រាជធានីភ្នំពេញ ៖ តារាចម្រៀងនាង ពេជ្រ សោភា បានចេញមុខប្រតិកម្មយ៉ាងខ្លាំងជុំវិញព័ត៌មានដែលលេចឮឡើងថា «នាងបានទៅវះកាត់កែដើមទ្រូង ដើម្បីផ្គាប់ចិត្តគូស្នេហ៍»។ តារាចម្រៀងរូបនេះ បានចាត់ទុកព័ត៌មានលើកឡើងខាងលើនេះ គឺមិនមែនជាការពិតឡើយ ខណៈពេលនាងក៏មិនដែលធ្វើរឿងណាមួយ ដើម្បីផ្គាប់ចិត្តអ្នកដទៃ ក្រៅពីគ្រួសារនោះឡើយ។
តាមរយៈវីដេអូបង្ហោះតាមបណ្តាញសង្គម តារាចម្រៀង ពេជ្រ សោភា បានអះអាងថា «សម្រាប់ព័ត៌មានដែលផ្សាយថា នាងកែដើមទ្រូង ដើម្បីផ្គាប់ចិត្តគូស្នេហ៍នោះ គឺមិនពិតឡើយ ខណៈពេលដែលនាងហ៊ានស្បថ បើសិនជានាងពិតជាបានធ្វើរឿងមួយនេះមែន»។ នាងបញ្ជាក់ថា «រហូតមកទល់នាពេលនេះ នាងកែតែច្រមុះខ្លះប៉ុណ្ណោះ ចំណែករឿងកែដើមទ្រូងនោះ គឺនាងមិនបានធ្វើឡើយ»។

យ៉ាងណាម៉ិញ បើតាមតារាចម្រៀង ពេជ្រ សោភា បានបន្តថា «ប្រសិនបើនាងមានការកែសម្ផស្សណាមួយនោះ គឺនាងធ្វើដើម្បីខ្លួនឯងតែប៉ុណ្ណោះ ដោយមិនផ្គាប់ចិត្តអ្នកណាមួយឡើយ»។ នាងបន្តទៀតថា «កន្លងមក នាងមិនដែលធ្វើអ្វី ដើម្បីផ្គាប់ចិត្តអ្នកណាឡើយ ក្រៅពីគ្រួសារ ព្រោះគ្រួសារជារឿងសំខាន់សម្រាប់នាង»។
ទោះជាយ៉ាងណា តារាចម្រៀងនាង ពេជ្រ សោភា បានចាត់ទុកព័ត៌មានដែលបានផ្សាយថា នាងកែដើមទ្រូងផ្គាប់ចិត្តគូស្នេហ៍នោះ គឺមិនមានមូលដ្ឋានច្បាស់លាស់ឡើយ ដោយសារការផ្សាយនោះ មិនបានសួរនាំនាងជាមុន។
ជាការកត់សម្គាល់ បើទោះបីជាមានវ័យច្រើនបន្តិចមែន ប៉ុន្តែតារាចម្រៀងនាង ពេជ្រ សោភា នៅតែរក្សាសម្រស់ឱ្យមានភាពស្រស់ស្អាតដដែល ហើយមួយរយៈចុងក្រោយនេះ នាងក៏ទើបតែសម្រកទម្ងន់បានដូចបំណងផងដែរ។ ដោយឡែក បើនិយាយពីទំនាក់ទំនងស្នេហារវាងនាង និងគូស្នេហ៍ គឺតារាសម្តែងលោក ឆឹម សក្កដា វិញ គឺមួយរយៈចុងក្រោយនេះ កាន់តែមានភាពផ្អែមល្ហែម ដោយអ្នកទាំង២តែងតែបណ្តើរគ្នាយ៉ាងត្រសងពេលចូលរួមកម្មវិធីនានា។
យ៉ាងណា បើទោះជាទំនាក់ទំនងស្នេហារបស់ពួកគេកាន់តែស្អិតរមួតនាពេលនេះក៏ដោយ ប៉ុន្តែរហូតមកទល់នាពេលនេះ អ្នកទាំង២នៅមិនទាន់លេចលឺពីវេលានៃការកំណត់ថ្ងៃចូលរោងការច្បាស់លាស់នៅពេលណាមួយនៅឡើយទេ៕








ចែករំលែកព័តមាននេះ