រាជធានីភ្នំពេញ ៖ កញ្ញាជិន ស្រីណែត ក្នុងវ័យ២៤ឆ្នាំ ប្រកបដោយទឹកមុខញញឹមស្រស់សោភា ជាប្អូនស្រីរបស់តារាចំរៀងជិន សេរីយ៉ា។ ស្រីណែតបានចូលប្រឡូកក្នុងពិភពសិល្បៈចំរៀងតាមគន្លងបងស្រីតាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះរយៈពេលជិត៥ឆ្នាំហើយ។ ក្នុងអាជីពនេះនាងមិនទាន់មានកេរ្តិ៍ឈ្មោះបោះសម្លេងដូចជាបងស្រីទេ។
កញ្ញា ជិន ស្រីណែត មានទឹកដមសម្លេងពីរោះរណ្តំចិត្ត អាចបំពេអារម្មណ៍ប្រិយមិត្តអ្នកស្តាប់ឱ្យអណ្តែតអណ្តូងហោះហើរទៅតាមអត្ថន័យនៃបទចំរៀង ហើយថែមទាំងមានកាយវិការរស់រវើក ។ ថ្វីដ្បិតតែស្រីណែតជាអ្នកចំរៀងនៅតាមភោជនីយដ្ឋានមិនទាន់បានថតសម្លេងចូលសីុឌី តែនាងអាចច្រៀងបានពីរោះទាំងបទមនោសញ្ចេតនា និងបទឌីស្កូញ័រញាក់កន្ត្រាក់អារម្មណ៍។
តារាចំរៀងសិចស៊ីរូបនេះកន្លងមកធ្លាប់ឡើងច្រៀងនៅលើឆាកប្រគំតន្ត្រីចុងសប្តាហ៍តាមកម្មវិធីទូរទស្សន៍ម្តងម្កាល ប៉ុន្តែក្នុងឆ្នាំ២០១១នេះគេខានឃើញនាងឡើងច្រៀង។ ទោះបីបាត់មុខតាមកញ្ចក់ទូរទស្សន៍ តែនាងនៅតែប្រកបអាជីពជាអ្នកចំរៀងនៅតាមភោជនីយដ្ឋានដដែល។ នាងអះអាងថា ការដែលនាងមិនបានឡើងច្រៀងជាកិត្តិយសក្នុងកម្មវិធីប្រគំតន្ត្រីតាមទូរទស្សន៍ ដោយសារនាងជាប់រវល់លក់ដូរនៅផ្ទះ។
កញ្ញាជិន ស្រីណែត និយាយថា ទោះបីជានាងមិនទាន់ទទួលកេរ្តិ៍ឈ្មោះល្បីក្នុងពិភពសិល្បៈដូចបងស្រីនាងក៏ដោយ ក៏នាងសប្បាយចិត្តដែរ ដែលបានបន្តវេនពីបងស្រី ហើយធ្លាប់បានចូលរួមសម្តែងកាយវិការខារ៉ាអូខេឱ្យផលិតកម្មក្រៅប្រទេសមួយចំនួន ។ កញ្ញាជិន ស្រីណែត ឱ្យដឹងពីអ្នកនាងជិន សេរីយ៉ាថា សព្វថ្ងៃរស់នៅសហរដ្ឋអាមេរិកជាមួយស្វាមីប្រកបដោយសុភមង្គល ខណៈមានកូនប្រុស២នាក់ហើយ។ អ្នកនាងសេរីយ៉ាត្រៀមមកលេងស្រុកនាពេលឆាប់ៗខាងមុខនេះ ៕
ចែករំលែកព័តមាននេះ