រាជធានីភ្នំពេញ ៖ តារាសម្តែងអ្នកនាង ឌួង ហ្សូរីដា បានចេញមុខឆ្លើយតបទៅកាន់អតីតតារាសម្តែងដ៏ល្បីឈ្មោះមួយរូប បន្ទាប់ពីអតីតតារាភាពយន្តរូបនេះបានធ្វើការរិះគន់ និងជេរប្រមាថដោយពាក្យសម្តីមិនសមរម្យមកលើព្រះមហាក្សត្រខ្មែរ តាមរយៈវីដេឃ្លីបបង្ហោះលើបណ្តាញសង្គមពាក់ព័ន្ធក្នុងជម្លោះនៅតាមព្រំដែនកម្ពុជា និងថៃ ។

អតីតតារាភាពយន្តខ្មែរនាទសវត្សន៍ឆ្នាំ៩០ គឺអ្នកនាង សុខ ស្រីមុំ បានបញ្ចេញវីដេអូឃ្លីបខ្លីមួយបង្ហោះលើបណ្តាញសង្គមរបស់ខ្លួន ក្នុងនោះ អ្នកនាងបាននិយាយពីបញ្ហានៃការឈ្លានពានរបស់សៀមមកលើទឹកដីកម្ពុជា ដោយនៅក្នុងនោះអ្នកនាងក៏បានប្រើប្រាស់ពាក្យសម្តីជេរប្រមាថ និងរិះគន់មកលើព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ដោយសង្កត់ធ្ងន់ថា មិនបានជួយអ្វីទាំងអស់ក្នុងជម្លោះដែលកំពុងកើតមានឡើងនាពេលនេះ ។

តាមរយៈពាក្យសម្តីខាងលើនេះ បានធ្វើឲ្យមហាជន និងអ្នកសិល្បៈ ជាច្រើនបានចេញមុខប្រតិកម្មយ៉ាងខ្លាំង និងថ្កោលទោសទៅកាន់អ្នកនាង សុខ ស្រីមុំ ដែលបាននិយាយខុសពីការពិត និងហ៊ានប្រើពាក្យប្រមាថដល់អង្គព្រះមហាក្សត្រដែលជាទីគោរពដ៏ខ្ពង់ខ្ពស់របស់ប្រជារាស្ត្រខ្មែរនៅទូទាំងប្រទេស ។

ជាក់ស្តែង តារាសម្តែង និងជាពិធីការិនីនាង ឌួង ហ្សូរីដា ក៏បានចេញមុខឆ្លើយតបទៅកាន់អតីតតារាសម្តែងអ្នកនាង សុខ ស្រីមុំ ផងដែរ ដែលហ៊ាននិយាយប្រមាថមកលើព្រះមហាក្សត្រដោយមិនមានមូលដ្ឋានច្បាស់លាស់ ខណៈពេលដែលអតីតតារាភាពយន្តរូបនេះមិនដែលជួយអ្វីសោះដល់ប្រជាពលរដ្ឋកម្ពុជាអំឡុងមានការឈ្លានពានពីប្រទេសថៃ ។

តាមរយៈសំណេរបង្ហោះលើបណញតាមសង្គម ឌួង ហ្សូរីដា បានលើកឡើងថា សុំផ្ញើជូនទៅអ្នកមីង«សុខ ស្រីមុំ» ដែលជាអតីតតារាសម្តែងរបស់កម្ពុជាផង ..! បើមីងមិនបានជួយអ្វីមួយកាក់មួយសេនដល់ប្រជាជនខ្មែរទេ សូមមីងកុំមកប្រមាថជេស្តាព្រះមហាក្រត្រខ្មែរ និងសម្តេចម៉ែ ជាទីគោរពដ៏ខ្ពង់ខ្ពស់របស់ប្រជាជនខ្មែរទាំងអស់គ្នា ។

នាងបន្តថា ទោះបីលោកមិនអាចយកអំណោយទៅចែកជូនប្រជាជនផ្ទាល់ ប៉ុន្តែសូមបើកភ្នែកមើលអោយច្បាស់ថា ទាំងនេះព្រះរាជអំណោយរបស់ព្រះអង្គទាំងទ្វេរចែកជូនកូនចៅប្រជារាស្ត្រកម្ពុជានៅខេត្តឧត្តរមានជ័យ មុនថ្ងៃទី៣០ កក្កដា ២០២៥ មកម្ល៉េះ ក្នុងនោះ ក៏នៅមានព្រះរាជឧបត្ថម្ភជូនដល់ស្ថាបន័ផ្សេងៗក្នុងបុព្វហេតុបារម្ភពីសុខទុក្ខកូនចៅគ្រប់ពេល ។

នាងបញ្ជាក់ថា ផ្តាំទៅអ្នកប្រឆាំងផ្កាប់មុខទាំងអស់ផង ! កុំពូកែតែខាងចាប់កំហុសខ្មែរគ្នាឯងទាំងដែលខ្លួនឯងមិនបានជួយអ្វីបន្តិចសោះដល់ប្រជាជាតិមាតុភូមិ..! បើពូកែណាស់ សូមផ្តល់ជំនួយដូចជាស្បៀង អាវក្រោះ ថវិកា មកក៏បាន យកមកជូនបងប្អូនភៀសសឹក
ពូៗវីរៈកងទ័ព អោយស្រុះគ្នាដូចប្រជារាស្ត្រសាមញ្ញធម្មតា សូម្បីតែលោកតា លោកយាយ ជាអ្នកសុំទាន រស់មួយថ្ងៃដើម្បីមួយថ្ងៃ ក៍គាត់មានទឹកចិត្តយកលុយដែលសុំគេបាន មកចូលរួមជួយកងទ័ពដែរ ។
ចុះពួកអ្នកឯងវិញ ជួយអ្វីបានខ្លះហើយ ក្រៅពីស្រែកជំទាលពីក្រៅប្រទេស អោយអន្តរជាតិឃើញតែភាពអវិជ្ជមានរបស់ជាតិសាសន៍ខ្លួនឯងនោះ? ឈប់បាន ឈប់ទៅ ពូមីងជ្រុលនិយមទាំងឡាយ ។

ជាការកត់សម្គាល់ បន្ទាប់ពីបញ្ចេញរូបភាពវីដេអូជេរប្រមាថព្រះមហាក្សត្រពីអ្នកនាង សុខ ស្រីមុំ មិនទាន់បានប៉ុន្មានផងនោះ អតីតតារាសម្តែងរូបនេះក៏បានលុបវីដេអូនោះចេញវិញភ្លាមៗ បន្ទាប់ពីមានមហាជនជាច្រើនសន្ធឹកសន្ធាប់បានធ្វើការថ្កោលទោស និងស្តីបន្ទោសទៅលើរូបនាងដូចទឹកបាក់ទំនប់ ។
យ៉ាងណា រហូតមកទល់នាពេលនេះ គេនៅមិនទាន់ឃើញអ្នកនាង សុខ ស្រីមុំ ដែលកំពុងរស់នៅលើទឹកដីអាមេរិកនោះចេញមុខបកស្រាយ ឬក៏សុំទោសជាសាធារណៈចំពោះកំហុសដ៏ធំដែលនាងបានធ្វើនាពេលនេះឡើយ ៕
ចែករំលែកព័តមាននេះ