រាជធានីភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនវ៉ាជែងរថយន្តកុងតឺន័រ ក៏ជ្រុលទៅបុ.កខឿន បណ្ដាលខ្ទាតចូលក្រោមរថយន្តកិនអូសជាច្រើនម៉ែត្រ ធ្វើឱ្យធ្លាយប្រេងចេញជាអណ្ដាតភ្លើងឆាបឆេះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាយកទុយោទឹកបា.ញ់រលត់ភ្លាមៗ កាលពីវេលាម៉ោង៩និង២៥នាទីយប់ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវជាតិលេខ៤គល់ស្ពានរង្វង់មូលស្ពានអាកាសចោមចៅ ស្ថិតក្នុងភូមិខ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
យោងតាមប្រភពព័ត៌មាន បានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះមានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1AH-2570 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ស្របជាមួយនឹងរថយន្តកុងតឺន័រ ម៉ាកហីយាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ3A-1777។
ប្រភពដដែលបន្តថា ខណៈពេលបើកមកដល់ចំណុចខាងលើ ម៉ូតូក៏បើកវ៉ាជែងរថយន្តខាងឆ្វេងដៃ ក៏ជ្រុលទៅបុ.កខឿនច្រមុះជ្រូកគល់ស្ពាន បណ្ដាលឱ្យខ្ទាតម៉ូតូចូលក្រោមរថយន្តកិនអូសបែកផ្កាភ្លើង រហូតធ្លាយបែកទុយោប្រេង បណ្ដាលឱ្យភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ។ ចំណែកជនរងគ្រោះទាំង២នាក់វិញ ក៏នាំគ្នាលោ.តចេញពីម៉ូតូ បណ្ដាលឱ្យអ្នកបើកបររបួស.កជើង រីឯក្មេងប្រុសជាអ្នកជិះខាងក្រោយមិនមានរងរបួសនោះទេ។
ប្រភពដដែលបន្តទៀតថា បន្ទាប់មក ប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ ដែលឃើញហេតុការណ៍ ក៏នាំគ្នាស្រវេស្រវាអូសយកទុយោទឹកមកបា.ញ់ពន្លត់ឱ្យរលត់ទៅវិញអស់ភ្លាមៗ ចំណែកម៉ូតូវិញ រងការខូចខាតស្ទើរទាំងស្រុង លុះក្រោយមក ទើបខាងសមត្ថកិច្ចមូលដ្ឋានចុះទៅអន្តរាគមន៍ និងរាយការណ៍ទៅផ្នែកជំនាញបន្តទៀត។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ក្រោយពេលកើតហេតុ ដោយខាងម្ចាស់រថយន្តមិនចង់មានរឿងវែងឆ្ងាយ ក៏បានជួយចេញថ្លៃព្យាបាលរបួស និងថ្លៃជួសជុលម៉ូតូសងខាងម្ចាស់ម៉ូតូចំនួន៧០ម៉ឺនរៀល ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
ចែករំលែកព័តមាននេះ