ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ប្រតិកម្ម​ទៅ​លើ​នាយ ក្រឹម ចំពោះ​ការ​បង្ហាញ​ទស្សនៈ​រើសអើង​អ្នក​ស្រឡាញ់​ភេ​.​ទ​ដូច​គ្នា (​វី​ដេ​អូ)

6 ខែ មុន
  • ភ្នំពេញ

មហាជន ជា​ពិសេស​បណ្តា​អ្នកសិល្បៈ​កំពុង​តែ​ផ្ទុះ​ប្រតិកម្ម​ពេញ​បណ្តាញ​សង្គម ដោយ​សម្តែង​ការ​មិន​ពេញចិត្ត​ទៅ​លើ​តារា​កំប្លែង​នាយ ក្រឹម ដែល​បាន​បង្ហាញ​ទស្សនៈ​បែប​រើសអើង​ទៅ​លើ​មនុស្ស​ស្រឡាញ់​ភេ​.​ទ​ដូច​គ្នា​នៅ​ក្នុង​កម្មវិធី​មួយ

រាជធានី​ភ្នំពេញ ៖ មហាជន ជា​ពិសេស​បណ្តា​អ្នកសិល្បៈ​កំពុង​តែ​ផ្ទុះ​ប្រតិកម្ម​ពេញ​បណ្តាញ​សង្គម ដោយ​សម្តែង​ការ​មិន​ពេញចិត្ត​ទៅ​លើ​តារា​កំប្លែង​នាយ ក្រឹម ដែល​បាន​បង្ហាញ​ទស្សនៈ​បែប​រើសអើង​ទៅ​លើ​មនុស្ស​ស្រឡាញ់​ភេ​.​ទ​ដូច​គ្នា​នៅ​ក្នុង​កម្មវិធី​មួយ ។

តារា​កំប្លែង​ចាស់វស្សា​នាយ ក្រឹម បាន​លើក​ឡើង​ទៅ​កាន់​បេក្ខភាព​ប្រឡង​អ្នក​ស្រឡាញ់​ដូច​គ្នា (​ភេ​.​ទ​ទី​៣) ណុ​ប ដា​ណេ នៅ​ក្នុង​កម្មវិធី «Cambodia Got Talen» ដែល​បាន​ផ្សាយ​ផ្ទាល់​កាលពី​រាត្រី​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៣​នេះ​ថា «​ប្រសិនបើ​មាន​អ្នក​ស្រឡាញ់​ភេ​.​ទ​ដូច​គ្នា​ច្រើន នោះ​យើង​ពិតជា​បា​.​ត់​ធន​ធានមនុស្ស ហើយ​ចិត្ត​លោក​ផ្ទាល់​ពិតជា​មិន​ចង់​ឲ្យ​មាន​ច្រើន​ឡើយ​»​។

យ៉ាងណា បើ​ទោះបីជា​ទស្សនៈ​របស់​នាយ ក្រឹម មួយ​ផ្នែក​ចាត់ទុកជា​ការ​ត្រឹមត្រូវ​ក៏​ដោយ ប៉ុន្តែ​មួយ​ផ្នែក​ទៀត ត្រូវ​បាន​គេ​គិត​ថា «​ទស្សនៈ​របស់​លោក​ហាក់​មានការ​រើសអើង​មក​មនុស្ស​ដែល​ជា​អ្នក​ស្រឡាញ់​ភេ​.​ទ​ដូច​គ្នា​» ។

បវរកញ្ញា​អ្នក​ស្រឡាញ់​ភេ​.​ទ​ដូច​គ្នា នាង សាយ ហ្វុ​ង ក៏​បាន​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​ការ​លើក​ឡើង​របស់​នាយ ក្រឹម ខាងលើ​នេះ​ឡើយ ដោយ​នាង​បញ្ចេញ​សំ​ណេ​រ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ថា «តើ​​ជា​កំហុស​ទេ? ដែល​កើតមក​មាន​អត្ត​ចរិត​ខុស​ភេ​.​ទ​កំណើត?​?​?​?​។ ក្នុង​នាម​ខ្ញុំ ជា​អ្នក​ប្ដូរ​យេ​ន​ឌ័​រ ខ្ញុំ​សូម​ការពារ​នៅ​ភេ​.​ទ​របស់​ពួក​ខ្ញុំ​… ប្រទេស​ដែល​រីក​ចម្រើន​បំផុត ដូច​ជា​ប្រទេស​មហាអំណាច គឺ​ពោរពេញ​ទៅ​ដោយ​អ្នក​ស្រឡាញ់​ភេ​.​ទ​ដូច​គ្នា និង​អ្នក​ប្ដូរ​យេ​ន​ឌ័​រ នៅ​តែ​រីក​ចម្រើន​ខ្លាំង​បំផុត គ្រប់​វិស័យ​ធនធានមនុស្ស មិន​បាន​បញ្ជាក់​នូវ​ភេ​.​ទ​របស់​ពួក​គេ​ឡើយ​។ វា​អាស្រ័យ​ទៅ​លើ​មនុស្ស និង​សមត្ថភាព​ពិតប្រាកដ​របស់​ពួក​គេ ចំណេះដឹង សីលធម៌ ការ​គោរព​ដល់​អ្នក​ដទៃ សកម្មភាព​ទាំងនេះ​ដែល​សង្គម​ជាតិ​ត្រូវការ សូម​បើក​ចិត្ត​ទទួលស្គាល់​នូវ​អ្វី​ដែល​ពិតប្រាកដ រស់នៅ​ក្រោម​ម្លប់​សន្តិភាព ត្រូវ​ស្រឡាញ់​គ្នា​ផ្ដល់​តម្លៃ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​»​។

ចំណែក​តារា​សម្តែង រឿ​ន ណាត ក៏​បាន​បញ្ចេញ​សារ​នៅ​លើ​បណ្តាញ​សង្គម​ដែរ​ថា «​សុទ្ធតែ​អ្នក​ស្រឡាញ់​ភេ​.​ទ​ដូច​គ្នា មិន​អាច​បង្កើតកូន​បាន តែបើ​បង្កើត​គេ​ហើយ​គ្មាន​ទំនួល​ខុស​ត្រូវ​លើ​គេ ដូច​ពូ​កុំ​បង្កើត​គេ​មក​ល្អ​ជាង​»​។ នាង​បញ្ជាក់​ថា «​គ្រួសារ​ពូ ខ្ញុំ​ស្គាល់​ច្បាស់​ណាស់ តែ​ដឹង​ត្រឹម​ថា ខ្ញុំ​មិន​ចង់ឱ្យ​សង្គម​មួយ​នេះ មាន​ធនធានមនុស្ស​ប្រុស​សុទ្ធ ដូច​ជា​ពូ​ច្រើន​ទេ ព្រោះ​ពូ​មិនមែន​ជា​បុរស​ល្អ មិនមែន​ជា​ប្ដី​ល្អ មិនមែន​ជា​ឪពុក​ល្អ​»​។

រីឯ​តារា​សម្តែង និង​ពិធីករ លោក​ខាត់ សម្បត្តិ​កិ​ត្យា ក៏​បាន​បង្ហោះ​ដែរ​ថា «​ហេតុ​អ្វី​បាន​ទស្សនៈ​រើសអើង​នេះ​ត្រូវ​ចេញពី​មាត់​សិល្បករ? ទាំង​ដែល​យើង​ជា​សិល្បករ សិល្ប​ការិនី សុទ្ធតែ​បានឃើញ និង​ដឹង​ច្បាស់​ថា ភេ​.​ទ​របស់​ពួក​គាត់ ពិតជា​បាន​ជួយ​ដល់​វិស័យ​សិល្បៈ​ភេ​.​ទ​របស់​ពួក​គាត់​ជា​ភេ​.​ទ​ដែល​ស្រលាញ់​សិល្បៈ​ពិតប្រាកដ​។ តួយ៉ាង ៖ ស្រលាញ់​របាំ​ខ្លាំង​ណាស់ តែ​មិន​អាច​រាំ​បាន សុខចិត្ត​តុបតែង​ជូន​អ្នករបាំ​។ ស្រលាញ់​បវរកញ្ញា​ខ្លាំង តែ​ខ្លួន​មិន​អាច​ប្រឡង​បាន សុខចិត្ត​តាម​តុបតែង​ជូន​បវរ​កញ្ញា និង​តាម​ជួយ​ក្នុង​វិស័យ​នេះ​យ៉ាង​ពេញទំហឹង ស្រលាញ់​ជាតិ​ខ្លាំង អោយ​តែ​កម្មវិធី​ជាតិ​ធំ​ៗ​ត្រូវការ ទោះ​មិន​បាន​លុយ មិន​បាន ចេញ​មុខ​អោយ​តែ​បាន​តុបតែង​អោយ​គេ​ស្អាត​ៗ ក៏​ញញឹម​សប្បាយចិត្ត ។ នៅ​មាន​ច្រើន​ទៀត​នៃ​ការ​លះបង់​របស់​ពួក​គាត់​នៅ​ពីក្រោយ​វេទិកា​ជាតិ​ធំ​ៗ សម្រាប់​សង្គម​ជាតិ​ដ៏​កំសត់​មួយ​នេះ​»​។ លោក​បញ្ជាក់​ថា «​ខ្ញុំបាទ ខាត់ សម្បត្តិ​កិ​ត្យា បើ​បុគ្គល​ណា​ក៏​ដោយ ឋានៈ​ណា​ក៏​ដោយ មិន​ពេញចិត្ត​ភេ​.​ទ​ដូច​បង ដា​ណេ តែ​ខ្ញុំ​ពេញចិត្ត គោរព​ស្រលាញ់ និង​សូម​ចេញ​មុខការ​ពារ»។

ចំពោះ​ផលិតករ និង​អ្នកនិពន្ធ​បទ​ចម្រៀង លោក សោម ដូ​រ៉េ វិញ ក៏​បាន​បញ្ចេញ​ទស្សនៈ​របស់​ខ្លួន​បែប​នេះ​ដែរ​ថា «​ធ្វើ​ជា​គណៈកម្មការ​ក្នុង​កម្មវិធី​ប្រកួត​សមត្ថភាព​សេរីភាព​កម្រិត​អន្តរជាតិ ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​មាន​ចក្ខុវិស័យ​ឲ្យ​បាន​ធំ​បំផុត ព្រោះ​ពាក្យ​សម្ដី​បង្ហាញ​ពី​កម្រិត​ចំណេះដឹង និង​សតិសម្បជញ្ញៈ​របស់​ខ្លួនឯង​ទៅ​កាន់​ទស្សនិកជន​!​។ លោក ខ្ញុំ​ពិតជា​សោកស្តាយ​ចំពោះ​ការ​បញ្ចេញ​មតិ​បែប​សង្កត់ធ្ងន់​លើ​ភេ​.​ទ​របស់​ពូ​ក្រឹម ទាំង​ខ្ញុំ​ចូល​ចិត្ត​មើល​គាត់​សម្តែង​ជា​តួអង្គ​អ្នក​ស្រឡាញ់​ភេ​.​ទ​ដូច​គ្នា (​ភេ​.​ទ​ទី​៣) តាំងពី​កុមារភាព រាប់​សិប​រឿង ពិតជា​អន់ចិត្ត​ខ្លាំង​ជាទី​បំផុត ខណៈ​ពេល​ដែល​ក្រុមហ៊ុន ហង្ស​មាស កំពុង​ផលិត​រឿង BL ជា​លើក​ដំបូង​!»​។

ដោយឡែក​តារា​អ្នក​ស្រឡាញ់​ភេ​.​ទ​ដូច​គ្នា នាង ផេ​ន ខេ​ក ក៏​លើក​ឡើង​តាម​រយៈ​បណ្តាញ​សង្គម​ដែរ​ថា «​តើ​ជា​កំហុស​ទេ ដែល​កើតមក​មាន​អត្ត​ចរិត​ខុស​ភេ​.​ទ​កំណើត?​»​។ នាង​បន្ត​ថា «​ក្នុង​នាម​ខ្ញុំ ជា​អ្នក​ប្ដូរ​យេ​ន​ឌ័​រ ខ្ញុំ​សូម​ការពារ​នៅ​ភេ​.​ទ​របស់​ពួក​ខ្ញុំ​… ប្រទេស​ដែល​រីក​ចម្រើន​បំផុត ដូច​ជា​ប្រទេស​មហាអំណាច គឺ​ពោរពេញ​ទៅ​ដោយ​អ្នក​ស្រឡាញ់​ភេ​.​ទ​ដូច​គ្នា និង​អ្នក​ប្ដូរ​យេ​ន​ឌ័​រ នៅ​តែ​រីក​ចម្រើន​ខ្លាំង​បំផុត គ្រប់​វិស័យ​ធនធានមនុស្ស មិន​បាន​បញ្ជាក់​នូវ​ភេ​.​ទ​របស់​ពួក​គេ​ឡើយ​។ វា​អាស្រ័យ​ទៅ​លើ​មនុស្ស និង​សមត្ថភាព​ពិតប្រាកដ​របស់​ពួក​គេ ចំណេះដឹង សីលធម៌ ការ​គោរព​ដល់​អ្នក​ដទៃ សកម្ម​ភាព​ទាំងនេះ ដែល​សង្គម​ជាតិ​ត្រូវការ សូម​បើក​ចិត្ត​ទទួលស្គាល់​នូវ​អ្វី​ដែល​ពិតប្រាកដ​រស់នៅ​ក្រោម​ម្លប់​សន្តិភាព ត្រូវ​ស្រឡាញ់​គ្នា ផ្ដល់​តម្លៃ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​សូម​អរគុណ​»​។

តារា​សម្តែង​នាង ពេជ្រ​វ​ត្តី សា​រ៉ា​វា​ឌ្ឍី ក៏​បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​ដែរ​ថា «​នៅ​ពេល​ដែល​ខ្ញុំ​ទៅ​ធ្វើ​ការ​ងារ​នៅ​ក្រៅប្រទេស គេ​អោយ​តម្លៃ​ការងារ​ទៅ​លើ​មនុស្ស​គ្រប់​ភេ​.​ទ ជា​ពិសេស LGBTQ តែ​ហេតុ​អ្វី​ប្រទេស​យើង​មនុស្ស​មួយ​ចំនួន​បែរជា​នៅ​តែ​មើលងាយ នៅ​តែ​រើសអើង និង​បែរជា​ចាត់​ទុក​អ្នក​ស្រឡាញ់​ភេ​.​ទ​ដូច​គ្នា គឺជា​អ្នក​ដែល​ធ្វើ​អោយ​បា​.​ត់​បង់​ធនធានមនុស្ស​ទៅ​វិញ?​»​។

នាង​បញ្ជាក់​ថា «​ក្នុង​នាម​ខ្ញុំ បង​ៗ​ខ្ញុំ និង​មាន​ហ្វេ​ន​ខ្ញុំ​ជា​ច្រើន​អ្នក​ទៀត​សុទ្ធតែ​ក្រុម LGBTQ សូម​ផ្តាំ​ថា មិន​ថា​អ្នក​ណា​ក៏​ដោយ សូមកុំ​និយាយ​មើលងាយ​អ្នក​ដទៃ ទោះ​គេ​ជា​ភេ​.​ទ​អ្វី​ក៏​ដោយ ព្រោះ​គ្រប់​សម្ដី​ដែល​យើង​និយាយ​ទៅ​គ្មាន​អ្វី​ក្រៅពី​មើលងាយ​ខ្លួនឯង​នោះ​ទេ​»​។

យ៉ាងណា រហូត​មក​ទល់​នា​ពេល​នេះ គេ​នៅ​មិន​ទាន់​ឃើញ​តារា​កំប្លែង​នាយ ក្រឹម ចេញ​មុខ​បកស្រាយ​ចំពោះ​រឿងរ៉ាវ​ខាងលើ​នេះ​នៅឡើយ​ទេ ខណៈ​ពេល​ដែល​វី​ដេ​អូ​នៃ​ការ​និយាយ​ពាក់ព័ន្ធ​បញ្ហា​ខាងលើ កំពុង​តែ​ត្រូវ​បាន​ចែកចាយ​ពាសពេញ​បណ្តាញ​សង្គម ជាមួយនឹង​ការ​ស្តីបន្ទោស​មក​រូប​លោក​ជា​ច្រើន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ