រាជធានីភ្នំពេញ ៖ បងប្អូនមហាជនអ្នកស្តាប់ នៅចាំអតីតតារាចម្រៀង អ្នកស្រី ជិន ចាន់ធឿន បានទេ ដោយកាលពីកន្លងទៅ អ្នកស្រីធ្លាប់ជាអតីតបេក្ខភាពប្រឡងចម្រៀងមួយរូប ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងទៅលើបទ «ថ្ងៃស្អែកការបង» ដោយធ្វើអោយគណៈកម្មការលង់នឹងសម្លេងរបស់អ្នកស្រី និងបានអោយបេក្ខនារីរូបនេះ ជាប់ទៅវគ្គជាបន្តបន្ទាប់។

ប្រាកដណាស់ អតីតបេក្ខភាពនៃកម្មវិធីប្រឡងចម្រៀងរូបនេះ ត្រូវបានគេស្គាល់ថា គឺជាតារាចម្រៀងមានដង្ហើមវែង និងស្ទាយ៍នៃការច្រៀងពីរោះមួយបែប ដែលជាភាពប្លែករបស់ខ្លួន ម្ល៉េះហើយកាលពីពេលថ្មីៗនេះ តារាចម្រៀង អ្នកស្រី ជិន ចាន់ធឿន បានធ្វើអោយមហាជនស្លុងអារម្មណ៍ជាថ្មីម្តងទៀត តាមរយៈបទចម្រៀងមួយបទក្នុងរឿង «ម៉ែក្រឡាភ្លើង» ជាបទចម្រៀងបែបបំពេរ ធ្វើអោយស្លុងអារម្មណ៍ក្នុងសម្លេង ក៏ដូចជាអត្ថន័យនៃបទនេះផងដែរ។
គួរបញ្ជាក់ដែរថា តាមរយៈបទមួយនេះ ពិតជាមានការគាំទ្រច្រើន ដោយត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ នៅក្នុងគណនី Tik Tok របស់អ្នកស្រី គឺមានអ្នកទស្សនារហូតដល់ ១.៦លាននាក់មើល និងទទួលបានកោតសរសើរផងដែរ ក្រោយពេលបកស្រាយចម្រៀងមួយបទនេះ។

តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាព តារាចម្រៀងអ្នកស្រី ជិន ចាន់ធឿន បានប្រាប់អោយដឹងថា «ក្រោយពេលដែលបទចម្រៀងមួយនេះផ្ទុះ មានការគាំទ្រច្រើននោះ អ្នកស្រីពិតជាសប្បាយរីករាយជាខ្លាំង ដែលអ្នកស្រីបានច្រៀងទៅមានការអារម្មណ៍ ក៏ដូចជាការសរសើរពីមហាជននោះ»។
អតីតបេក្ខជនចម្រៀង Cambodian Idol រដូវកាលទី៣ ដែលមានស្រុកកំណើតនៅស្រុកស្អាង នៃខេត្តកណ្តាលរូបនេះ បានបន្តថា «បទ «ម៉ែក្រឡាភ្លើង» ដែលអ្នកស្រីបានច្រៀងនេះ អ្នកស្រីមានអារម្មណ៍ថា ព្រឺសម្បុរ ដូចជាមហាជនអញ្ចឹងដែរ ដោយសាច់ និងចម្រៀងមួយបទនេះ គឺស៊ីគ្នា ហើយនឹងល្អមើលផងដែរ»។
អ្នកស្រី ជិន ចាន់ធឿន បានបន្តថា «តាមរយៈបទមួយនេះ អ្នកស្រីបានហាត់សមត្រឹម៣ថ្ងៃប៉ុណ្ណោះ ដោយអ្នកស្រីអាចចេះចាំ និងច្រៀងបាន។ បទមួយនេះ អ្នកស្រីយល់ថា ត្រូវការដង្ហើមវែង ហើយក៏មានភាពលំបាកច្រើនចំពោះអ្នកស្រីផងដែរ ដោយសារត្រូវអូសសម្លេងអោយវែងដែលជាសម្លេងខ្មោច ដូចដែលមហាជនបានស្តាប់ដោយអារម្មណ៍ដ៏ព្រឺព្រួចនោះ»។

តាមរយៈចម្រៀងនេះ អ្នកស្រី យល់ថា «បទមួយនេះគឺល្អចំពោះអត្ថន័យ ព្រោះថា ទោះបីជាម៉ែស្លា.ប់ទៅជាខ្មោចក៏ដោយ ក៏ម៉ែនៅតែនឹកដល់កូន គិតដល់កូន នេះហើយជាទំហំទឹកចិត្តរបស់ម្តាយគ្រប់រូបនៅលើផែនដីនេះ»។
បើងាកមកពីជីវិតនៃការប្រឡូកក្នុងវិស័យសិល្បៈប្រមាណជា៥ឆ្នាំមកនេះ អ្នកស្រីបានប្រាប់អោយដឹងដែរថា «កាលពីកន្លងទៅ អ្នកស្រីមានជីវភាពមួយពុំសូវប្រសើរនោះឡើយ ហើយនាពេលនេះ អាចថារៀងគ្រាន់បើបន្តិច ដូចជាការច្រៀងនៅតាមអកកេស អកកាដង់ និងបានទៅច្រៀងនៅតាមបណ្តាប្រទេសផ្សេងៗផងដែរ ដូចជា ៖ អាល្លឺម៉ង់ បារាំង អឺរ៉ុប និងស្វីសជាដើម»។
ជាចុងក្រោយ តារាចម្រៀងអ្នកស្រី ជិន ចាន់ធឿន ពិតជាអរគុណខ្លាំងណាស់ចំពោះការគាំទ្រនូវសម្លេងរបស់អ្នកស្រីផង ក៏ដូចជាបទដែលអ្នកស្រីបានបកស្រាយផង៕ ដោយ ៖ លីហួ គីមឆាយ











ចែករំលែកព័តមាននេះ