អ្នកនាង កែវ កល្យាណ ទម្លាយរូបថតជាមួយស្វាមីអំឡុងពេលរៀបការកាលពីជាង២០ឆ្នាំមុន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មហាជន ជាពិសេសបណ្តាអ្នកលេងបណ្តាញសង្គមកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពេលឃើញអតីតតារាភាពយន្តកាលពីទសវត្សន៍ឆ្នាំ៩០ គឺអ្នកនាង កែវ កល្យាណ បានទម្លាយរូបថតមួយសន្លឹកបង្ហាញមុខមាត់ពិតរបស់ស្វាមីរបស់អ្នកនាងជាលើកដំបូង នៅអំឡុងពេលរៀបកាលពីឆ្នាំ១៩៩៥ ដែលគិតមកទល់នាពេលនេះ គឺមានរយៈពេលជាង២០ឆ្នាំមកហើយ ។

ការបង្ហាញរូបភាពនេះ ត្រូវបានគេចាត់ទុកថា គឺជារឿងដ៏កម្រមួយសម្រាប់អ្នកនាង កែវ កល្យាណ ដែលកន្លងមក អ្នកនាងមិនដែលបើកបង្ហាញមុខមាត់ស្វាមីរបស់ខ្លួនឡើយ បើទោះបីជាពេលនេះ កូនៗប្រុសស្រីរបស់នាងធំធាត់ទន្ទឹមនាងអស់ហើយក៏ដោយ ។

នៅលើបណ្តាញសង្គមហ្វេសប៊ុក អតីតតារាសម្តែងដ៏ល្បីនាទសវត្សន៍ឆ្នាំ៩០ អ្នកនាង កែវ កល្យាណ បានបង្ហោះរូបភាពមួយសន្លឹកបង្ហាញពីការថតជុំគ្នារវាងនាង និងស្វាមី ដែលឈរអមសងខាងជាមួយឪពុកម្តាយបង្កើត អំឡុងពេលពិធីមង្គលរបស់នាងនៅឆ្នាំ១៩៩៥ ។ ជាមួយនឹងរូបថតមួយសន្លឹកនេះ អ្នកនាងមិនបានធ្វើការអធិប្បាយអ្វីដែលច្រើននោះទេ ពោលគឺអ្នកនាងត្រឹមភ្ជាប់ជាមួយនឹងសារខ្លីថា «ឃើញរូប នឹកប៉ាម៉ាក់ណាស់ (កាលរៀបការ 1995) ពេលវេលាចេះតែរំកិលទៅមុខរហូត » ។

យ៉ាងណាម៉ិញ តាមរយៈរូបថតមួយសន្លឹកនេះ ត្រូវបានបណ្តាអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងពេលដែលគេទើបតែឃើញច្បាស់នូវមុខមាត់ស្វាមីរបស់អ្នកនាងជាលើកទី១ ខណៈពេលមានទស្សនិកជនខ្លះក៏បានសួរនាំពីវត្តមានរបស់អ្នកនាងនៅទីណាផងដែរ ។
ឆ្លើយតបទៅនឹងការសាកសួរពីទស្សនិកជនខាងលើនេះ អ្នកនាង កែវ កល្យាណ មិនបានបញ្ជាក់លម្អិតច្រើនពីបញ្ហានេះឡើយ ពោលគឺអ្នកនាងគ្រាន់តែអះអាងខ្លីថា «រវាងអ្នកនាង និងស្វាមីបានបែកគ្នាយូរហើយ»។

ទោះបីជាយ៉ាងណា អ្វីដែលមហាជនចាប់អារម្មណ៍នោះ គេសង្កេតឃើញថា មុខមាត់របស់ស្វាមីអ្នកនាង គឺមានទម្រង់មុខដូចខ្លាំងទៅនឹងកូនស្រីរបស់អ្នកនាង គឺ កែវ ឡាវិញ ដែលកំពុងប្រកបអាជីពសិល្បៈបន្តដូចជារូបនាងដែរ ។
ជាការកត់សម្គាល់ អ្នកនាង កែវ កល្យាណ មិនដែលលើកយករឿងរ៉ាវដែលបានកើតឡើងជាមួយស្វាមីបង្ហាញជាសាធារណៈឡើយ បើទោះបីជាគេដឹងថា ចំណងអាពាហ៍ពិពាហ៍របស់ពួកនាងទទួលបានកូនប្រុសស្រីចំនួន២នាក់ក៏ដោយ ។ ចាប់តាំងពីរស់នៅចិញ្ចឹមកូន២នាក់អស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែរហូតមកទល់នាពេលនេះ អ្នកនាង កែវ កល្យាណ មិនដែលលេចលឺដំណឹងពីទំនាក់ទំនងស្នេហាជាមួយបុរសណាម្នាក់ទៀតឡើយ បើទោះបីជាបច្ចុប្បន្ន អ្នកនាងកំពុងរស់នៅស្រុកខ្មែរ ក្នុងជីវភាពដ៏សមរម្យមួយក៏ដោយ ។

ជាងនេះទៅទៀត អ្នកនាងក៏បាននឹកនាចូលប្រឡូកសិល្បៈជាថ្មីឡើងវិញ ដូចតារារួមជំនាន់មួយចំនួន ដែលកំពុងប្រកបអាជីពសិល្បៈនេះរហូតមកដល់បច្ចុប្បន្ន ប៉ុន្តែអ្នកនាងក៏បានជម្រុញកូនស្រី គឺ កែវ ឡាវិញ ឲ្យចូលសិល្បៈបន្តពីអ្នកនាង ក្នុងពេលដែលកូនស្រីរបស់នាងក៏មានឈ្មោះបោះសម្លេងនៅក្នុងវិថីសិល្បៈម្នាក់ផងដែរ បន្ទាប់ពីការប្រឡូកអាជីពនេះត្រឹមរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅមុនពេល កែវ ឡាវិញ បានសម្រេចចូលរោងការរៀបការមានស្វាមី ៕




ចែករំលែកព័តមាននេះ