ក្រុងព្រះសីហនុ ៖ នាវាខ្នាតយក្សមួយគ្រឿងបានដឹកភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ចំនួនជាង១ពាន់នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីឲ្យក្រុមភ្ញៀវទេសចរដើរទស្សនកិច្ចនៅតាមតំបន់រមណីយដ្ឋានក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅតាមទីប្រជុំជនសំខាន់ៗក្នុងក្រុងព្រះសីហនុ។

នាវាខាងលើនេះ បានចូលចតដល់កំពង់ផែដោយសុវត្ថិភាព នៅវេលាម៉ោង៧ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ នាវានេះ បានធ្វើដំណើរមកពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជា។ តាមការគ្រោងទុក នាវានេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុឆ្ពោះទៅប្រទេសថៃនៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ស្អែកនេះ ។
មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វាកំពង់ផែ ក្រុងព្រះសីហនុ បានឲ្យដឹងថា នៅលើនាវានេះ មាននាវិកចំនួន៤៦៩នាក់ (ស្រី៩៤នាក់) មាន៥០សញ្ជាតិ និងមានភ្ញៀវទេសចរចំនួន៨៦៨នាក់
ស្រីចំនួន៤៥០នាក់ មាន១៨សញ្ជាតិ ។
ប្រភពខាងលើ បានបន្តបានឲ្យដឹងថា នាវាមានឈ្មោ VIKING ORION មានបណ្តោយ ២២៨.៣០ម ទទឹង ២៨.៨០ ម និង ជម្រៅទឹក ៦.៦៥ម។ នាវានេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅវេលាម៉ោង១៤.០០នាទីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ស្អែកនេះដោយធ្វើដំណើរទៅព្រះរាជាណាចក្រថៃ ៕
ចែករំលែកព័តមាននេះ