ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​! លោក​អធិការ​នគរបាល​ខណ្ឌ​កំ​បូល ត្រូវ​មន្ត្រី​ក្រោម​ឱវាទ​រួម​គ្នា​ប្ដឹង

5 ខែ មុន
  • ភ្នំពេញ

ស្ងាត់​ៗ​ស្រាប់តែ​បែកធ្លាយ​រឿង​លោក ហុង ពិសិដ្ឋ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល ត្រូវ​បាន​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ចាប់ពី​ថ្នាក់​ប៉ុស្តិ៍​រដ្ឋបាល រហូត​ដល់​គ្រប់​ផ្នែក​ទាំងអស់ រួម​គ្នា​ធ្វើ​លិខិត​ប្ដឹង​សុំ​ការ​អន្តរាគមន៍​ពី​សំណាក់​លោក​ឧត្ដមសេនីយ៍ឯក

រាជធានី​ភ្នំពេញ ៖ ស្ងាត់​ៗ​ស្រាប់តែ​បែកធ្លាយ​រឿង​លោក ហុង ពិសិដ្ឋ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល ត្រូវ​បាន​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ចាប់ពី​ថ្នាក់​ប៉ុស្តិ៍​រដ្ឋបាល រហូត​ដល់​គ្រប់​ផ្នែក​ទាំងអស់ រួម​គ្នា​ធ្វើ​លិខិត​ប្ដឹង​សុំ​ការ​អន្តរាគមន៍​ពី​សំណាក់​លោក​ឧត្ដមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​ពិនិត្យ និង​ដោះស្រាយ ចាប់​តាំង​តែ​ពី​ពេល​ដែល​លោក​អធិការ​រូប​នោះ ប្រកាស​ចូល​កាន់​តំណែង ទើបតែ​បាន​ជាង​១​ខែ​មក​ម្ល៉េះ​។

យោង​តាម​លិខិត​ខាងលើ​នោះ លោក​វរសេនីយ៍ឯក ហុង ពិសិដ្ឋ បាន​ចូល​មក​កាន់​តំណែង​ជា​អធិការ​នគរបាល​ខណ្ឌ​កំ​បូល កាលពី​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៣ ហើយ​ក្រោយ​កាន់​តំណែង​បាន​ត្រឹមតែ​ជាង​១​ខែ​ប៉ុណ្ណោះ គឺ​នៅ​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៣ ក៏​កើត​មានរឿង​អា​ស្រូ​.​វ ត្រូវ​បាន​មន្ត្រី​ក្រោម​ឱវាទ​មិន​ពេញចិត្ត ហើយ​ក៏​នាំ​គ្នា​ធ្វើ​លិខិត​ប្ដឹង​យ៉ាង​ព្រោងព្រាត​។ ហើយ​លិខិត​នោះ បាន​ចូល​ដល់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ ប៉ុន្តែ​នៅ​ពុំ​ទាន់​មាន​ដំណោះស្រាយ​នៅឡើយ​ទេ​។

មន្ត្រី​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌ​កំ​បូល បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា គ្មាន​នរណា​ចង់​ប្ដឹង​មេ​កើយ​ខ្លួនឯង​នោះ​ទេ ប៉ុន្តែ​មក​ពី​មេ​ធ្វើបាប គាបសង្កត់​កូនចៅ​ខ្លាំង​ពេក ។ ដោយ​មិន​អាច​ទទួលយក​បាន និង​អត់ទ្រាំ​លែង​បាន​ដែរ ទើប​ឈាន​ដល់​ការ​ប្ដឹង​រក​ដំណោះស្រាយ​។ ហើយ​គ្រាន់តែ​បាន​ចូល​កាន់​តំណែង​ជា​អធិការ​ភ្លាម លោក​អធិការ​រូប​នោះ​ដឹកនាំ​បញ្ជា​មិន​បាន​ល្អ​ឡើយ និង​បាន​បង្កើត​នូវ​បាតុភាព​ជា​ច្រើន ព្រម​ទាំ​ប្រព្រឹត្ត​អំពើ​ពុ​.​ករ​លួ​.​យ គាបសង្កត់​កូនចៅ គ្មាន​ការ​យោគយល់​ដល់​ប្រជាពលរដ្ឋ​។ លោក​អធិការ​រូប​នេះ ធ្វើ​អ្វី​ៗ​គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន គិត​ប្រាក់​ជា​ធំ ដែល​ទ​ង្វើ​ទាំង​អស់នោះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍​កងកម្លាំង និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​យ៉ាង​ខ្លាំង​។

នៅ​ក្នុង​លិខិត​ដែល​ដាក់​ជូន​លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នោះ មន្ត្រី​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល បាន​រៀបរាប់​ពី​ភាព​មិន​ប្រក្រតី និង​ការ​ប្រព្រឹត្ត​អំពើ​ពុ​.​ករ​លួ​.​យ​របស់​លោក​អធិការ ហុង ពិសិដ្ឋ ចំនួន​១៨​ចំណុច គឺ ៖

១- ស្នើ​សុំ​តែងតាំង​តួនាទី ឋានន្តរស័ក្តិ​មន្ត្រី​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល ដោយ​គ្មាន​ការ​ប្រជុំ វាយតម្លៃ​ត្រឹមត្រូវ ដោយ​ថ្នូរ​ជា​ប្រាក់​ចាប់ពី ៨០០​ដុល្លារ ទៅ ១.០០០​ដុល្លារ (​តួនាទី​នាយ​រង​ប៉ុស្តិ៍ និង​នាយ​រង​ផ្នែក​) ដោយ​គ្រាន់តែ​ហៅ លោក​-​លោកស្រី​អធិការរង​មក​ចុះហត្ថលេខា ជា​ការ​ស្រេច​។

២- ស្នើ​សុំ​តែងតាំង​លោក​អនុសេនីយ៍ឯក ស៊ុំ សុ​ផានិត នាយ​រង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្លើង​ឆេះ​រទេះ ទៅ​ជា​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កំ​បូល ជំនួស​លោកនាយ​ប៉ុស្តិ៍​ចាស់ ដែល​ត្រៀម​ចូល​និវត្តន៍ ជា​ថ្នូរ​នឹង​ប្រាក់ ដោយ​មិន​គិត​ពី​អតីតភាព​ការងារ ។

៣- ប្រើប្រាស់​កម្លាំង​ស៊ី​វិល មក​ត្រួតត្រា​លើ​កងកម្លាំង​នគរបាល​ខណ្ឌ​កំ​បូល​។

៤- កងកម្លាំង​អន្តរាគមន៍​គ្មាន​របប​ឧបត្ថម្ភ គ្មាន​របប​បាយ (​បើ​អ្នក​ណា​ហ៊ាន​តវ៉ា ហៅ​មក​សរសេរ​ស្វ័​យ​របាយការណ៍​) ។

៥- ចាប់តាំងពី​លោក​អធិការ​ចូល​មក គាត់​បាន​ឲ្យ​កងកម្លាំង​អន្តរាគមន៍ រើ​កន្លែង​ស្នាក់​នៅ​ចំនួន​ពីរ​ដង តាមតែ​ចិត្ត​គាត់ គ្មាន​ស្ដាប់​យោបល់​របស់​លោក​-​លោកស្រី​អធិការរង​ណា​ម្នាក់​ឡើយ ។

៦- ការងារ​សវន​កម្ម បាន​ប្រមូល​លុយ​ពី​ប៉ុស្តិ៍ ក្នុង​មួយ​ប៉ុស្តិ៍ ១០០​ដុល្លារ ចំនួន​៧​ប៉ុស្តិ៍ ស្មើនឹង ៧០០​ដុល្លារ​។ ផ្នែក​ចរាចរណ៍ ២០០​ដុល្លារ​, ផ្នែក​អន្តោប្រវេសន៍ ១០០​ដុល្លារ​, ផ្នែក​ព្រហ្មទណ្ឌ ១០០​ដុល្លារ​, ផ្នែក​គ្រឿ​.​ង​ញៀ​.​ន ១០០​ដុល្លារ​, ផ្នែក​សន្តិសុខ ១០០​ដុល្លារ​។

៧- បង្ខំ​ឲ្យ​នាយ​ប៉ុស្តិ៍​ពីរ​រូប ប៉ុស្តិ៍​ប្រទះ​ឡា​ង និង​ប៉ុស្តិ៍​បឹង​ធំ ចេញថ្លៃ​ធ្វើ​ទ្វារ​បន្ទប់​អស់ប្រាក់​ចំនួន ១.៥០០​ដុល្លារ (​មួយ​ពាន់​ប្រាំ​រយ​ដុល្លារ​) ជា​ថ្នូរ​នឹង​ការ​ប្រកាស​ចូល​កាន់​តួនាទី​ជា​នាយ​ប៉ុស្តិ៍​ប្រទះ​ឡា​ង និង​ប៉ុស្តិ៍​បឹង​ធំ​។

៨- បាន​បញ្ជា​ឲ្យ​លោកនាយ​ប៉ុស្តិ៍​ទាំង​៧ ចុះ​ស្រង់​ម៉ុង​ខ្មោ​.​ច (​ស្រង់​ឈ្មោះ​ខ្មោ​.​ច​ដែល​បាន​ស្លា​.​ប់ ស្វែងរក​សាច់ញាតិ កូនចៅ និង​លេខ​ទូរស័ព្ទ​របស់​សាច់ញាតិ​កូនចៅ​ខ្មោ​.​ច​ដែល​ស្លា​.​ប់​)​។

៩- ដាក់​គំនាប​ឲ្យ​អធិការរង​ដឹកនាំ​កម្លាំង​ផ្នែក និង​ប៉ុស្តិ៍​ពាក់ព័ន្ធ ចុះ​ចាប់​ឲ្យ​បាន (​ម៉ូតូ​អត់​ស្លាក​លេខ ជនសង្ស័យ ប្រើប្រាស់​គ្រឿ​.​ង​ញៀ​.​ន យក​មក​អធិការដ្ឋាន ទោះ​មាន ឬ​មិន​មាន​សារធាតុ​ញៀ​.​ន​ក៏​តម្រូវ​ឲ្យ​បង់ប្រាក់​ចាប់ពី ១០០​ដុល្លារ ទៅ ៣០០​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​។

១០- ចុះ​ចាប់​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​ដោយ​ខ្លួនឯង ទោះបីជា​មិនដឹង​ថា ជា​បទល្មើស​អ្វី​ឲ្យ​ប្រាកដ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា នៅ​ចំណុច​មុខ​ខ្លោងទ្វា​វត្ត​ស្ងួន​ពេជ្រ ។

១១- នៅ​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២៣ មាន​ករណី​ឆ​.​ក់​ត្រី (​ឆ​.​ក់​គ្រាន់តែ​មួយ​ហូប​ក្នុង​គ្រួសារ​) ស្ថិត​នៅ​ភូមិ​អង្គ​ជ័យ សង្កាត់​ស្ងោរ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ឃាត់​បាន​ប្រជាជន​ចំនួន​ពីរ​នាក់ ទី​១-​ឈ្មោះ អ៊ុំ តូច ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​កម្មករ ទី​២-​ឈ្មោះ ភួង វណ្ណៈ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករ ឃុំខ្លួន​ពួក​គាត់​មួយ​យប់ ដោយ​ទារ​លុយ​ពី​ពួក​គាត់​ចំនួន ១.០០០​ដុល្លារ (​មួយ​ពាន់​ដុល្លារ​) ជា​ថ្នូរ​នឹង​ការ​ដោះ​លែង និង​មិន​បាន​ឆ្លង​ព្រះរាជអាជ្ញា​ឡើយ​។

១២- នៅ​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២៣ ករណី​រក​លោ​.​ត​ពីលើ​ផ្ទះ នៅ​ភូមិ​តា​កេរ្តិ៍ សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ដោយ​ជន​រង​គ្រោះ​មាន​សតិ​មិន​គ្រប់ ឈ្មោះ ជូរ ភ​ន អាយុ​៤៥​ឆ្នាំ ភេទ​ប្រុស ឃាត់​យក​មក​ឃុំខ្លួន​មួយ​យប់ នៅ​អធិការដ្ឋាន​ខណ្ឌ​កំ​បូល ដោយ​គ្មាន​ការ​ឯកភាព​ពី​ព្រះរាជអាជ្ញា ។

១៣- នៅ​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២៣ កម្លាំង​ប៉ុស្តិ៍​បឹង​ធំ បាន​ឃាត់​ជនសង្ស័យ​ចំនួន​បី​នាក់ ដោយ​ពិនិត្យ​ទឹកនោម​មាន​សារធាតុ​ញៀ​.​ន​តែ​មួយ​នាក់ (​ពីរ​នាក់​គ្មាន​សារធាតុ​ញៀ​.​ន​) ប៉ុស្តិ៍​បាន​ឆ្លង​ទៅ​លោក​អធិការ គាត់​បាន​ឲ្យ​ឃាត់​ទាំង​បី​នាក់​យក​ទៅ​ផ្នែក​ជំនាញ ឃុំខ្លួន​មួយ​យប់ ព្រឹក​ឡើង​ឲ្យ​ថៅកែ​មក​ដោះស្រាយ ។

១៤- នៅ​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២៣ មាន​ករណី​បូម​ប្រេង ស្ថិត​នៅ​ភូមិ​កប់​ភ្លុក សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ពីរ​នាក់ ទី​១-​ឈ្មោះ យិ​ន សាវ​ឌី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ប៉ះ​កង់​ឡាន ទី​២-​ឈ្មោះ រស់ សុធា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​បើកឡាន​ដឹក​ប្រេង ដោយ​ចោទប្រកាន់​ថា «​ករណី​លួ​.​ច​បូម​ប្រេងសាំង​លក់​ឲ្យ​អ្នក​ប៉ះ​កង់​ឡាន​» ដោយ​ក្រុមហ៊ុន​មិន​បាន​ប្ដឹង​ទេ​។ ក្រុមហ៊ុន​ថា «​ជា​ប្រេង​របស់​អ្នកបើកបរ​ឡាន​ទេ​» តែ​លោក​អធិការ​នៅ​តែ​មិន​ស្តាប់ និង​ទារ​លុយ​បាន ៧៥០​ដុល្លារ (​ប្រាំពីរ​រយ​ហាសិប​ដុល្លារ​) ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​វិញ​។

១៥- នៅ​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២៣ មាន​ករណី​ឆ​.​ក់​ត្រី (​ឆ​.​ក់​គ្រាន់តែ​មួយ​ហូប​ក្នុង​គ្រួសារ​) នៅ​ភូមិ​ទួល​តា​ឡា​ត់ សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ឃាត់​បាន​ទី​១.​ឈ្មោះ អ៊ុ​ក លី​ន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​កម្មករ សំណង់ ទី​២.​ឈ្មោះ កង សា​រ៉ាត់ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​យោធា​ឆ័​ត្រ​យោង​៩១១ ដោយ​បាន​ឃុំខ្លួន​ពួក​គាត់​មួយ​យប់ ទាំង​គាត់​ជា​យោធា ហើយដោយ​មិន​មានការ​ឯកភាព​ពី​ព្រះរាជអាជ្ញា​។

១៦- នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៣ មាន​ករណី​ចាប់​ឡាន​អ្នក​ដឹក​គ្រែ​លក់ ឃាត់​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្លើង​ឆេះ​រទេះ​មួយ​យប់ ដោយ​គ្នា​គ្មាន​លុយ ភ្លឺ​ឡើង​ទើប​លោក​អធិការ​ឲ្យ​ចេញ​ទៅ​វិញ​។

១៧- នៅ​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៣ មាន​ករណី​លួ​.​ច​កាបូបស្ពាយ​ក្នុង​ឡាន​មិន​បាន​សម្រេច ឃាត់​បាន​ជនសង្ស័យ​ឈ្មោះ កែវ ប៉ៃលិន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ដោយ​លោក​អធិការ​បញ្ជា​ឲ្យ​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ប្រទះ​ឡា​ង​បញ្ចប់រឿង និង​ទារប្រាក់​ពី​ជនសង្ស័យ​បាន​ចំនួន ១.០០០​ដុល្លារ (​មួយ​ពាន់​ដុល្លារ​) ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​។

១៨- នៅ​ថ្ងៃ​២០ ខែកញ្ញា ឆ្នាំ​២០២៣ មាន​ករណី​ស្រវឹងស្រា កាន់​កាំ​បិ​.​ត​ឡូឡា​ឈ្លោះ​គ្នា នៅ​ភូមិ​តា​ជេ​ត សង្កាត់​បឹង​ធំ ខណ្ឌ​កំ​បូល ដោយ​ភាគី​រង​គ្រោះ​មិន​បាន​ប្តឹងប្តល់​ទេ សុំ​ឲ្យ​ប៉ុស្តិ៍​ធ្វើ​កិច្ចសន្យា​អប់រំ តែ​លោក​អធិការ​បាន​បញ្ជា​គាត់​ឲ្យ​ជួយ​លុយ​ចំនួន ៥០០​ដុល្លារ (​ប្រាំ​រយ​ដុល្លារ​) ទើប​ដោះ​លែង​គាត់​ឲ្យ​ទៅ​ផ្ទះ​វិញ​។

បន្ទាប់​ពី​រង​នូវ​បណ្ដឹង​ចោទប្រកាន់​ពី​សំណាក់​មន្ត្រី​នគរបាល​ក្រោម​ឱវាទ​ទាំង​អស់បែប​នេះ លោក ហុង ពិសិដ្ឋ អធិការ​នគរបាល​ខណ្ឌ​កំ​បូល បាន​ប្រាប់​អ្នកកាសែត​ក្នុងស្រុក​មួយ​នា​ព្រឹក​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២៣​នេះ​ថា «​ការ​មិន​ពេញ​ចិត្តជា​រឿង​បុគ្គល ហើយ​ការ​ចោទប្រកាន់​ចេះ​តែ​ចោទ​ទៅ ចំពោះ​រូប​លោក​មិន​បាន​ធ្វើ​ដូច​ជា​ការ​ចោទប្រកាន់​នោះ​ឡើយ​»​។

លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា «​នេះ​គឺជា​ការ​ចោទប្រកាន់​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ហើយ​គឺជា​សិទ្ធិ​បុគ្គល ចំពោះ​សកម្មភាព​ដែល​លោក​ធ្វើ គឺ​គិតគូរ​ពី​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ ធ្វើ​ទៅ​តាម​បញ្ជា​របស់​ថ្នាក់ដឹកនាំ​ឲ្យ​បម្រើ​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​តែ​ប៉ុណ្ណោះ​។ អ្វី​ដែល​ជា​មូលដ្ឋាន​ពិតប្រាកដ​នោះ គឺ​ស្ថិត​នៅ​លើ​ចំណាត់កា​របស់​ថ្នាក់ដឹកនាំ ក៏​ដូច​ជា​វិន័យ​កងកម្លាំង ហើយ​ចំពោះ​ការ​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​បែប​ណា​នោះ គឺ​ស្ថិត​លើ​បទបញ្ជាផ្ទៃក្នុង​របស់​ថ្នាក់ដឹកនាំ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ