ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យានជំនិះ​របស់​ព្រះ​នារាយណ៍​គឺ​ស្ដេច​បក្សី​គ្រុឌ

11 ខែ មុន
  • ភ្នំពេញ

ព្រះ​នារាយណ៍​ជា​អាទិទេព​សំខាន់​មួយ​ក្នុង​ព្រហ្មញ្ញសាសនា​ដែល​តំណាង​ឲ្យ​ការ​ថែរក្សា​និង​ការពារ​លោក ។ លក្ខណៈ​សម្គាល់​របស់​ព្រះ​អង្គ​គឺជា​ទេវរូប​ភេទ​ប្រុស​មាន​ព្រះ​ហស្ត​កាន់​កេតនភណ្ឌ​ចំនួន​បួន

ព្រះ​នារាយណ៍​ជា​អាទិទេព​សំខាន់​មួយ​ក្នុង​ព្រហ្មញ្ញសាសនា​ដែល​តំណាង​ឲ្យ​ការ​ថែរក្សា​និង​ការពារ​លោក ។ លក្ខណៈ​សម្គាល់​របស់​ព្រះ​អង្គ​គឺជា​ទេវរូប​ភេទ​ប្រុស​មាន​ព្រះ​ហស្ត​កាន់​កេតនភណ្ឌ​ចំនួន​បួន សំខាន់​ៗ​ដូច​ជា​ខ្យងស័ង្ខ កងចក្រ ដុំ​មូល និង​ដំបង ។ ព្រះ​អង្គ​យាង​ទៅ​ទី​ផ្សេង​ៗ​ដោយ​គង់​លើ​សត្វ​គ្រុឌ ដែល​ជា​ស្តេច​បក្សី​មាន​រូបរាង​ពាក់កណ្តាល​មនុស្ស ពាក់កណ្តាល​សត្វ ។

បើ​តាម​ឯកសារ​សារមន្ទីរ​ជាតិ ផ្តែរ​ដែល​កំពុង​បង្ហាញ​នេះ ជា​ប្រភេទ​ចម្លាក់​ក្រឡោត​ទាប​ឆ្លាក់​ក្នុង​លក្ខណៈ​ជា​ចម្លាក់ ជ្រៅ​ៗ​ចូល​ក្នុង​ថ្ម​លម្អ​ដោយ​ក្បាច់​ចង្វាយ មើលទៅ​ហាក់ដូចជា​ក្បាច់ចម្លាក់​ក្នុង​រចនាបថ​បន្ទាយស្រី និង​មាន​ប្រភព​មក​ពី​ប្រាសាទស្រឡៅ នា​សតវត្ស​ទី​១០ ។

ចម្លាក់​នៅ​លើ​ផ្តែរ​បាន​រំលេច​តួអង្គ​ព្រះ​នារាយណ៍​គង់​លើ​គ្រុឌ​នៅ​ចំ​កណ្តាល​នៃ​អ័ក្ស​ព័ទ្ធ​ជុំវិញ​ដោយ​ស៊ុម​ទ្រវែង​មួយ​។ ផ្នែក​សំខាន់​នៃ​ផ្តែរ​មាន​លម្អ​ជា​ក្បាច់​អង្កត់​រាង​ដង​ធ្នូ លយ​ចេញពី​ចំណុចកណ្តាល​នៃ​ផ្តែរ និង​បញ្ចប់​នៅ​ផ្នែក​សងខាង​ទៅ​ដោយ​ចម្លាក់​រូប​គ្រុឌ​កំពុង​លេប​ឬ​ខ្ជាក់​នាគ ។

អង្កត់​នេះ​ចែក​ផ្តែរ​ជា​ពីរ​ផ្នែក​គឺ ផ្នែក​ខាងលើ​ជា​សន្លឹក​ផុស​ចេញ​ឡើង​ទៅ​លើ ដោយឡែក​ផ្នែក​ខាងក្រោម​ជា​សន្លឹក​ធ្លាក់​រយោង​។ នៅ​ផ្នែក​ខាងលើ​បង្អស់​នៃ​ផ្តែរ​មាន​លម្អ​ជា​រូប​គ្រុឌ​មួយ​ជួរ​ដោយ ម្ខាង​ៗ​មាន​គ្រុឌ​ចំនួន​ប្រាំមួយ​បែរមក​រកគ្នា ។

ផ្តែរ​ដែល​មាន​ប្រភព​មក​ពី​ប្រាសាទស្រឡៅ​នេះ បាន​យក​មក​រក្សា​ទុក​នៅ​សារមន្ទីរ​ជាតិ​នា​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​១៩៥២ សព្វថ្ងៃ​កំពុង​ដាក់​តាំង​បង្ហាញ​នៅ​របៀង​ខាងក្រៅ​នៃ​សាល​ក្រោយ​សម័យ​អង្គរ​នៃ​សារមន្ទីរ​ជាតិ​កម្ពុជា ។ ផ្តែរ​នេះ​ធ្លាប់​យក​ទៅ​តាំងពិព័រណ៍​នៅ​បណ្តា​ប្រទេស​ជា​ច្រើន​ដូច​ជា​ប្រទេស​បារាំង សហរដ្ឋអាមេរិក ជប៉ុន អា​ល្លឺ​ម៉​ង់ ៕ ដោយ ៖ ស​.​ភ​.​រ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ