ខេត្តឧត្តរមានជ័យ ៖ នេះជាលើកដំបូងហើយក្នុងប្រវត្តិសាស្ត្រ ដែលពុំធ្លាប់កើតមាន ដោយក្រុមអាជ្ញាធរនៅស្រុកត្រពាំងប្រាសាទ និងដឹកនាំរដ្ឋបាលស្រុកដោយលោក ហាំង ម៉េង ជាអភិបាលស្រុកត្រពាំងប្រាសាទ រួមជាមួយក្រុមប្រឹក្សាស្រុក មន្ត្រីរាជការ ប្រជាពលរដ្ឋ និងអាជីវករ បានរៀបចំកម្មវិធីប្រណាំងទូក «ង» នៅទល់មុខប្រាសាទខ្នាចារ្យ ហៅវត្តត្រពាំងប្រាសាទ ស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ការប្រណាំងទូក «ង» នេះ រៀបចំឡើងមានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែវិច្ឆិកាឆ្នាំ២០២៣ ក្រោមវត្តមានឯកឧត្ដម នៅ សំ តំណាងរាស្ត្រមណ្ឌលខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីអភិបាលរងខេត្តតំណាងឲ្យឯកឧត្តម ប៉ែន កុសល អភិបាលខេត្តឧត្តរមានជ័យ ក្រមប្រឹក្សាខេត្ត ស្ថាប័នមន្ទីរ និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងមានប្រជាពលរដ្ឋមកទស្សនាប្រមាណជាង១ម៉ឺននាក់។

ក្នុងនោះ ទូក «ង» ចូលរួមប្រណាំង មានដូចជា ៖ ទូករបស់រដ្ឋបាលស្រុក តំណាងស្ថានប័នយោធា មកពីរដ្ឋបាលឃុំចំណុះឲ្យស្រុក និងទូករបស់អាជីវករក្នុងស្រុក ដែលបានរៀបចំប្រណាំងនៅបរិវេណត្រពាំងប្រាសាទខ្នារចារ្យ ហើយមានការដឹកនាំពីសំណាក់លោក ហាំង ម៉េង អភិបាលស្រុកត្រពាំងប្រាសាទ ដោយបានផ្តួចផ្តើមជីកកកាយបឹងប្រវត្តិសាស្ត្រ មានទំហំទទឹង២០០ម៉ែត្រ បណ្តោយ៧០០ម៉ែត្រ នៅទល់មុខប្រាសាទខ្នាចារ្យ បង្កើតជាទីលានប្រណាំងទូក «ង» ដែលជាកេរ្តិ៍ដំណែលរបស់ដូនតាតាំងពីយូរលង់ណាស់មកហើយ ដើម្បីជីកស្តារកកាយបឹងប្រវត្តិសាស្ត្រ រួចរៀបចំពិធីធ្វើទីលានប្រណាំងទូក «ង» នៅស្រុកត្រពាំងប្រាសាទ ដែលពុំធ្លាប់កើតមាននៅក្នុងរដ្ឋបាលស្រុកមួយនេះ។

លោក ហាំង ម៉េង អភិបាលស្រុកត្រពាំងប្រាសាទ បានថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ប្រជាពលរដ្ឋ អាជីវករ និងសប្បុរសជន ដែលបានចូលរួមជាថវិកា និងសម្ភារៈផ្សេងៗ ព្រមទាំងតំណាំងអង្គភាពស្ថាប័ននានា រដ្ឋបាលភូមិ-ឃុំ បានរៀបចំដឹកនាំយកទូកមកចូលរួមប្រឡងប្រណាំងស្វែងរកជើងឯកទូក «ង» ប្រចាំស្រុកត្រពាំងប្រាសាទ ដែលធ្វើឲ្យកម្មវិធីដំណើរការបានយ៉ាងល្អ។

ជាមួយគ្នានោះដែរ លោកអភិបាលស្រុកក៏សំណូមពរដល់ប្រជាពលរដ្ឋមកចូលរួមទស្សនា និងអាជីវករលក់ដូរ សូមឱ្យថែរក្សាសណ្ដាប់ធ្នាប់ អនាម័យនៅជុំវិញបរិវេណទីតាំងប្រណាំងទូក «ង» នេះ ដើម្បីរក្សាសោភ័ណ្ឌភាព បរិស្ថានស្អាត មានអនាម័យក្នុងស្រុករបស់យើង ដើម្បីឱ្យមានភាពស្រស់ស្អាត។

សូមបញ្ជាក់ថា ក្នុងការប្រណាំងទូក «ង» ស្វែងរកជើងឯកនេះដែរ គឺបានទៅលើទូក «ប្រាសាទខ្នាចារ្យសែនជ័យបារមីយាយម៉ៅ» ដែលជាទូករបស់រដ្ឋបាលស្រុកត្រពាំងប្រាសាទ ទទួលបានពានលេខ១ ឧបត្ថម្ភទឹកប្រាក់១លាន២សែនរៀល, លេខ២ បានទៅលើទូក «ក្រុមយុវជនស្រុកត្រពាំងប្រាសាទ» ទទួលបានពាន និងឧបត្ថម្ភទឹកប្រាក់៨០ម៉ឹនរៀល និងលេខ៣ បានទៅលើទូកមកពីឃុំត្រពាំងប្រាសាទ ទទួលបានពាន និងឧបត្ថម្ភទឹកប្រាក់៦០ម៉ឺនរៀល។ លើសពីនោះគឺជារង្វាន់លើកទឹកចិត្ត៕

ចែករំលែកព័តមាននេះ