ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​ត្រៀម​ក្រឡុក​ស្ថានការណ៍​នៅ​ពេល​បោះ​ឆ្នោត​នៅ​អា​មេ​រិ​ក និង​កូរ៉េ​ខាងត្បូង

3 ខែ មុន

ទីក្រុង​សេ​អ៊ូ​ល​៖ ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​កូរ៉េ​ខាងត្បូង​ថ្លែង​ថា​កូរ៉េ​ខាងជើង​តាម​មើលទៅ​អាច​

ទីក្រុង​សេ​អ៊ូ​ល​៖ ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​កូរ៉េ​ខាងត្បូង​ថ្លែង​ថា​កូរ៉េ​ខាងជើង​តាម​មើលទៅ​អាច​នឹង​ធ្វើ​អ្វី​ម្យ៉ាង​ជា​ការ​បង្កហេតុ​ជា​សកម្មភាព​យោធា ឬ​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​នា​ឆ្នាំ​២០២៤​។ មូលហេតុ​ព្រោះ​របប​ដឹកនាំ​របស់​លោក​គី​ម​ ជុង​អ៊ុ​ន ​ចង់​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ទៅ​លើ​របប​របស់​គាត់​នៅ​ពេល​បោះ​ឆ្នោត​នៅ​អា​មេ​រិ​ក និង​នៅ​កូរ៉េ​ខាងត្បូង​។

របប​ក្រុង​ព្យុ​ង​យ៉ាង​ចង់ឱ្យ​គេ​ចាប់អារម្មណ៍​ទៅ​លើ​កម្លាំងយោធា​របស់​ខ្លួន​នៅ​ពេល​កូរ៉េ​ខាងត្បូង​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​នា​ខែមេសា ឆ្នាំ​២០២៤ និង​នៅ​ពេល​អា​មេ​រិ​ករៀប​ចំការ​បោះ​ឆ្នោត​ប្រធានាធិបតី​ក​នា​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២៤​។ ខាងលើ​នេះ​ជា​របាយការណ៍​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​កូរ៉េ​ខាងត្បូង​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៨ ខែធ្នូ​។

ការ​ចេញ​របាយការណ៍​នេះ​ចំ​ពេល​កូរ៉េ​ខាងជើង​កំពុង​កោះ​ប្រជុំ​មហាសន្និបាត​បក្ស​ពលករ​កូរ៉េ​ក្រោម​អធិបតីភាព​របស់​លោក​គី​ម​ជុង​អ៊ុ​ន និង​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ដាក់​ចេញ​កម្មវិធី​នយោបាយ​សម្រាប់​ពេល​អនាគត​។ លោក​គី​ម​ធ្លាប់​សន្យា​ថា​នឹង​ខិតខំ​ផលិត​អាវុធ​នុយក្លេអ៊ែរ​ឱ្យ​បាន​ច្រើន​។ ស្ថាប័ន​ស៊ើបការណ៍​ដដែល​នេះ​រៀបរាប់​ថា​ដោយ​យោង​ទៅ​លើ​ទ​ង្វើ​របស់​កូរ៉េ​ខាងជើង​ពី​អតីតកាល និង​ការ​គំរាមកំហែង​កូរ៉េ​ខាងត្បូង​កាន់តែ​ខ្លាំង យើង​នឹង​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​បង្កើត​ប្រព័ន្ធ​ប្រកាស​អាសន្ន និង​ការ​ត្រៀមខ្លួន​ទប់ទល់​។ គេ​រំពឹង​ថា​នៅ​ដើមឆ្នាំ​២០២៤ ព្យុ​ង​យ៉ាង​នឹង​ធ្វើ​សកម្មភាព​បង្កហេតុ​ជា​បណ្ដើរ​ៗ​។

ជិត​ដល់​រដូវ​កាល​បោះ​ឆ្នោត​នៅ​កូរ៉េ​ខាងត្បូង ព្យុ​ង​យ៉ាង​មាន​ទម្លាប់​បាញ់​មី​ស៊ី​ល និង​ឧបករណ៍​បាញ់​នុយក្លេអ៊ែរ ព្រោះ​ពួក​គេ​ចង់​ផ្ញើ​សារ​ទៅ​បណ្ដា​អ្នកនយោបាយ​អភិរក្សនិយម​ដែល​ប្រឆាំង​នឹង​របប​ក្រុង​ព្យុ​ង​យ៉ាង​។ កូរ៉េ​ខាងជើង​រហូត​ដល់​ទៅ​ហ៊ាន​និយាយ​ថា​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​សព្វ​ថ្ងៃនេះ​ជា​អា​យ៉ង​របស់​គេ​។ របប​នេះ​ធ្លាប់​គំរាម​បើក​ឆាក​បង្ហូរឈាម​នៅ​មហាសមុទ្ទ​ប៉ា​ស៊ី​ហ្វិ​ច​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​រវាង​ទាហាន​អា​មេ​រិ​ក ជប៉ុន និង​កូរ៉េ​ខាងត្បូង​។

កាលពី​ជំនាន់​លោក​មូ​ន​ជែ​អ៊ី​ន​ជា​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ព្យុ​ង​យ៉ាង​អាច​ទទួល​បាន​សម្បទាន​ខ្លះ​ៗ និង​ការ​សន្យា​សហការ​គ្នា​។ ប៉ុន្តែ​ការ​សន្យា​នេះ​មិន​នៅ​គង់វង្ស​យូរអង្វែង​ទេ​។ កូរ៉េ​ខាងជើង​ចាត់​ទុក​លោក​មូ​ន​ជា​មេដឹកនាំ​ដែល​ចូល​ចិត្តការ​សម្រុះសម្រួល​គ្នា​។ ប៉ុន្តែ​មិនយូរ​ប៉ុន្មាន ព្យុ​ង​យ៉ាង​ច្រានចោល​សំណើ​ចរចា​សន្តិភាព​របស់​លោក​មូ​ន និង​ដាក់​គ្រាប់បែក​កម្ទេច​ការិយាល័យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ដែល​មា​នទី​តាំងនៅ​ជាប់​នឹង​ព្រំដែន​។

រយៈពេល​ជាង​ពីរ​ឆ្នាំ​នៃ​ការ​កាន់​អំណាច​របស់​លោក​មូ​ន​ជែ​អ៊ី​ន និង​លោក​យូ​ន​សុខ​យូ​ល កូរ៉េ​ខាងជើង​បាញ់​មី​ស៊ី​ល​ជាង​១​រយ​គ្រាប់​។ វឌ្ឍនភាព​សំខាន់​គឺ​ការ​ធ្វើតេស្ត​គ្រាប់​មី​ស៊ី​ល​កាលពី​ខែធ្នូ ដែល​អាច​ហោះ​បាន​ចម្ងាយ​ជាង​១៤០០០​គីឡូម៉ែត្រ ហើយ​អាច​បាញ់​គ្រប់​ទីកន្លែង​ទូ​ទាំង​ប្រទេស​អា​មេ​រិ​ក​។ វឌ្ឍនភាព​មួយទៀត​គឺ​ការ​បើក​ដំណើរការ​ម៉ាស៊ីន​ប្រតិកម្ម​នុយក្លេអ៊ែរ (reactor) ដែល​អាច​ព​ន្លឿ​ន​ការ​ចម្រាញ់​សារធាតុ​ភ្លុ​យ​តូ​នី​ញ៉ូ​ម (plutonium) សម្រាប់​ផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​៕ (ប្រភព​៖ Bloomberg)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ