ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​ធ្លាក់​ចុះ​១០%​នៅ​ឆ្នាំ​នេះ ដោយសារ​បញ្ហា​ជួញដូរ ភូមិសាស្ត្រ​នយោបាយ និង​ផលិតកម្ម

3 ខែ មុន

អន្តរជាតិ ៖ តម្លៃ​ប្រេង​ឆៅ​បាន​ធ្លាក់​ចុះ​ជាង ១០% នៅ​ក្នុង​ឆ្នាំ ២០២៣ ដែល​ជា​ឆ្នាំ​ដ៏​ច្របូកច្របល់​លើ​

អន្តរជាតិ ៖ តម្លៃ​ប្រេង​ឆៅ​បាន​ធ្លាក់​ចុះ​ជាង ១០% នៅ​ក្នុង​ឆ្នាំ ២០២៣ ដែល​ជា​ឆ្នាំ​ដ៏​ច្របូកច្របល់​លើ​ការ​ជួញដូរ ដែល​ត្រូវ​បាន​សម្គាល់​ដោយ​ភាព​ចលាចល​ភូមិសាស្ត្រ​នយោបាយ និង​ការ​ព្រួយបារម្ភ​អំពី​កម្រិត​នៃ​ផលិតកម្ម​ប្រេង​របស់​ប្រទេស​ផលិត​ធំ​ៗ នៅ​ជុំវិញ​ពិភពលោក​។

ប្រេង​ឆៅ​ប្រភេទ Brent នៅ​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៣ ដែល​ជា​ថ្ងៃ​ជួញដូរ​ចុង​ក្រោយ​នៃ​ឆ្នាំ​នេះ បាន​ទូទាត់​ក្នុង​តម្លៃ ៧៧.០៤​ដុល្លារ​ក្នុង​១​បារ៉ែល ពោល​ធ្លាក់​ចុះ ១១​សេន ឬ ០.១៤%​។ ចំណែក​ប្រេង​ឆៅ West Texas Intermediate របស់​អា​មេ​រិ​កបាន​ទូទាត់​ក្នុង​តម្លៃ ៧១.៦៥​ដុល្លារ​ក្នុង​១​បារ៉ែល ពោល​ធ្លាក់​ចុះ ១២​សេន ឬ ០.១៧% ។ ការ​ជួញដូរ​ប្រេង​ឆៅ​ទាំង​ពីរ​បាន​ធ្លាក់​ចុះ​ជាង ១០% ក្នុង​ឆ្នាំ ២០២៣ ដើម្បី​បិទ​ឆ្នាំ​នៅ​កម្រិត​ចុងឆ្នាំ​ទាប​បំផុត​មិន​ធ្លាប់​មាន​ចាប់តាំងពី​ឆ្នាំ ២០២០​។

ការ​ស្ទង់​មតិ​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters លើ​អ្នក​សេដ្ឋកិច្ច និង​អ្នកវិភាគ​ចំនួន​៣៤​នាក់ បាន​ព្យាករណ៍​ថា ប្រេង​ឆៅ Brent នឹង​មាន​តម្លៃ​ជា​មធ្យម ៨២.៥៦​ដុល្លារ​ក្នុង​១​បារ៉ែល​ក្នុង​ឆ្នាំ ២០២៤ ពោល​គឺ​ធ្លាក់​ចុះ​ពី​ចំនួន ៨៤.៤៣​ដុល្លារ កាលពី​ខែវិច្ឆិកា​កន្លង​ទៅ ខណៈ​ដែល​ពួក​គេ​រំពឹង​ថា កំណើនសេដ្ឋកិច្ច​ពិភពលោក​ចុះ​ខ្សោយ​ជះ​ឥទ្ធិពល​ទៅ​លើ​តម្រូវការ បូក​ផ្សំ​ជាមួយនឹង​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ ដែល​កំពុង​បន្ត​ផង​ដែរ​។

អ្នកវិភាគ​ក៏​បាន​ចោទសួរ​ថា តើ​អង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេង និង​សម្ព័ន្ធមិត្ត ឬ​អង្គការ OPEC+ នឹង​អាច​ប្តេជ្ញា​ចិត្ត​ចំពោះ​ការ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់ ដែល​ពួក​គេ​សន្យា​ថា​នឹង​ជំរុញ​តម្លៃ​បាន​ដែរ​ឬទេ0x017d7 បច្ចុប្បន្ន OPEC+ កំពុង​កាត់​បន្ថយ​ផលិតកម្ម​ប្រហែល​៦​លាន​បារ៉ែល​ក្នុង​១​ថ្ងៃ ដែល​ស្មើ​ប្រហែល ៦% នៃ​ការ​ផ្គត់ផ្គង់​ពិភពលោក​។ OPEC កំពុង​ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ សម្រាប់​ប្រេង​ឆៅ​របស់​ខ្លួន​នៅ​ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ ២០២៤ ខណៈ​ចំណែក​ទីផ្សារ​ពិភពលោក​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​ចាប់តាំងពី​ជំងឺ​កូ​វី​ដ​-១៩ លើ​ការ​កាត់​បន្ថយ​ទិន្នផល និង​ការ​ដកខ្លួន​ចេញ​របស់​ប្រទេស​អង់​ហ្គោ​ឡា​ពី​ក្រុម​មួយ​នេះ​។ ទន្ទឹម​នឹង​នេះ សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​បាន​ជំរុញ​ឱ្យ​មានការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់ ដែល​អាច​កើត​មាននៅ​ក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ ២០២៣ ដែល​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បន្ត​រហូត​ដល់​ឆ្នាំ ២០២៤ ។

នៅ​ក្នុង​ខែធ្នូ ការ​វាយប្រហារ​ដោយ​ក្រុម​សកម្មប្រយុទ្ធ​ហ៊ូ​ធី (Houthi) របស់​ប្រទេស​យេ​ម៉ែ​ន លើ​នាវា​ដឹក​ជញ្ជូន​ដែល​ឆ្លងកាត់​ផ្លូវ​សមុទ្រ​ក្រហម បាន​បង្ខំ​ឱ្យ​បណ្តា​ក្រុមហ៊ុន​ធំ​ៗ ផ្លាស់​ប្តូរ​ទិស​ដៅ​ការ​ដឹក​ជញ្ជូន​របស់​ពួក​គេ​។ ទោះបីជា​ក្រុមហ៊ុន​មួយ​ចំនួន កំពុង​រៀបចំ​ដើម្បី​បន្ត​ការ​ដឹក​ជញ្ជូន​តាម​ប្រឡាយ Suez យ៉ាងណា​ក៏​ដោយ ក៏​នាវា​ដឹក​ប្រេង​ឆៅ និង​ផលិតផល​ចម្រាញ់​មួយ​ចំនួន នៅ​តែ​ជ្រើសរើស​ផ្លូវ​វាង​នៅ​ជុំវិញ​ទ្វីបអាហ្វ្រិក ដើម្បី​ជៀសវាង​ជម្លោះ​ដែល​អាច​កើត​មាន​ក្នុង​តំបន់​។ ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ​នៅ​មជ្ឈិមបូព៌ា បាន​កើនឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នៃ​ឆ្នាំ​នេះ នៅ​ពេល​អ៊ី​ស្រា​អែ​ល​បាន​បង្កើន​ការ​វាយប្រហារ​រ​នៅ​តំបន់​ហ្គា​ហ្សា​ភាគ​ខាងត្បូង ដោយ​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង​ទៅ​លើ​តម្លៃ​ប្រេង​៕ (​ប្រភព ៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ