ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ធាក់​ស៊ី​ក្លូ​មាន​កម្លាំងចិត្ត​បន្តិច ក្រោយ​ភ្ញៀវ​ទេសចរ​កម្រើក​ឡើង​វិញ

4 ខែ មុន
  • ភ្នំពេញ

ក្រុម​អ្នក​ធាក់​ស៊ី​ក្លូ ដែល​កាលពី​អំឡុង​ពេល​កូ​វី​ដ​១៩​វា​.​យ​លុក មាន​ដល់​អ្នកខ្លះ​ដេក​អត់បាយ នៅ​ពេល​នេះ​ហាក់​មាន​កម្លាំងចិត្ត​ឡើង​វិញ ដើម្បី​បន្ត​របរ​នេះ

ក្រុម​អ្នក​ធាក់​ស៊ី​ក្លូ ដែល​កាលពី​អំឡុង​ពេល​កូ​វី​ដ​១៩​វា​.​យ​លុក មាន​ដល់​អ្នកខ្លះ​ដេក​អត់បាយ នៅ​ពេល​នេះ​ហាក់​មាន​កម្លាំងចិត្ត​ឡើង​វិញ ដើម្បី​បន្ត​របរ​នេះ ពីព្រោះ​ភ្ញៀវ​ទេសចរ​បាន​កម្រើក​ឡើង​វិញ​បន្តិច ។

លោកតា ញឹក ប៊ុ​ន​ធឿ​ន អាយុ​៦៨​ឆ្នាំ ជា​អ្នក​ធាក់​ស៊ី​ក្លូ​តាំងពី​ឆ្នាំ​១៩៩៣ បាន​ប្រាប់​អោយ​កម្មវិធី លុយ​ដឹង​ថា «​ក្រោយ​ស្ងាត់​សឹង​ដាច់​បាយ នៅ​ពេល​នេះ ជា​ពិសេស​នៅ​ពេល​ដែល​ភ្ញៀវ​ទេសចរ​កម្រើក​ឡើង​វិញ​បន្តិច ស្ថានភាព​របរ​ប្រើ​កម្លាំង​នេះ ហាក់​មាន​ចំណូល​រើប​ៗ​ឡើង​វិញ​ដែរ​»​។

លោកតា ញឹក ប៊ុ​ន​ធឿ​ន បាន​បន្ត​ថា «​ខ្ញុំ​មាន​ម៉ូយ​ដឹក​មួយ​ៗ ក្នុង​មួយ​ថ្ងៃ​បាន​ប្រហែល​៥​ទៅ​៦​នាក់​ដែរ ក្នុង​នោះ​តម្លៃ​នៃ​ការ​ដឹក​មួយ​ជើង​ចន្លោះ​៥០០០​រៀល​ឡើង​ទៅ តាម​ទីតាំង​ជិត ឬ​ឆ្ងាយ » ។

ស្រ​ដៀង​គ្នា​នេះ​ដែរ លោកតា សូរ ម៉ុ​ច បាន​ប្រាប់​អោយ​ដឹង​ដែរ​ថា «​ជាក់ស្តែង​កាលពី​អំឡុង​ពេល​រៀបចំ​ពិធីបុណ្យ​អុំទូក​កន្លង​ទៅ​នេះ អ្នករក​ជិះ​ស៊ី​ក្លូ ដូច​ជា​កើនឡើង​គួរ​អោយ​កត់សម្គាល់ ក្នុង​នោះ​លោកតា​អាច​រក​ប្រាក់​កម្រៃ​ច្រើន​ជាង​ពេល​ធម្មតា​ៗ ហើយ​ក្រោយ​អុំទូក​ក៏​នៅ​តែ​មាន​អ្នកទេសចរ ជិះ​កម្សាន្ត​មួយ​ៗ​ឥត​ដែល​ដាច់​ដូច​ពី​មុន​ទេ​»​។

ជុំវិញ​បញ្ហា​នៃរ​បរធាក់​ស៊ី​ក្លូ​នេះ លោកស្រី ឡុ​ង សុខ​ហ៊ួ​យ ប្រធាន​សមាគម​ស៊ី​ក្លូ​កម្ពុជា បាន ប្រាប់​អោយ​កម្មវិធី​លុយ​ដឹង​ថា «​ក្នុង​ពេល​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ មាន​ភ្ញៀវ​ទេសចរ​ជិះ​កម្សាន្ត​ស៊ី​ក្លូ​សប្បាយ​ច្រើន​។ អ្នក​មក នៅ​តែ​មក អ៊ីចឹង​ដោយសារ​គាត់​អញ្ជើញ​មក​ស្រុក​ខ្មែរ​យើង យើង​មានកម្ម​វិធី​សប្បាយ​ៗ​ច្រើន​ដែរ ដូច​ជា​ចូល​ឆ្នាំ​ខ្មែរ ចូល​ឆ្នាំ​ចិន បុណ្យ​ភ្ជុំបិណ្ឌ​ជាដើម ។ ដូច្នេះ​របរ​នេះ​នៅ​តែ​ដំណើរការ »​។

លោកស្រី ឡុ​ង សុខ​ហ៊ួ​យ បាន​បន្ត​ថា «​ក្នុង​រយៈពេល​៣​ថ្ងៃនេះ អ្នក​ធាក់​ស៊ី​ក្លូ​ទទួល​បាន​ភ្ញៀវ​ទៅ​តាម​ចំនួន​ជើង​ដែល​ពួក​គាត់​ធាក់ និង​ភ្ញៀវ​ទេសចរ​ជិះ​កម្សាន្ត ដែល​ក្នុង​ម្នាក់​អាច​ដឹក​ភ្ញៀវ​តិច​បំផុត​ក៏​២​នាក់​ក្នុង​មួយ​ថ្ងៃ​»​។

លោកស្រី ឡុ​ង សុខ​ហ៊ួ​យ បន្ត​ថា «​ជាក់ស្តែង យើង​អត់​ច្បាស់​ទេ ព្រោះ​ចំណូល​របស់​គាត់ យើង​មិន​ត្រួតពិនិត្យ​ទេ​។ ជួនកាល​គាត់​អាច​ទទួល​លុយ​ធីប​ពី​ភ្ញៀវ​ទេសចរ​បន្ថែម​ទៀត​ក៏​មាន​។ ការងារ​នេះ គាត់​មិន​អាច​ប្រាប់​យើង​បាន​។ យើង​អត់​ឆែក​ប្រាក់​ចំណូល​គាត់​ទេ​»​។

លោកស្រី ឡុ​ង សុខ​ហ៊ួ​យ បន្ថែម​ថា «​ទោះបីជា​ស្ថានភាព​កម្ពុជា​ទទួល​រង​ឥទ្ធិពល​ពី​ជំងឺ​កូ​វី​ដ​១៩​យ៉ាង​ណា​ក៏​ដោយ ក៏​វត្តមាន​ស៊ី​ក្លូ​នៅ​តែ​មាន​ចលនា ក្នុង​នោះ​ក្រៅពី​ដឹក​ភ្ញៀវ​ទេសចរ អ្នក​ធាក់​ស៊ី​ក្លូ​ក៏​ដឹក​ជញ្ជូន​អីវ៉ាន់​ក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ​»​។

លោកស្រី ឡុ​ង សុខ​ហ៊ួ​យ បន្ត​ថា «​រាល់ថ្ងៃ ពួក​គាត់​ដឹក​ភ្ញៀវ​តាម​ផ្សារ តែ​ប្រសិនបើ​ភ្ញៀវ​តាម​ផ្សារ​មិន​ជិះ ពួក​គាត់​ក៏​រំពឹង​លើ​ភ្ញៀវ​ទេសចរ​ដែរ​។ ភ្ញៀវ​មានរ​ប៉ះរ​ប៉ោះ ពួក​គាត់​អាច​ប្រកប​អាជីវកម្ម គាត់​អាចរ​ស់បាន​អត់​អី​ទេ គ្រាន់តែ​ថា មិន​បរ​បូរ តែ​ក៏​គ្រប់គ្រាន់​សម្រាប់​គាត់​ម្នាក់​ៗ»​។

លោកស្រី ឡុ​ង សុខ​ហ៊ួ​យ បន្ថែម​ថា «​ក្នុង​សមាគម​ស៊ី​ក្លូ​នេះ មាន​សមាជិក​ចំនួន​១២០​នាក់ ដែល​មាន​ភាគច្រើន​មក​ពី​ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង​។ អ្នក​ធាក់​ស៊ី​ក្លូ នៅ​ក្នុង​សមាគម សុទ្ធសឹងតែ​ជា​មនុស្ស​វ័យ​ចំណាស់ ដោយសារ​ពួក​គាត់​មិន​អាច​ធ្វើ​ការងារ​ផ្សេង​បាន​។ ពួក​គាត់​ភាគច្រើន​មក​ពី​បណ្តា​ខេត្ត ដោយ​ពុំ​មាន​កន្លែង​ស្នាក់​នៅ​ពិតប្រាកដ​។ ដូច្នេះ​ពួក​គាត់​សម្រាក​នៅ​តាម​សំ​យ៉ាប​ផ្ទះ​របស់​ប្រជាពលរដ្ឋ ឬ​តាម​ផ្សារ​ជាដើម​»​។

លោកស្រី សុខ​ហ៊ួ​យ មាន​ប្រសាសន៍​ថា «​ស៊ី​ក្លូ ជា​ផ្ទះ​របស់​គាត់ ជា​កន្លែង​ញ៉ាំ ជា​កន្លែង​គេង ជា​កន្លែង​អ្វី​ទាំងអស់​របស់​ពួក​គាត់​»​។

អត្ថបទ​ដោយ ៖ ស នី​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ