខ ស្រាប់តែ​យុវជន​១០​នាក់​ដេញ​កា​.​ប់​ផ្អើល​ផ្លូវ​៣០​ម៉ែត្រ

3 ខែ មុន
  • ភ្នំពេញ

ខណៈ​ពេល​ជិះ​ម៉ូតូ​ចេញពី​លេង​ផ្ទះ​ពូ​មីង ហើយ​ត្រឡប់​ទៅ​បន្ទប់​ជួល​ខ្លួនឯង​វិញ ក៏​ស្រាប់តែ​ត្រូវ​យុវជន​មួយ​ក្រុម មាន​គ្នា​ជា​១០​នាក់ ប្រដាប់​ដោយ​ដាវ និង​កាំ​បិ​.​ត រួច​ធ្វើ​សកម្មភាព​កា​.​ប់​ម៉ូតូ និង​យុវជន​ជា​ម្ចាស់​ម៉ូតូ បណ្តាល​ឲ្យ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​ម្នាក់ ខណៈ​ពេល​ជិះ​ម៉ូតូ​ចេញពី​លេង​ផ្ទះ​ពូ​មីង ហើយ​ត្រឡប់​ទៅ​បន្ទប់​ជួល​ខ្លួនឯង​វិញ ក៏​ស្រាប់តែ​ត្រូវ​យុវជន​មួយ​ក្រុម មាន​គ្នា​ប្រមាណ​​១០​នាក់ ប្រដាប់​ដោយ​ដាវ និង​កាំ​បិ​.​ត រួច​ធ្វើ​សកម្មភាព​កា​.​ប់​ម៉ូតូ និង​យុវជន​ជា​ម្ចាស់​ម៉ូតូ បណ្តាល​ឲ្យ​រង​របួស ហើយ​ដក​សោ​ម៉ូតូ រួច​នាំ​គ្នីគ្នា​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាល​ពី​វេលា​ម៉ោង​៨​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២៤ នៅ​ជិត​ដេប៉ូ​តេ​លា ផ្លូវ​៣០​ម៉ែត្រ ហៅ​ទ្រុងមាន់ កែង​ផ្លូវ​បុរី​ភ្នំពេញ ស្ថិត​ក្នុង​សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ អំ ពន្លក ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ខាង​ដេ​គ័​រ ស្នាក់​នៅ​បន្ទប់​ជួល ជិត​ផ្សារ​ទួល​ពង្រ និង​មានស្រុក​កំណើត​នៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។

បើ​តាម​សម្តី​យុវជន​រង​គ្រោះ បាន​ប្រាប់​ឱ្យ​ដឹង​ថា «​មុន​ពេល​កើតហេតុ រូបគេ​បាន​ជិះ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០២៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង​1W 4889 ចេញពី​កន្លែងធ្វើការ ហើយ​ក៏​ឈាង​ចូល​លេង​ផ្ទះ​ពូ​មីង នៅ​ម្តុំ​ផ្សារ​សូ​ឡា​»​។

ប្រភព​ដដែល​បាន​បន្ត​ថា «​បន្ទាប់​និយាយ​លេង​ជាមួយ​មីង​ពូ​រួច​ហើយ រូបគេ​ក៏​ជិះ​ម៉ូតូ​បន្ត​ចេញពីផ្ទះ​ពូ​មីង ក្នុង​គោលបំណង​ទៅ​បន្ទប់​ជួល​របស់​ខ្លួន​វិញ​នៅ​ម្តុំ​ទួល​ពង្រ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​បុរី​ភ្នំពេញ ទិស​ដៅ​ពី​កើត​ទៅ​លិច​។ លុះ​មក​ដល់​ចំណុច​កើតហេតុ ដែល​ជា​ផ្លូវកែង​៣០​ម៉ែត្រ ក៏​ស្រាប់តែ​មាន​យុវជន​មួយ​ក្រុម មាន​គ្នា​ប្រមាណ​​១០​នាក់ និង​ម៉ូតូ​ជា​ច្រើន​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​និ​ច និង​ហុងដា​ឌ្រី​ម ហើយ​ក្នុង​ដៃ​ប្រដាប់​ដោយ​ដាវ និង​កាំ​បិ​.​ត​ប៉័ងតោ បាន​ធ្វើ​សកម្ម​ភាព​ដេញ​តាម​ពីក្រោយ រួច​កា​.​ប់ បណ្តាល​ឲ្យ​រង​របួស​ខ្នង​។ បន្ទាប់​មក​ក្រុម​ជន​បង្ក​ទាំងនោះ ក៏​បាន​កា​.​ប់​ម៉ូតូ​ទៀត បណ្តាល​ឲ្យ​រង​ការ​ខូចខាត ព្រមទាំង​ដក​យក​សោ​ម៉ូតូ​របស់​គាត់ រួច​នាំ​គ្នីគ្នា​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់ ដោយ​បន្សល់​ទុក​តែ​កាំ​បិ​.​ត​ប៉័ងតោ​១​នៅ​កន្លែង​កើត​ហេតុតែ​ប៉ុណ្ណោះ»​។

ពាក់ព័ន្ធ​ក្នុង​ករណី​ខាងលើ​នេះ​ដែរ តាម​ប្រភព​ពី​ពលរដ្ឋ បាន​ដាក់​ការ​សង្ស័យ​ថា «​អាច​ជា​ករណី​បម្រុង​កា​.​ប់​ប្ល​.​ន់​យក​ម៉ូតូ ព្រោះ​ជន​រង​គ្រោះ​មិន​ដែល​មាន​ទំនាស់​ជាមួយ​អ្នក​ណា​នោះ​ទេ​»​។

ក្រោយ​ពេល​កើតហេតុ ដោយសារ​តែ​មិនឃើញ​មាន​សមត្ថកិច្ច​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ជន​រង​គ្រោះ​ក៏​សម្រេចចិត្ត​នាំ​ពូ​ក្មួយ​រុញ​ម៉ូតូ រួម​ទាំង​កាំ​បិ​.​ត​ប៉័ងតោ ដែល​ជា​វត្ថុ​តាំង យក​ទៅ​ទុក​ផ្ទះ​សិន លុះ​ព្រឹក​ឡើង​ចាំ​មក​ទៅ​ដាក់​ពាក្យបណ្ដឹង​តាម​ក្រោយ ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ជន​បង្ក យក​មក​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ