ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ច្នៃ​ម៉ូត​ល្បី​១​រូប រំភើប​រហូត​​ស្រក់​ទឹកភ្នែក ​​​ក្រោយ​សម្រេច​ក្តី​ស្រមៃ​នៅ​មុខ​ប្រាសាទបុរាណ​ខ្មែរ​(​វី​ដេ​អូ​)

4 ខែ មុន
  • ភ្នំពេញ

អ្នក​ច្នៃ​ម៉ូត​ដ៏​ល្បី​មួយ​រូប​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​លោក ម៉ែ​ន សីហា ហៅ អូ លី​វ៉ា​គង់ បាន​សម្តែង​ក្តី​រំភើប​រហូត​ស្រក់​ទឹកភ្នែក បន្ទាប់​ពី​លោក​បាន​សម្រេច​ក្តី​ស្រមៃ​នៅ​ក្នុង​ការ​ច្នៃ​ម៉ូត​សម្លៀក​បំពាក់​បែប​បុរាណ

រាជធានី​ភ្នំពេញ ៖ អ្នក​ច្នៃ​ម៉ូត​ដ៏​ល្បី​មួយ​រូប​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​លោក ម៉ែ​ន សីហា ហៅ អូ លី​វ៉ា​គង់ បាន​សម្តែង​ក្តី​រំភើប​រហូត​ស្រក់​ទឹកភ្នែក បន្ទាប់​ពី​លោក​បាន​សម្រេច​ក្តី​ស្រមៃ​នៅ​ក្នុង​ការ​ច្នៃ​ម៉ូត​សម្លៀក​​បំពាក់​បែប​បុរាណ និង​ចំនួន​៤១​ឈុត ដើរ​បង្ហាញ​នៅ​ពីមុខ​ប្រាសាទបុរាណ​ខ្មែរ​ជា​លើក​ដំបូង។

លោក អូ លី​វ៉ា​គង់ បាន​រៀបចំ​ច្នៃ​ម៉ូត​យ៉ាង​ស្រស់​ស្អាត​បង្ហាញ​ឲ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​បាន​ទស្សនា​ក្នុង​កម្មវិធី​រាត្រីសមោសរ​សប្បុរសធម៌ ខាង​មុខ​ប្រាសាទ​បា​ភួ​ន ខេត្តសៀមរាប កាលពី​រាត្រី​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២៣ ដែល​រៀបចំ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​ស្វែងរក​ថវិកា​សប្បុរសធម៌​ជួយ​ដល់​កុមារ​កម្ពុជា ។

ទោះបីជា​លោក​ធ្លាប់​បាន​ចូលរួម​បង្ហាញ​ម៉ូត​សម្លៀក​បំពាក់​ច្រើន​ក្នុង​កម្មវិធី​អន្តរជាតិ ប៉ុន្តែ​ការ​បង្ហាញ​ម៉ូត​សម្លៀក​បុរាណ​នៅ​ខាង​មុខ​ប្រាសាទបុរាណ​នេះ គឺជា​លើក​ដំបូង​របស់​លោក Oliva Kong ហើយ​រឿង​នោះ​បាន​ធ្វើ​ឲ្យ​លោក​រំភើបចិត្ត​ស្ទើរតែ​ស្រក់​ទឹកភ្នែក ខណៈ​ពេល​លោក​តែង​ជឿជាក់​ថា ខ្មែរ​អាច​ធ្វើ​បាន ។

លោក អូ លី​វ៉ា​គង់ បាន​បង្ហោះ​សារ​អម​ជាមួយ​វី​ដេ​អូ​ដែល​លោក​បង្ហូរទឹកភ្នែក​ក្នុង​ចំណោម​អ្នកសិល្បៈ​ជា​ច្រើន​តាម​បណ្តាញ​សង្គម ក្រោយ​កម្មវិធី​បាន​បញ្ចប់​ថា «​ខ្ញុំ​យំ គឺ​យំ​រំភើបចិត្ត​ដែល​បាន​សំរេច​ក្ដី​សុ​បិ​ន្ត​ដ៏​ធំ​ក្នុង​ឆាក​ជី​វិ​.​ត យំ​ព្រោះតែ​ខ្មែរ​អាច​ធ្វើ​បាន »​។

លោក​បញ្ជាក់​ថា «​គោលបំណង​ទី​១ ៖ ខ្ញុំបាទ ចង់​បង្ហាញ​ពី​ការ​ដឹងគុណ​ដល់​បុព្វបុរស​ខ្មែរ​ដែល​បាន​បន្សល់​ទុក​នូវ​ស្នាដៃ​ដល់​មហា​សច្ចា ដល់​កូនចៅ​ជំនាន់​ក្រោយ ហើយ​ខ្ញុំបាទ ក៏​ចង់​បន្ត​ការ​គោរព​ថែរក្សា និង​ផ្សព្វផ្សាយ អភិវឌ្ឍន៍​សម័យ​អភិរក្ស​បុរាណ​ផង​ដែរ​។ គោលបំណង​ទី​២ ៖ ខ្ញុំបាទ ចង់​ផ្សព្វ​ផ្សាយ​នូវ​សិល្បៈ​វប្បធម៌ អរិយធម៌​ដ៏​ល្អ​ផូរផង់​របស់​ប្រទេស​កម្ពុជា តាម​រយៈ​ការ​ច្នៃប្រឌិត​ខ្ពស់​បែប​សម័យ​ថ្មី ដែល​ប្រកបដោយ​ការ​គិត និង​ការ​អនុវត្ត ព្រមទាំង​មានទឹក​តាង​ដែល​ច្បាស់លាស់​ចេញពី​ទឹកដី​កំណើត​របស់​យើង​ផ្ទាល់​»​។

លោក​បញ្ជាក់​ទៀត​ថា «​គោលបំណង​ទី​៣ ៖ ខ្ញុំ​បាន​មើលឃើញ​នូវ​ពន្លឺ​ដ៏​អស្ចារ្យ ហើយ​ពន្លឺ​នោះ​ក៏​មាន​នៅ​ក្នុង​ខ្លួន​របស់ខ្ញុំ​ផង​ដែរ ក្នុង​នាម​ជា​កូន​ខ្មែរ​ជំ​ខាន់​ក្រោយ​មួយ​រូប ។ ដូច្នេះ​ខ្ញុំ​ចង់​យក​ពន្លឺ​នោះ មក​បំភ្លឺ​ដល់​ក្មេង​ៗ​ជំនាន់​ក្រោយ​ឲ្យ​បានដឹង​ថា ប្រទេស​កម្ពុជា​យើង ត្រូវការ​ធនធានមនុស្ស​សំខាន់​ៗ ដើម្បី​អភិវឌ្ឍ និង​អភិរក្ស​ប្រទេស​ជាតិ​យើង​ឲ្យ​កាន់តែ​រីក​ចម្រើន​។ គោលបំណង​ទី​៤ ៖ ខ្ញុំ​ចង់​លើកទឹកចិត្ត​ដល់​ក្មេង​ៗ​ជំនាន់​ក្រោយ ដែល​គាត់​កំពុង​ស្ថិត​នៅ​ក្នុង​សម័យកាល​ទំនើប ដែល​អ្នក​ច្នៃប្រឌិត​ក្ដី ឬ​ជា​អ្នក​ច្នៃ​ម៉ូត​ក្ដី ឬ​ក៏​ជា​សិល្បករ សិល្ប​ការិនី​ទាំងឡាយ​ឲ្យ​បាន​យល់​ថា នេះ​ជា​ការ​ចាប់ផ្ដើម​ថ្មី​មួយ​របស់​កម្ពុជា យើង​រួបរួម​គ្នា​ដើម្បី​ប្រទេស​ជាតិ​យើង​រីក​ចម្រើន​»​។

លោក​បន្ថែម​ថា «​សម្រាប់​គោលបំណង​ចុង​ក្រោយ ដែល​ជា​គោលបំណង​ទី​៥ ៖ ខ្ញុំបាទ ចង់​លុប​បំបាត់​នូវ​ការ​បំ​បា​.​ក់​ទឹកចិត្ត ការ​រិះគន់​ដោយ​ខ្វះ​នូវ​ការ​គិតពិចារណា ហើយ​ខ្វះខាត​នូវ​ការ​ស្រាវជ្រាវ មក​កាន់​​វិស័យ​សិល្បៈ ឬ​វិស័យ​ដើរ​ម៉ូត ច្នៃ​ម៉ូត គ្រប់​ទម្រង់​នៅ​ក្នុង​ប្រទេស​កម្ពុជា ពីព្រោះ​ខ្ញុំបាទ​យល់​ឃើញ​ថា ខ្ញុំបាទ​ក៏​ដូច​ជា​យុវជន យុវតី​ជំនាន់​ក្រោយ បាន​និង​កំពុង​នាំ​យក​ប្រទេស​កម្ពុជា ទៅ​កាន់​ពិភព​លោក​ឲ្យ​បាន​ស្គាល់​ពី​ខ្មែរ​កាន់តែ​ទូលំទូលាយ​»​។

យ៉ាងណា​ម៉ិ​ញ លោក​ពិតជា​មាន​សេចក្តី​រំភើប​រីករាយ​យ៉ាង​ខ្លាំង និង​ជា​កិត្តិយស​ដែល​បាន​ចូលរួម​ការងារ​សប្បុរសធម៌​ក្នុង​កម្មវិធី​រាត្រី​ចង​ចាំ ហើយ​ក៏​ទទួល​បានការ​កោតសរសើរ​យ៉ាង​ខ្លាំង​ពី​លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿន ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ។

លោក​បញ្ជាក់​ថា «​លោក​ពិតជា​រំភើបចិត្ត និង​អរគុណ​យ៉ាង​ក្រៃ​លែង ក្ដី​សុ​បិ​ន្ត​ជាង​១០​ឆ្នាំ​ហើយ ពេល​នេះ​បាន​ក្លាយជា​ការ​ពិត សូម​អរគុណ​ដល់​គណៈរដ្ឋមន្ត្រី​គ្រប់​ជាន់ថ្នាក់ និង​ក្រុម​ម៉ូត​ដែរ ព្រមទាំង​ក្រុមការងារ​ទាំងមូល​យ៉ាង​ក្រៃ​លែង​នា​រាត្រី​នេះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ