ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត យកចិត្តទុកដាក់​ចំពោះ​ភ្ញៀវ​ទេសចរ និង​ពលករ​ឆ្លង​ដែន​ច្រក​អន្តរជាតិ​ព្រំ

6 ខែ មុន
  • ប៉ៃលិន

ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ​ខេត្ត​ប៉ៃលិន ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ជាប់​នឹង​ច្រក​បាន​ផា​កាត ស្ថិត​ក្នុងភូមិ​បាន​ផា​កាត ឃុំ​ខ្ល​ង​យ៉ៃ ស្រុក​ពោង​ណាំ​រ៉​ន ខេត្ត​ចាន់​បុរី ព្រះរាជាណាចក្រ​ថៃ ហើយ​បាន​ក្លាយជា​ច្រក​អន្តរជាតិ​ផ្លូវការ

ខេត្ត​ប៉ៃលិន ៖ រហូត​ដល់​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ​ខេត្ត​ប៉ៃលិន ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ជាប់​នឹង​ច្រក​បាន​ផា​កាត ស្ថិត​ក្នុងភូមិ​បាន​ផា​កាត ឃុំ​ខ្ល​ង​យ៉ៃ ស្រុក​ពោង​ណាំ​រ៉​ន ខេត្ត​ចាន់​បុរី ព្រះរាជាណាចក្រ​ថៃ ហើយ​បាន​ក្លាយជា​ច្រក​អន្តរជាតិ​ផ្លូវការ កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០០៣ ក្នុង​ចំណោម​ច្រក​អន្តរជាតិ​ជា​ច្រើន​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​ភ្ញៀវ​ទេសចរ ពលករ និង​ការ​ដឹក​ជញ្ជូន​ទំនិញ​ចេញ​-​ចូល​ឆ្លងកាត់​ព្រំដែន​យ៉ាង​សកម្ម ព្រមទាំង​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ រវាង​មន្ត្រី​ជួរ​មុខ​ទាំង​ទ្វេភាគី កម្ពុជា និង ថៃ ផង​ដែរ ។

លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​រៀបចំ​ហេ​ដ្ឋា​រចនា​ស​ម័​ន្ធ​នានា សម្រាប់​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច ផ្តល់​សេវា​យ៉ាង​បាន​យ៉ាង​ឆាប់រហ័ស និង​ងាយស្រួល​ជូន​ដល់​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ប្រជាពលរដ្ឋ អាជីវករ ពលករ និង​ការ​ដឹក​ទំនិញ​ឆ្លងកាត់​ព្រំដែន ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ និង​លើកកម្ពស់​សោភ័ណ​ភាព ព្រមទាំង​សណ្តាបធ្នាប់ នៅ​មាត់ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ដែល​ជា​មុខមាត់​របស់​ប្រទេស​ជាតិ ។

ក្រោម​ការ​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​មុខ​ជាតិ និង​ប្រជាជន លោក​ជំទាវ​បណ្ឌិត​អភិបាលខេត្ត តែងតែ​ក្រើនរំលឹក​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ទាំងអស់ ដែល​កំពុង​បំពេញការងារ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរ​ជាតិ​ព្រំ ត្រូវ​ខិតខំ​អនុវត្ត​តួនាទី ភារៈកិច្ច និង​សិទ្ធិ​របស់​ខ្លួន​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ ជា​ពិសេស​ត្រូវ​មាន​កិច្ចសហការ​ល្អជា​មួយ​ស្ថាប័ន​នានា ដែល​បាន​ឈរជើង​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ទាំង​កម្ពុជា និង​ថៃ ដើម្បី​សម្របសម្រួល​នូវ​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ជាតិ​-​អន្តរជាតិ ឆ្លងកាត់​ព្រំដែន និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ទៅ​វិញ​ទៅ​មក ។

ដោយ​អនុវត្ត​តាម​គោលនយោបាយ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្តេច មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ ក្នុង​នាម​ជា​អា​ជ្ញ​ធរ​ខេត្ត បាន​រៀបចំ​ក្រុមការងារ និង​មន្ត្រី​ជំនាញ​ប្រចាំការ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ ដើម្បី​ជួយ​សម្របសម្រួល​សេវា​ជូន​ដល់​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ចេញចូល ជា​ពិសេស​បងប្អូន​ពល​ករ​នៅ​ពេល​ដែល​ខក ឬ​យឺត​ពេល​ក្នុង​ការ​ឆ្លង​ព្រំដែន​ទៅ​ធ្វើ​ការងារ គឺ​រដ្ឋបាល​ខេត្ត បាន​ត្រៀម​រៀបចំ​កន្លែង​ស្នាក់​នៅ​ជូន​ដោយ​ឥត​គិតថ្លៃ​។

ដោយឡែក​ប្រជាពលរដ្ឋ​ជា​ទេសចរណ៍ ឬ​បងប្អូន​ពលករ បើ​មាន​បញ្ហា​អ្វី​កើតឡើង ឬ​ក្នុង​ករណី​បន្ទាន់​ណាមួយ ហើយ​ត្រូវការ​ក្រុមការងារ​ជួយ​សង្គ្រោះ និង​ជួយ​សម្របសម្រួល ដូច​ជា ៖ ករណី​អ្នកជំងឺ​ត្រូវការ​សង្គ្រោះ​បន្ទាន់​, ករណី​ពលរដ្ឋ​ខ្មែរ និង​បងប្អូន​ពលករ មាន​គ្រោះថ្នាក់ ឬ ជួប​បញ្ហា​ណាមួយ សូម​ទំនាក់ទំនង​មក​កាន់​ក្រុមការងារ​ប្រចាំការ​របស់​រដ្ឋបាល​ខេត្ត​២៤​ម៉ោង​/២៤​ម៉ោង តាម​រយៈ​លេខ​ទូរស័ព្ទ ៖ 071 9 621 610 ដើម្បី​ក្រុមការងារ​ធ្វើការ​ជួយ​សង្គ្រោះ និង​ជួយ​សម្របសម្រួល​ផ្តល់​សេវា​ជូន​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​រូប​បាន​ទាន់​ពេលវេលា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ