ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តមណ្ឌលគិរី ទទួល​បាន​ភ្ញៀវ​ទេសចរ​ច្រើន​លើសលុប ក្រោយ​ស្ងប់ស្ងាត់​មួយ​រយៈ​ធំ

5 ខែ មុន
  • មណ្ឌលគិរី

បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​រៀបចំ​ទីតាំង​លេង​កម្សាន្ត​ជា​ច្រើន​កន្លែង ខេត្តមណ្ឌលគិរី ដែល​ធ្លាប់តែ​ស្ងប់ស្ងាត់​អស់​មួយ​រយៈពេល​ធំ​នោះ ពេល​នេះ​ចាប់ផ្តើម​មាន​ភ្ញៀវ​ទេសចរ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​សម្រុក​ទៅ​កម្សាន្ត នៅ​ក្នុង​អំឡុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក

ខេត្តមណ្ឌលគិរី ៖ បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​រៀបចំ​ទីតាំង​លេង​កម្សាន្ត​ជា​ច្រើន​កន្លែង ខេត្តមណ្ឌលគិរី ដែល​ធ្លាប់តែ​ស្ងប់ស្ងាត់​អស់​មួយ​រយៈពេល​ធំ​នោះ ពេល​នេះ​ចាប់ផ្តើម​មាន​ភ្ញៀវ​ទេសចរ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​សម្រុក​ទៅ​កម្សាន្ត នៅ​ក្នុង​អំឡុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ហើយ​។

ដោយ​គ្រាន់តែ​ថ្ងៃ​ទី​១ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក គឺ​មាន​ភ្ញៀវ​ទេសចរ​ជិត​១​ម៉ឺន​នាក់​ចូល​មក​កម្សាន្ត​លំហែកាយ ខណៈ​ពេល​ដែល​អាជ្ញាធរ​ខេត្តមណ្ឌលគិរី ក៏​បាន​រៀបចំ​កម្មវិធី​សប្បាយ​រីករាយ​ជា​ច្រើន​បែប​ចាំ​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ ក៏​ដូច​ជា ប្រជាពលរដ្ឋ​នៅ​ចំណុច​ទំនប់​សែន​សុខដុម និង​ទំនប់​សែន​មនោ​រម្យ ស្ថិត​ក្នុង​ក្រុង​សែន​មនោ​រម្យ​ផ្ទាល់​តែ​ម្ដង ។

ឯកឧត្ដម សាន់ ដា​រិ​ទ្ធ អភិបាលរង​ខេត្តមណ្ឌលគិរី បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ពិតជា​ប្លែក​សម្រាប់​​ឆ្នាំ​នេះ ព្រោះ​មាន​ភ្ញៀវ​ទេសចរ​យ៉ាង​កុះករ​បាន​ទៅ​កម្សាន្ត​លំហែកាយ​តាម​រមណីយដ្ឋាន​ទេស​ចរណ៍​នានា​ជា​ច្រើន​ក្នុង​ខេត្ត​។ ហើយ​នេះ ក៏​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ខេត្តមណ្ឌលគិរី ដែល​មានការ​បណ្ដែត​ប្រទីប ខណៈ​កន្លង​មក ពុំ​ធ្លាប់​មាន​នោះ​ទេ ។ ចំណែក​តាម​បណ្ដា​ស្រុក​ក៏​មាន​រៀបចំ​ពិធី​កម្សាន្ត​​សប្បាយ​ដូច​គ្នា​ដែរ តួយ៉ាង​ដូច​ស្រុក​កោះ​ញែក មានការ​រៀបចំ​ពិធី​ប្រណាំងទូក ដែល​បង្ហាញ​ឲ្យ​ពី​ភាព​អភិវឌ្ឍន៍​ទៅ​មុខ​ម្ដង​បន្តិច​ៗ​សម្រាប់​ខេត្តមណ្ឌលគិរី ។

ឯកឧត្ដម​បន្ត​ថា នៅ​ចំណុច​ទំនប់​សែន​សុខដុម ទំនប់​សែន​មនោ​រម្យ ក៏​មាន​រៀបចំ​កម្មវិធី​កម្សាន្ត​ជា​ច្រើន​បែប​ជូន​ពុក​ម៉ែ​បងប្អូន​លេង​សប្បាយ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ លោក​សូម​អំពាវនាវ​ឲ្យ​មានការ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ និង​សូម​គោរព​ច្បាប់​ចរាចរណ៍ ។

បើ​តាម​អ្នកទេសចរ​ដែល​មក​លេង​ខេត្តមណ្ឌលគិរី បាន​លើក​ឡើង​ដែរ​ថា លោក​បាន​មក​កម្សាន្ត​ខេត្ត​មណ្ឌលគិរី​ច្រើន​លើក​មក​ហើយ ប៉ុន្តែ​នៅ​តែ​ចង់​មក​កម្សាន្ត​ម្ដង​ហើយ​ម្ដងទៀត ព្រោះ​នៅ​ទីនោះ​មាន​ទេសភាព​ស្អាត រមណីយដ្ឋាន​ទេសចរណ៍​សម្បូរ​បែប ហើយ​ចំណុច​ពិសេស​របស់​ខេត្តមណ្ឌលគិរី ដែល​លោក​ពេញចិត្ត​បំផុត គឺ​រដូវ​កាលដែល​មាន​ទេសភាព​វាលស្មៅ​ពណ៌​បៃតង ។

សូម​បញ្ជាក់​ដែរ​ថា នៅ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នៅ​ខេត្តមណ្ឌលគិរី ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកទេសចរ​យ៉ាងច្រើន​លើសលុប​មក​លេង​កម្សាន្ត​លំហែកាយ ដោយ​តាម​បណ្ដា​ផ្ទះសំណាក់ សណ្ឋាគារ និង​រី​សត ភ្ញៀវ​ទេសចរ​បាន​ទំនាក់ទំនង​កក់​បន្ទប់​ស្នាក់​នៅ​សឹងតែ​ពេញ​បន្ទប់​អស់​ទៅ​ហើយ​។ ហើយ​ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​ក៏​មិន​ខកបំណង​ដែរ ពីព្រោះ​រដូវ​កាល​នេះ នៅ​ខេត្តមណ្ឌលគិរី ចាប់ផ្ដើម​ធ្លាក់​ខ្យល់​រងារ ខ្យល់អាកាស​ល្អ​បរិសុទ្ធ ទេសភាព​ស្រស់បំព្រង ទាំងនេះ​ហើយ​ដែល​អ្នកទេសចរ​ត្រូវការ​បំផុត​ពី​ខេត្តមណ្ឌលគិរី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ