ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី អំពាវនាវ​ឲ្យ​កម្មករ ងាក​ទៅ​ចាប់​យក​ឱកាស​ការងារ​ពេល​ប្រទេស​មាន​សុខ​សន្តិភាព

5 ខែ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​អំពាវនាវ​ដល់​កម្មករ កម្មការិនី​ទាំងអស់ ត្រូវ​រួម​គ្នា​ចាប់​យក​ឱកាស​ការងារ ដែល​រាជរដ្ឋាភិបាល បាន​ខិតខំ​គៀងគរ​មក​ឲ្យ​នៅ​ក្នុង​ប្រទេស​មាន​សុខ​សន្តិភាព…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​អំពាវនាវ​ដល់​កម្មករ កម្មការិនី​ទាំងអស់ ត្រូវ​រួម​គ្នា​ចាប់​យក​ឱកាស​ការងារ ដែល​រាជរដ្ឋាភិបាល បាន​ខិតខំ​គៀងគរ​មក​ឲ្យ​នៅ​ក្នុង​ប្រទេស​មាន​សុខ​សន្តិភាព ស្ថេ​រ​ភាព ដែល​មិន​ចាំបាច់​រត់​កាត់​គ្រាប់​ផ្លោង​ដូច​ជំនាន់​ឪពុក​ម្តាយ​របស់​យើង​នោះ​ទេ ។

ការ​អំពាវនាវ​របស់​សម្តេច​ធិ​បតី ធ្វើ​ឡើង​ក្នុង​ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត ជិត​២​ម៉ឺន​នាក់ នៅ​តាម​បណ្តា​រោងចក្រ សហគ្រាស ដែល​មាន​មូលដ្ឋាន ក្នុង​ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៣ ។

ក្នុង​ឱកាស​នោះ សម្តេច​ធិ​បតី បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា ៖ “​រាជរដ្ឋាភិបាល បាន​ខិតខំ​ប្រឹងប្រែង នឹង​បន្ត​ខិតខំ​ប្រឹងប្រែង ដើម្បី​បង្កើន​បរិស្ថាន​ការងារ ប្រកាន់​ជំហរ​គោលនយោបាយ​ទីផ្សារសេរី បើក​វិស័យ​ឯកជន លើកទឹកចិត្ត​វិនិយោគ​ក្នុង​ប្រទេស និង​ក្រៅប្រទេស លើកទឹកចិត្ត​ឲ្យ​បងប្អូន​អាច​ប្រកប​អាជីវកម្ម​ខ្លួនឯង​បាន ទៅ​ធ្វើ​អ្វី​ខ្លួនឯង​បាន ដើម្បី​ឲ្យ​សិទ្ធិ​សេរីភាព ខំប្រឹង​បើក​វគ្គ​បណ្តុះបណ្តាល ហើយ​ឲ្យ​រៀនសូត្រ តាំងពី​ម​ត្តេ​យ្យរ​ហូត​ដល់​មធ្យម ដល់​ឧត្តម​ទៀត បង្កើន​សមត្ថភាព​ឲ្យ​ខំ​ទៅ​ទាក់ទាញ​វិនិយោគ មក​បង្កើត​ការងារ​ឲ្យ រៀបចំ​គោលនយោបាយ ដើម្បី​ឲ្យ​អភិវឌ្ឍន៍ ដូច​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) កាន់តែ​ល្អ ប្រាក់​សោធន​យើង​មាន យើង​ដើរ​ហើយ រោងចក្រ​សហគ្រាស​បាន​មក​ហើយ​” ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​នាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា ៖ «​អ្វី​ដែល​សំខាន់ គឺ​បងប្អូន​ផ្ទាល់​តែ​ម្តង ដែល​ត្រូវ​ផ្តល់​មក​វិញ គឺ​រួម​គ្នា​ចាប់​យក​ឱកាស ដែល​ផ្តល់​ឲ្យ​នេះ នៅ​ក្នុង​សុខ​សន្តិភាព ស្ថេ​រ​ភាព ដែល​យើង​មិន​ចាំបាច់​រត់​កាត់​គ្រាប់​ផ្លោង ដូច​ជំនាន់​ឪពុក​ម្តាយ​យើង មានឱកាស​ធ្វើ​ការងារ​នៅ​ទី​នេះ ហើយ​មានឱកាស​កាន់តែ​ប្រសើរ សូម​ចាប់​យក​ឱកាស​ទាំង​អស់នេះ ដើម្បី​ពង្រឹង​ខ្លួនឯង និង​ដើម្បី​ចូលរួម​នៅ​ក្នុង​ការ​ជំរុញ​អភិវឌ្ឍន៍ សេដ្ឋកិច្ច​ប្រទេស​ជាតិ​យើង ដូច​បងប្អូន​បាន​ធ្វើ​មក​ដល់​ម៉ោង​នេះ​» ។

សម្តេច​ធិ​បតី បាន​បន្ត​ថា ប្រទេស​យើង មិន​អាច​ដើរមក​ដល់​ម៉ោង​នេះ បើ​គ្មាន​បងប្អូន​ខិតខំ​ប្រឹងប្រែង​នោះ​ទេ បើ​បងប្អូន​មិន​ខំប្រឹង​ប្រែង​ធ្វើការ រហូត​ទៅ​ដល់​ថែម​ម៉ោង​ថែម​ទៀត ដើម្បី​ជំរុញ​ផលិតភាព​របស់​យើង​ពិត​ណាស់​បងប្អូន​បាន​ចំណូល​បន្ថែម ។

ក្នុង​នោះ​ដែ សម្តេច​ធិ​បតី ក៏​បាន​លើក​ឡើង​ពី​ចំណុច​មួយ​ចំនួន ដែល​ធ្លាប់​មាន​កាលពី​ពេល​មុន ដោយ​បាន​មាន​ប្រសាសន៍​ថា ៖ “​កន្លែង​ខ្លះ មាន​បែប​នេះ ដែល​ខ្ញុំ​ដឹង កន្លង​ទៅ​នៅ កន្លែង​ខ្លះ ឧទាហរណ៍​មក​ធ្វើ​ការងារ ក្នុង​ការងារ​សំណង់ បងប្អូន​កន្លែង​ខ្លះ គាត់​ទៅ​ធ្វើការ​មួយ​ខែ បើក​បាន​ប្រាក់ខែ​ហើយ គាត់​យក​ទៅ​ចាយ​សិន អស់​បាន​មក​ធ្វើ​ការងារ​ទៀត កាល​មុន​មាន! តែ​ឥឡូវ​ប្រែប្រួល​ច្រើន​” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ